ដោយ: ជាសីហ:/ភ្នំពេញ: ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃនេះបានប្រកាសថា នាពេលថ្មីៗនេះ ការវាយប្រហារតាម WhatsApp កំពុងកើតឡើងគួរឱ្យកត់សម្គាល់។
ប្រភពដដែលបានបន្តថា ចោរបច្ចេកវិទ្យា (hackers) បានធ្វើការវាយប្រហារដោយក្លែងបន្លំធ្វើជាផ្ញើសារតាម WhatsApp ទៅកាន់អ្នកប្រើប្រាស់ (ជនរងគ្រោះ) ដែលអាច មានខ្លឹមសារថា “Sorryl I sent 6-digit code by SMS by mistake. Can you transfer it to me? It is urgent”។ ខ្លឹមសារនៃសារនេះក៏អាចត្រូវបានផ្ញើពីមិត្តភក្តិ ឬអ្នកដែលយើងស្គាល់ផងដែរ ក្នុងករណីដែល WhatsApp របស់បុគ្គល នោះត្រូវបានគេលួចរួចហើយ។
ប្រភពដដែលបានបន្តថា ក្រោយអ្នកប្រើប្រាស់បញ្ជូនលេខកូដ ៦-ខ្ទង់ដែលបានពីក្រុមហ៊ុន WhatsApp នោះ ចោរបច្ចេកវិទ្យាអាចមានលទ្ធភាព Log ចូលគណនី WhatsApp របស់អ្នកប្រើប្រាស់ ដោយប្រើលេខកូដ ៦-ខ្ទង់នោះ និងលេខទូរសព្ទរបស់អ្នកប្រើប្រាស់បានដោយជោគជ័យ។
ដូចនេះ ដើម្បីជៀសវាងការធ្លាក់ទៅក្នុងអន្ទាក់បោកប្រាស់របស់ចោរបច្ចេកវិទ្យា អ្នកប្រើប្រាស់ WhatsApp ទាំងអស់គួរតែត្រួតពិនឿទៅលើខ្លឹមសារ និងគណនីរបស់បុគ្គលដែលបានផ្ញើសារមកឱ្យបានច្បាស់លាស់ និងមិនគួរធ្វើ តាមការទាមទារនោះទេ។ ក្នុងករណីសង្ស័យ អ្នកប្រើប្រាស់គួរតែទូរសព្ទទៅសាកសួរម្ចាស់គណនីដោយផ្ទាល់តែម្តង។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលបានដឹងថា ម្ចាស់គណនីមិនមែនជាម្ចាស់គណនីពិតប្រាកដ អ្នកប្រើប្រាស់អាចបិទ (Block) ការទទួលសារ គណនីនោះ តាមរយៈការជ្រើសរើសយកពាក្យជាភាសាអង់គ្លេស ដែលមានពាក្យថា “Block”។ សូមបញ្ជាក់ថា ពី អ្នកប្រើប្រាស់ទាំងអស់មិនត្រូវផ្ញើលេខកូដ ៦-ខ្ទង់ទៅឱ្យអ្នកដទៃនោះទេ បើទោះជាមនុស្សដែលស្គាល់គ្នា ឬធ្លាប់ផ្ញើសារ (chat) ជាមួយគ្នារាល់ថ្ងៃក៏ដោយ ជាពិសេស លេខកូដ ៦-ខ្ទង់នៃកម្មវិធីបណ្តាញសង្គម ដូចជា WhatsApp, Telegram,
Messenger, Viber, Line, ឬកម្មវិធីប្រើប្រាស់សេវាធនាគារតាមទូរសព្ទ ជាដើម។ ក្នុងករណីបាត់បង់គណនី WhatsApp ដោយសារបញ្ហាខាងលើ អ្នកប្រើប្រាស់អាចព្យាយាម log ចូលគណនី WhatsApp របស់ខ្លួនសារជាថ្មីម្តងទៀត ដើម្បីទទួលបានការកាន់កាប់មកវិញ។
សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយ បច្ចេកទេសបន្ថែមលើករណីនេះ តាមរយៈអ៊ីម៉ែល incident@camcert.gov.kh ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨៕