ដោយៈសរិទ្ធ / កណ្តាលៈ នាល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ លោក ថោង ផល្លារង្ស៊ី ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ លើលោកផ្កាយ ១ យោធា ដែលយកកាំភ្លើង វាយសន្តិសុខបែកក្បាល បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ។
យោធាផ្កាយ១ រូបនេះ ត្រូវបានចោទប្រកាន់ ពីបទ ប្រើប្រាស់អាវុធ ខុសច្បាប់ តាមមាត្រា ២០ ច្បាប់ស្តីពីការគ្រប់គ្រង អាវុធគ្រឿងផ្ទុះ និងបទហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ។ អំពើហិង្សានេះ កើតឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១២:៣០នាទី រសៀល នៅចំណុចមន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង ស្ថិតក្នុងភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
តុលាការ ឃុំខ្លួនមន្ត្រីយោធា ដែលយកកាំភ្លើង វាយសន្តិសុខបែកក្បាល បណ្តាលអោយរងរបួសធ្ងន់ធ្ងរ
សមត្ថកិច្ច បានថ្លែងថាៈ ជនរងគ្រោះ ឈ្មោះ ច្រឹក ស៊ីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យ ឈ្មោះ ហេង គាហុង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ បុគ្គលិកមន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង និងជាមន្ត្រីយោធា ពាក់ផ្កាយ១ ។ ជនរងគ្រោះ ទទួលរងនូវ ការរងរបួស បែកក្បាលផ្នែកខាងឆ្វេង លើត្រចៀក១កន្លែង និង ដេរអស់ ៣ ថ្នេរ ។ វត្ថុតាងចាប់យក រួមមាន អាវុធខ្លី មួយដើម ម៉ាក CF98 មានបង់ចំនួនមួយ និង គ្រាប់ចំនួនមួយ។
នៅមុនពេលកើតហេតុ ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨:០០នាទី ជនរងគ្រោះ បានទៅយាមជំនួសគេ មួយយប់ នៅ គ្លីនិក សុខ ម៉េង ។ នៅពេលយាម ដល់ម៉ោងប្រហែល ៥ ទៀបភ្លឺ ក៏មានមនុស្សប្រុសម្នាក់ មកសួរជនរងគ្រោះថា «ពូសន្តិសុខ យាមនៅហ្នឹង រាល់ថ្ងៃ ទៅណាហើយ» ជនរងគ្រោះ ឆ្លើយថា គាត់សម្រាកមួយថ្ងៃហើយ ដោយខ្ញុំយាមជំនួសវិញ ។ ពេលនោះ មនុស្សប្រុសម្នាក់នោះ បានខ្ចីលុយ ពីជនរងគ្រោះ ចំនួន ៣ ពាន់រៀល ហើយជនរងគ្រោះ ក៏ឱ្យលុយខ្ចី ចំនួន ៣ ពាន់រៀល ហើយមនុស្សប្រុសនោះ ក៏ដើរចេញទៅវិញ ដោយឃើញមានពាក់ស្បែកជើង ចេញទៅដែរ ។
តុលាការ ឃុំខ្លួនមន្ត្រីយោធា ដែលយកកាំភ្លើង វាយសន្តិសុខបែកក្បាល បណ្តាលអោយរងរបួសធ្ងន់ធ្ងរ
លុះដល់ម៉ោង ៦ ព្រឹក ទើបជនរងគ្រោះ ចេញទៅផ្ទះវិញទៅ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨ ព្រឹក ជនសង្ស័យ បានបាត់ស្បែកជើងស៊កស្បែក ចំនួនមួយគូ ដែលដោះទុក នៅមាត់ទ្វារចូល គ្លីនិករបស់ខ្លួន ធ្វើការដោយជនសង្ស័យ គិតថា បងប្អូនអ្នកជំងឺ យកពាក់សិន ទើបមិនរក ។ រហូតដល់ម៉ោង ៨ យប់ ថ្ងៃទី៣ ដដែល មិនឃើញស្បែកជើងទៀត ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើល ឃើញបុរសម្នាក់ បានឈរនិយាយ ជាមួយជនរងគ្រោះ និងហុចលុយឱ្យជនរងគ្រោះ ហើយបុរសនោះ បានពាក់យកស្បែកជើង របស់ជនសង្ស័យ ដើរចេញទៅ។ បន្ទាប់ពីឆែកកាមេរ៉ាសុវត្ថិភាពហើយ ជនសង្ស័យ បានទាក់ទងទៅខាង ក្រុមហ៊ុនសន្តិសុខ ដើម្បីហៅជនរងគ្រោះ មកជជែកគ្នា ឱ្យដឹងសាច់រឿង។
រហូតដល់ថ្ងៃទី៤ ខែមករា វេលាម៉ោង ១០ព្រឹក ជនសង្ស័យ បានណាត់ជាមួយក្រុមហ៊ុនសន្តិសុខ ឱ្យនាំជនរងគ្រោះ មកជជែកគ្នា នៅក្នុងគ្លីនិក តែមិនឃើញមកសោះ ទើបជនសង្ស័យ ខឹងក៏ជិះឡានទៅផ្ទះ នៅម្ដុំផ្សារជម្ពូវ័ន រាជធានីភ្នំពេញ វិញទៅ។
តុលាការ ឃុំខ្លួនមន្ត្រីយោធា ដែលយកកាំភ្លើង វាយសន្តិសុខបែកក្បាល បណ្តាលអោយរងរបួសធ្ងន់ធ្ងរ
រហូតដល់ម៉ោង ១២ រសៀល ថ្ងៃទី៤ ខែមករា នេះ ទើបក្រុមហ៊ុនសន្តិសុខ ទៅដល់គ្លីនិក មិនឃើញជនសង្ស័យ ក៏ទូរស័ព្ទ ហៅជនសង្ស័យ មកជជែកគ្នាវិញ។ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យ ទៅដល់គ្លីនិក ឃើញជនរងគ្រោះ ឈរនៅមុខ ហើយក៏យកកាំភ្លើងខ្លី ពីចង្កេះខោ មកវាយទៅលើជនរងគ្រោះ ចំក្បាលផ្នែកខាងឆ្វេង បណ្តាលឱ្យដួល ហើយជនសង្ស័យ ក៏ដើរចូល ក្នុងគ្លីនិកបាត់ទៅ ។ ចំណែកជនរងគ្រោះ ត្រូវបានបុគ្គលិកពេទ្យ យកទៅលាងរបួស និងដេរ ចំនួន ៣ ថ្នេរ។ បន្ទាប់មក ជនរងគ្រោះ បានទូរស័ព្ទ រាយការណ៍ឱ្យសមត្ថកិច្ច ទើបសមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួន ជនសង្ស័យ រួមទាំងវត្ថុតាង ដើម្បីសាកសួរ ។
តាមចម្លើយសារភាព របស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកកាំភ្លើង ទៅវាយជនរងគ្រោះពិតមែន ដោយសារខឹង ជួលឱ្យមកយាម បែរជាត្រូវគ្នា ជាមួយចោរទៅវិញ ដើម្បីលួចស្បែកជើងរបស់ខ្លួន ។
សូមបញ្ជាក់ថា តាមការឆែកកាមេរ៉ាសុវត្ថិភាព ឃើញថា មានមនុស្សប្រុសម្នាក់ បានមកហុចលុយឱ្យជនរងគ្រោះ ប្រាកដមែន ៕/V