ខេត្តសៀមរាប ទុក​រយៈពេល ១៥ ថ្ងៃ ឱ្យ​ពលរដ្ឋ រុះរើ​សំណង់​លំនៅដ្ឋាន ទីតាំង​អាជីវកម្ម ចេញពី​ដី​ចំណីផ្លូវ​

ដោយៈ បាយ័ន / សៀមរាបៈ រដ្ឋបាល​ខេត្តសៀមរាប បានចេញ​ជូនដំណឹង​មួយ កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ ដោយ​ទុក​រយៈពេល ១៥ ថ្ងៃ ជូន​ដល់​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន និង​ជា​ម្ចាស់​ទីតាំង​អាជីវកម្ម រុះរើ​សំណង់ សម្ភារ និង​ទ្រព្យសម្បត្តិ ផ្សេងៗ​ទៀត​ដោយ ខ្លួនឯង ដែល​ស្ថិតនៅ​លើដី​ចំណីផ្លូវ ចាប់ពី​ស្តុ​ប​សុខា រហូតដល់​ស្ថានីយ​បូម​វត្ត​ចក ។​

​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​ខេត្តសៀមរាប ដែល​រស្មី​កម្ពុជា ទើប​ទទួលបាន នៅ​រសៀល ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ នេះ បាន​ជូនដំណឹង ស្ដីពី​ការអនុវត្ត គម្រោង​ជួសជុល​និង​កែ លម្អ​ផ្លូវ​ស៊ី​វុត្ថា ចាប់ពី​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ចំណុច​ស្តុ​ប សណ្ឋាគារ​សុខា​អង្គរ​ដល់​រង្វង់ មូល​នាគ​បាញ់​ទឹក និង​ផ្លូវ​លេខ​២៦៧ ចាប់ពី​ចំណុច​ផ្លូវ​វាង​ក្រុង ដល់​ស្ថានីយ​បូម​វត្ត​ចក ដែល​អនុវត្ត​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​ជំនួយ​ឥណទាន​របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាពេល​ខាងមុខនេះ ខណៈ​កន្លងមក ខ្សែ​ផ្លូវ​ទាំងពីរ​នេះ ក្រុមការងារ​ជំនាញ សហការ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​វាស់វែង តាម​ការសម្រេច នៃ​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ (LMAP) ដែល​បាន​ចុះបញ្ជី​ដីធ្លី​ជូន​បងប្អូន​ប្រជា ពលរដ្ឋ រួចហើយ ។​

​សេចក្ដីជូនដំណឹង បាន​បញ្ជាក់ថា ដើម្បីឱ្យ​ការអនុវត្ត គម្រោង​ជួសជុល និង​កែលម្អ​ផ្លូវ​ទាំង ពីរ​ខ្សែ ខាងលើនេះ ប្រព្រឹត្ត​ទៅដោយ​រលូន និង​សម្រេចបាន ស្របតាម​ផែនការ ដែល​បាន​គ្រោងទុក សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ជា​ម្ចាស់​ទីតាំង​អាជីវកម្ម លំនៅដ្ឋាន នៅ​អម​សងខាង​ផ្លូវ ចូលរួម​សហការ​រុះរើ​សំណង់ សម្ភារ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទៀត ដែល​នៅលើ​ដី​ចំណីផ្លូវ ដោយ​ខ្លួនឯង ក្នុង​រយៈពេល ១៥​ថ្ងៃ ជា​កំហិត គិត​ចាប់​ពីថ្ងៃ ចេញ​សេចក្តីជូនដំណឹង​នេះ ហើយ​ក្នុងករណី ពុំបាន​រុះរើ តាម​ការកំណត់ រដ្ឋបាលខេត្ត នឹង​ចាត់វិធានការ រុះរើ​តាម​នីតិវិធី និង​ច្បាប់​ជា​ធរមាន ដោយ​មិន​ទទួលខុសត្រូវ រាល់​ការខូចខាត និង​បាត់បង់​ទ្រព្យសម្បត្តិ របស់​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular