ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រសួងរ៉ែនិងថាមពលបានប្រកាសជ្រើសរើសក្រុមហ៊ុនដែល ស្របច្បាប់ដើម្បីធ្វើអាជីវកម្មដីល្បាយខ្សាច់នៅ ទីតាំងចំនួន ៧ ក្នុងភូមិសាស្ត្រខេត្តកោះកុង ចំនួន៣ទីតាំង និងខេត្តព្រះសីហនុ ចំនួន៤ទីតាំង ។
ប្រភពពីក្រសួងបានអះអាងថា ទីតាំងទី១ ស្ថិតនៅឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង មានទំហំ ១០៩ហិកតា ទីតាំងទី២៖ ស្ថិតនៅឃុំអណ្តូងទឹក និងឃុំកណ្តាល ស្រុកបូទុមសាគរ ខេត្តកោះកុង មានទំហំ ៨៨២ហិកតា។
ប្រភពដដែលបានបន្តថា ទីតាំងទី៣ ស្ថិតនៅឃុំដងពែង ឃុំជីខក្រោម និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង មានទំហំ ៤៦៤ហិកតា ហើយទីតាំងទី៤៖ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទំហំ ៣១៨,៧០ហិកតា និង ទីតាំងទី៥៖ ស្ថិតនៅឃុំ ទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទំហំ ៨១,៥០ហិកតា ទីតាំង ទី៦៖ ស្ថិតនៅឃុំរាម និងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទំហំ ២២៨ហិកតា ហើយទីតាំងទី៧៖ ស្ថិតនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទំហំ ៦០ហិកតា។
ប្រភពដដែលបានបន្តថាក្រុមហ៊ុនដែលមានបំណងចង់ចូលរួមប្រកួតប្រជែងនៅទីតាំង ខាងលើ អាចចាត់តំណាងស្របច្បាប់ ឬប្រធានក្រុមហ៊ុនមកទទួលពាក្យ និងចុះឈ្មោះចូល រួមប្រកួតប្រជែងនៅនាយកដ្ឋានអាជីវកម្មរ៉ែខ្សាច់សំណង់ អគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពល ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅរៀងរាល់ម៉ោងធ្វើការដោយភ្ជាប់មកជាមួយនូវច្បាប់ចម្លងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ដែលមាន ការបញ្ជាក់ត្រឹមត្រូវ ហើយចំពោះអ្នកតំណាងត្រូវមានសិទ្ធិប្រទានពីប្រធាន ក្រុមហ៊ុន។
ក្រុមហ៊ុនមួយអាចទទួលពាក្យស្នើសុំច្រើនទីតាំងបាន ប៉ុន្តែក្រុមហ៊ុនដែលមានសម្ព័ន្ធភាព ជាមួយគ្នាឬមានប្រភពតែមួយអាចទទួលយកឯកសារប្រកួតប្រជែងបានតែមួយគត់ សម្រាប់មួយទីតាំង។
ក្រុមហ៊ុនដែលទទួលបានពាក្យស្នើសុំត្រូវមកចូលរួមប្រជុំស្តាប់ការណែនាំអំពីនីតិវិធីប្រកួតប្រជែង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទីព្រឹក នៅសាលប្រជុំអគ្គនាយក ដ្ឋានប្រេងកាតនៃ ក្រសួងរ៉ែនិងថាមពល អាសយដ្ឋានអគារលេខ១៣, ១៤មហាវិថីសហព័ន្ធ រុស្ស៊ី ( ១១០) រាជធានីភ្នំពេញ៕/PC