ដោយ:ដេប៉ូ/ភ្នំពេញ: ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់សេវាសាធារណៈពាក់ព័ន្ធវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារបានឱ្យដឹងថាការដាក់ឱ្យប្រើប្រាស់ពីសេវាសាធារណៈពាក់ព័ន្ធវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាប្រព័ន្ធស្វ័យប្រវត្តិកម្មមួយនេះគឺ មានគោលបំណងដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងស្របតាមសំណើរបស់វិស័យឯកជននៅក្នុងក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
សេចក្តីប្រកាសនេះបានឱ្យដឹងដែរថាការដាក់ឱ្យដំណើរការសេវាសាធារណៈពាក់ព័ន្ធវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈតាមប្រព័ន្ធស្វ័យប្រវតិ្កកម្មចាប់ពីថ្ងៃទី១១ ខែមករា ចំពោះសេវាសាធារណៈ ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ថ្នាក់កណ្តាលក្រសួងការងារ។ ដោយឡែកចំពោះសេវាសាធារណៈដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងអង្គភាពច្រកចេញ-ចូលតែមួយរាជធានី ខេត្ត នឹងត្រូវឱ្យដាក់ដំណើរការចាប់ពីថ្ងៃទី១ ខែមីនាតទៅ៕