ដោយៈ ជាសីហៈ/ភ្នំពេញៈ អាជ្ញាធរជាតិអប្សរា រួមសហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានសហការយ៉ាងជិតស្និតក្នុងការព្រលែងសត្វព្រៃជាច្រើនប្រភេទឲ្យរស់នៅក្នុងព្រៃនៃឧទ្យានអង្គរដើម្បីលើកកម្ពស់ជីវចម្រុះ និងទាក់ទាញភ្ញៀវទេសចរ។
អាជ្ញាធរជាតិអប្សារា បានអះអាងថា សត្វព្រៃដែលបានព្រលែងកន្លងមករួមមាន ទោចម្កុដ ភេរលោង កេងកងតូច ស្វាព្រាម ឈ្លូស សំពោច និងឆ្មាដាវជាដើម។
ប្រភពដដែលបានបន្តថា ការព្រលែងសត្វព្រៃទាំងនេះ គឺដើម្បីធានាបាននូវស្ថានភាពនៃការរស់នៅបែបធម្មជាតិរបស់សត្វព្រៃទាំងនោះ ហើយ អ្នកជំនាញបានបង្រៀនឲ្យសត្វព្រៃទាំងនោះអាចរកចំណីបានដោយខ្លួនឯងក្នុងគោលបំណងឲ្យសត្វព្រៃទាំងនោះរស់នៅជៀសឆ្ងាយពីការទំនាក់ទំនងជាមួយមនុស្ស។
ដោយឡែក នៅពេលដំបូង ដើម្បីធានាការរស់រានមានជីវិតរបស់សត្វព្រៃទាំងនោះ អ្នកជំនាញបានរៀបចំជាទីកន្លែងជាក់លាក់សម្រាប់ផ្តល់ចំណីឲ្យពួកគេតាមទីតាំងពួកគេតែមួយកន្លែងប៉ុណ្ណោះ។
បន្ទាប់ពីសត្វព្រៃទាំងនោះអាចរស់នៅបានដោយខ្លួនឯងស្របតាមលក្ខណៈបែបធម្មជាតិហើយនោះ អ្នកជំនាញក៏នឹងបញ្ឈប់ផ្តល់ចំណីឲ្យសត្វព្រៃទាំងនោះទៀតដែរ៕