ដោយ: មុនីរ័ត្ន / ភ្នំពេញ: ក្រសួងមហាផ្ទៃបានបើកកិច្ចប្រជុំក្រុមការងារ ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) នៅនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។ កិច្ចប្រជុំដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC ដោយមានការអញ្ជើញចូលរួមពី អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ប្រធានលេខាធិការដ្ឋាន និងសមាជិក សមាជិកាក្រុមការងារ SOMTC ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។
គោលបំណងនៃកិច្ចប្រជុំក្រុមការងារក្រសួងមហាផ្ទៃ ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន (SOMTC) មានចំនួន៣ រួមមាន ៖
ទី១-ប្រកាសសមាសភាពក្រុមការងារ SOMTC ដែលក្រសួងមហាផ្ទៃបានរៀបចំឡើង។
ទី២-ស្វែងយល់អំពីប្រវត្តិខ្លឹមសារទាក់ទងទៅនឹងក្រុមការងារ SOMTC ។
ទី៣-ទិសដៅបន្ដអនុវត្តក្នុងក្របខណ្ឌសេនាធិការក្រសួងមហាផ្ទៃ ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងក្របខណ្ឌអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន។
ក្រុមការងារ SOMTC ក៏មានតួនាទីជាច្រើន ដូចជា ៖ ប្រឆាំងឧក្រិដ្ឋកម្មឆ្លង, ប្រឆាំងអំពើលួចលើផ្ទៃសមុទ្រ, ប្រឆាំងបទល្មើសបច្ចេកវិទ្យា, ប្រឆាំងបទល្មើសសេដ្ឋកិច្ចអន្ដរជាតិ ព្រមទាំង ប្រឆាំងបទល្មើសជួញដូរសត្វព្រៃ និងឈើខុសច្បាប់។ បន្ថែមពីនេះ ក្រុមការងារ SOMTC ក៏មានតួនាទី ចូលរួមកិច្ចប្រជុំ និងសិក្ខាសាលានានា ដើម្បីពង្រីងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ ឧក្រិដ្ឋឆ្លងដែន ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។
នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានលើកទឹកចិត្តដល់ក្រុមការងារ SOMTC ត្រូវរួបរួមគ្នាធ្វើការងារឲ្យទទួលបានជោគជ័យ នៅក្នុងក្របខណ្ឌសមូហភាព ដើម្បីឲ្យតំណាងក្រសួងមហាផ្ទៃ ជាពិសេសតំណាងកម្ពុជា ចូលរួមវេទិការនានា របស់អាស៊ានពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីឲ្យមានលទ្ធភាពក្នុងការចូលរួមចំណែកជាមួយបណ្ដាប្រទេសដទៃទៀត ក្នុងសមាជិកអាស៊ាន។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ប្រធានក្រុមការងារ SOMTC ក៏បានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងធ្វើការងារឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យផងដែរ។ ឯឧត្តម នាយឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើដល់ក្រុមការងារ SOMTC ត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះការងាររៀងៗខ្លួន ហើយឯកឧត្តម មានក្ដីសង្ឃឹមថា ក្រុមការងារ SOMTC មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើការងារទាំងនេះ៕