Home ព័ត៌មានសំខាន់ៗ បដិសេធ​ឃាតកដែ...

បដិសេធ​ឃាតកដែល​បាន​បាញ់សម្លាប់ មន្ត្រីនគរបាល ពុំមែន​ជា​យោធិន នៅក្នុង​បញ្ជាការដ្ឋាន ទ័ព​ពិសេស​នោះទេ​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ បញ្ជាការដ្ឋាន​ទ័ព​ពិសេស (​អតីត​កងពលតូច ទ័ព​ពិសេស​ឆត្រយោង ៩១១) បាន​បដិសេធ និង​ច្រានចោល ចំពោះ​ការផ្សព្វផ្សាយ របស់​បណ្តាញ​សង្គម និង​សារព័ត៌មាន​មួយចំនួន ដែល​បាន​ផ្សាយ​ថា ឃាតកដែល បាន​បាញ់សម្លាប់ នាយរង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ក្នុង​បញ្ហា​ទំនាស់ គ្រោះថ្នាក់​ចរាចរ ជា​ទាហាន នៅ​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង ៩១១ គឺ​ពុំមែន​ជា​យោធិន នៅក្នុង​បញ្ជាការដ្ឋាន ទ័ព​ពិសេស​នោះទេ​។​

​យោងតាម​លិខិត​បដិសេធ របស់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស (​អតីត​កងពលតូច​ទ័ព​ពិសេស ឆត្រយោង​៩១១ ) នៅ​ថ្ងៃទី​៥ ខែមករា នេះ បាន​បដិសេធ​យ៉ាង​ដូច្នេះ​ថាៈ ” ក្នុងនាម​មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន បញ្ជាការដ្ឋាន ទ័ព​ពិសេស (​អតីត​កងពលតូច​ទ័ព​ពិសេស ឆត្រយោង​៩១១) សូម​ធ្វើការ​បដិសេធ និង​បញ្ជាក់ថា ឃាតកដែល​បាន​បាញ់សម្លាប់ មន្ត្រីនគរបាល ក្នុង​បញ្ហា​ទំនាស់ គ្រោះថ្នាក់​ចរាចរ ពុំមែន​ជា​យោធិន នៅក្នុង​បញ្ជាការដ្ឋាន ទ័ព​ពិសេស​នោះទេ​។ យើងខ្ញុំ​ទាំងអស់គ្នា សូម​បដិសេធ ដាច់អហង្កា ចំពោះ​ការផ្សព្វផ្សាយ តាម​បណ្តាញ​សង្គម Facebook មួយចំនួន ដែល​ចេះតែ​ស៊ែរ​បន្ត​គ្នា និង​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ ថា​ជនល្មើស រូបនោះ ជា​យោធិន​របស់ បញ្ជាការដ្ឋាន​ទ័ព​ពិសេស និង​មាន​ឋានន្តរស័ក្តិ ជា​ឧ​ត្ត​ម​សេនីយ​ត្រី ជាហេតុ​ធ្វើឱ្យប៉ះពាល់ ដល់​កិត្តិយស អង្គភាព​របស់​យើងខ្ញុំ ហេតុនេះ សូម​ម្ចាស់​គណនី Facebook ទាំងនោះ កែតម្រូវ​ព័ត៌មាន​នោះ ជាថ្មី​ឡើងវិញ រង់ចាំ​សមត្ថកិច្ច​ជំនាញ ស្រាវជ្រាវ ចាប់​ជនល្មើស យកមក​ផ្តន្ទាទោស ទៅតាម​ច្បាប់​” ។​

​ប្រភព​ដដែល បាន​ព្រមាន​ថាៈ ” បើសិនជា​នៅតែមាន​ម្ចាស់ Facebook ណា​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន មិន​ពិត ដែល​គ្មាន​ប្រភព ជាក់លាក់ ធ្វើឱ្យប៉ះពាល់​ដល់ កិត្តិយស​អង្គភាព របស់​យើងខ្ញុំ យើងខ្ញុំ​ទាំងអស់គ្នា​ជា​នាយទាហាន នាយ ទាហាន​រង និង​ពលទាហាន ទូទាំង​បញ្ជាការដ្ឋាន ទ័ព​ពិសេស សូម​ប្ដឹង​ដល់​ក្រសួង​មាន​សមត្ថកិច្ច ពិសេស​សមត្ថកិច្ច ផ្នែក​ពត៌មាន​វិទ្យា វែកមុខ​រក​ម្ចាស់​គណនី Facebook នោះ យកមក​ផ្តន្ទាទោស ចំពោះមុខ​ច្បាប់ ជា​ធរមាន ” ។​

