Home ព័ត៌មានជាតិ នយោបាយ គណបក្ស​ហ្វ៊ុន...

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ថ្កោលទោស​ទណ្ឌិត សម រង្ស៊ី ប្រមាថ​ព្រះមហាក្សត្រ​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានធ្វើការ​ថ្កោលទោស​យ៉ាង​ដាច់អហង្កា​ចំពោះ​ទណ្ឌិត សម រង្ស៊ី ដែល​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​ប្រមាថ​អង្គ​ព្រះមហាក្សត្រ កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ និង​ការសម្ភាសន៍​ក្នុង វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១​។​

​យោងតាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានចាត់ទុក​ខ្លឹមសារ​ដែល​ទណ្ឌិត សម រង្ស៊ី បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម គឺជា​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ និង​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​ព្រះរាជ​កិត្តិនាម​របស់​អង្គ​ព្រះមហាក្សត្រ នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ប្រជានុរាស្ត្រ​ខ្មែរ​។​

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច យល់ឃើញថា ការកាត់ទោស​ទណ្ឌិត​សម រង្ស៊ី មេ​ចលនា​ឧទ្ទាម​ក្រៅច្បាប់ ឲ្យ​ជាប់ពន្ធនាគារ​៤​ឆ្នាំ​ទៀត ពីបទ​ប្រមាថ​ព្រះមហាក្សត្រ ពិតជា​ត្រឹមត្រូវ​។​
​ជាមួយគ្នានេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានធ្វើ​ការបញ្ជា​ក់នូវ​ការប្តេជ្ញា ចិត្ត​យ៉ាង​ប្តូរផ្តាច់​ការពារ​របប​រាជានិយម និង​ព្រះរាជ​បល្ល័ង្ក ស្របតាម​រដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រ​កម្ពុជា ។​

​សូមជម្រាបថា តុលាការ​បានសម្រេច​ចោទប្រកាន់​ទណ្ឌិត សម រង្ស៊ី ពីបទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ដោយ​អនុលោម​តាម​មាត្រា ៤៣៧ (​ស្ទួន​) នៃ​ក្រមព្រហ្មទណ្ឌ​ដែល​ត្រូវ​ប្រឈម​នឹង​ការ​ផ្តន្ទា​ន​ទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ ៥​ឆ្នាំ​។ ការចោទប្រកាន់​នេះ គឺ​ដោយ​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​ការចោទប្រកាន់​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០​បាន​ផ្ញើលិខិត​មួយ​ទៅ​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឱ្យ​ចាត់វិធានការ​តាមច្បាប់​ជាបន្ទាន់ និង​តឹងរឹង​បំផុត ចំពោះ​ទណ្ឌិត សម រ​ង្ស៉ី ដែល​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​កម្ពុជា​។​

​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ចាត់ទុកថា «​ខ្លឹមសារ​នៃ​សារ​ដែល​ឈ្មោះ​សម រ​ង្ស៉ី បាននិងកំពុង​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាមរយៈ​បណ្តាញ​សង្គម​នេះ គឺជា​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ដោយបាន​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេចក្តីថ្លៃថ្នូរ និង​ព្រះកិត្តិនាម​របស់ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជារាស្ត្រ​ខ្មែរ​ទូទាំងប្រទេស​»​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ទង្វើ​នេះ​គឺជា​ការរំលោភបំពាន​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវ​បានកំណត់​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល មានចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​នៃ​មាត្រា​៤៣៧​ស្ទួន នៃ​ក្រមព្រហ្មទណ្ឌ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular