រកឃើញ​ថ្នាំញៀន​ចំនួន​៣៤​កញ្ចប់ លើ​ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​តំបន់​មិន​រៀបរយ​

1560
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ សហការ​ជាមួយ​នគរបាល​ជំនាញ​ផ្នែក​គ្រឿងញៀន​ខណ្ឌមានជ័យ បាន​ដឹកនាំ​កម្លាំង​ល្បាត ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ខណៈដែល​ឃើញ​ជនសង្ស័យ​ខាងលើ កំពុង​អង្គុយ​លើ​ម៉ូតូ​រេរា​នៅ​ចំណុច​តំបន់​មិន​រៀបរយ និង​ធ្វើការ​ឆែកឆេរ រកឃើញ​ថ្នាំញៀន​សរុប​ចំនួន​៣៤​កញ្ចប់ ក្នុងនោះ​មាន​២​កញ្ចប់​ធំ​។ ការឃាត់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​តំបន់​មិន​រៀបរយ ផ្លូវ​៦០​ម៉ែត្រ ក្រុម​៨ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​លោក អ៊ុ រតនា នាយ​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​បាន ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ មាស ពិសា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់នៅ​មិន​ពិតប្រាកដ ដកហូត​បាន​ក្រាម​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន សរុប​ចំនួន​៣៤​កញ្ចប់ តែ​ក្នុងនោះ​មាន​២​កញ្ចប់​ធំ​ល្មម​។​

​តាម​ការរៀប​រាប់រប​ស់នាយ​នគរបាល​ខាងលើ គឺ​មុននឹង​ឈានដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ ដោយមាន​បទបញ្ជា ពី​សំណាក់​លោក​វរសេនីយ៍ឯក តេង ស៊ី​ណូ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ទើប​កម្លាំង​ប៉ុស្តិ៍​ចាក់អង្រែលើ សហការ​ជាមួយ​នគរបាល​ជំនាញ​ផ្នែក​គ្រឿងញៀន​ខណ្ឌមានជ័យ បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ លុះ​ចំណុច​តំបន់​មិន​រៀបរយ​ខាងលើ ក៏​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់ កំពុង​ឈប់​ម៉ូតូ​អង្គុយ​រេរា ដោយមាន​ការសង្ស័យ សមត្ថកិច្ច​បាន​ឃាត់ ដើម្បី​ធ្វើការ​ពិនិត្យ​និង​ឆែកឆេរ ស្រាប់តែ​រកឃើញ​ក្រាម​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន​ចំនួន ១២​កញ្ចប់​តូច និង​ធំ​ជាប់​ខ្លួន និង​បន្ត​រកឃើញ​នៅក្នុង​ប្រអប់ ចំនួន​២០​កញ្ចប់​បន្ថែមទៀត សរុប​ទាំងអស់​៣៤​កញ្ចប់ ក្នុងនោះ​មាន​២​កញ្ចប់​ធំ​ល្មម បញ្ជូន​មកកាន់ ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចាក់អង្រែលើ ដើម្បី​សាកសួរ​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ចាក់អង្រែលើ ធ្វើការ​សាកសួរ​និង​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ឃាត់ខ្លួន​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់ សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្តទៀត​៕