​សូមជម្រាបថា ខ្មាន់កាំភ្លើង​ដែល​បាញ់សម្លាប់ នាយរង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​រត់គេចខ្លួន ទៅដល់​ខេត្ត​មណ្ឌល​គី​រី កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ ដើម្បី​គេច​ពី​ការ តាម​ចាប់ខ្លួន របស់​សមត្ថកិច្ច​។ នៅពេល​ទៅដល់ ខេត្ត​មណ្ឌល​គី​រី ខណៈដែល​សមត្ថកិច្ច បានដាក់​បា​រ៉ា​ស ត្រួតពិនិត្យ ស្រាប់តែ​ខ្មាន់កាំភ្លើង រូបនោះ បាន​បើករថយន្ត​បំ​បុក​បា​រ៉ា​ស់ រួច​បាន​រត់គេចខ្លួន ចូលទៅ​ក្នុងព្រៃ​។ ចំណែក​ប្រពន្ធ និង​កូន​របស់​ជនល្មើស និង​អ្នក​ទៅជា​មួយ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​ខ្មាន់កាំភ្លើង​ដែល​បាញ់សម្លាប់ នាយរង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ គឺ​ឈ្មោះ រ៉េ​ន​។​

​សូមជម្រាបថា សមត្ថកិច្ច បាន​ចាប់ខ្លួន​ជនសង្ស័យ​មា្ន​ក់ ទាក់ទង​ករណី​បាញ់សម្លាប់ នាយរង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​។ ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង នៅ​ចំណុច​ផ្ទះជួល ជិត​ប៉ាឆា​វត្ត​ទួល​តា​ឯក ស្ថិតក្នុង​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១​។ ជនសង្ស័យ​ដែល​សមត្ថកិច្ច ចាប់ខ្លួនបាន​នោះ ឈ្មោះ កែ ចាន់​មាន អាយុ​២៤​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​។ ជនសង្ស័យ មាន​លំនៅ នៅ​ភូមិ​អន្លង់​វិល ឃុំ​អ​ន្សា ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។​

 

ជនសង្ស័យ​ឈ្មោះ កែ ចាន់​មាន បាន​សារភាពថាៈ កាលពី​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ខ្លួន​បាន​ចេញពី​ផឹកស៊ី ហើយ​បើ​កក​រថយន្ត ជូន​ឈ្មោះ រ៉េ​ន ទៅផ្ទះ​នៅ​ម្តុំ​កំបូល ទាំង​ស្រវឹង​។ ពេលមកដល់ កន្លែងកើតហេតុ ខ្លួន​បាន​បើករថយន្ត បុក​គូទ​រថយន្ត ជនរងគ្រោះ ពីក្រោយ​។ បន្ទាប់មក ជនរងគ្រោះ បាន​បើករ​ថយ​ន្ក កាក់​រថយន្ត​របស់ខ្លួន និង​បាន​យក​កាំភ្លើងខ្លី ភ្ជង់​មកលើ​ខ្លួន ដើម្បីឱ្យ​អែប​គៀន ព្រមទាំង​ប្រើពាក្យ​សម្តី ជេរប្រមាថ មកលើ​ខ្លួន​ទៀតផង ទើប​ឈ្មោះ រ៉េ​ន មាន​កំហឹង ហើយ​ប្រាប់​ខ្លួន ឱ្យនៅ​ស្ងៀម ចាំ​ធ្វើ​តែ​តាម​គេ​ប្រាប់ បាន​ហើយ ។ ពេល​កំពុង​ចរចា​គ្នា រឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយ​ឃើញ​ជនរងគ្រោះ ធ្វេសប្រហែស ឈ្មោះ រ៉េ​ន ក៏បាន​ដក​កាំភ្លើងខ្លី ដែល​សៀត​នៅ​នឹង​ចង្កេះ បាញ់​ទៅលើ​ជនរងគ្រោះ រួច​ប្រាប់​ឲ្យ​ខ្លួន បើករថយន្ត​គេច ពី​កន្លែងកើតហេតុ​តែម្តង​។​

​សូមជម្រាបថា ករណី​បាញ់សម្លាប់​លោក រ៉េត ស៊ី​ណែ​ត (​ញ៉​ក់​) នាយរង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បានកើត​ឡើង កាលពី​វេលា​ម៉ោងជាង ១២ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​មហាវិថី សហព័ន្ធរុស្ស៊ី ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕/V​/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular