ដោយៈសាវរក្ស/ភ្នំពេញៈ បុរសជាងដែកម្នាក់ស្លាប់គួរឲ្យអណោចអធម៌ បន្ទាប់ពីជិះម៉ូតូសុខៗត្រូវរថយន្តមិនចាំម៉ាក បុកពីក្រោយផ្លោងជាច្រើនម៉ែត្រ រថយន្តបង្កបើកគេចបាត់ស្រមោល។ ហេតុការណ៍នេះ កើតឡើងនៅវេលា ម៉ោង៩ និង២០នាទីយប់ ថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រចំណុចជិតច្រកចូលសាលាខណ្ឌមានជ័យ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
សពជនរងគ្រោះមានឈ្មោះ ផែន ចាន់ទី ហៅប៉ាជូលី អាយុ៣៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួលភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។មានស្រុកកំណើត ភូមិបឹងពទ្ធ័ ឃុំស្តុក ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។ ដោយជិះម៉ូតូម៉ាកឌ្រឺមសង់ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC.7511 ម៉ូតូខ្ទិចផ្នែកខាងក្រោយ។
មុនពេលកើតហេតុបុរសរងគ្រោះជិះម៉ូតូឌ្រីមសង់ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តមិនស្គាល់ម៉ាកបើកស្របគ្នាមកពីក្រោយល្បឿនលឿនដូចហោះ មកបុក ទាំងកំរោលផ្លោងទាំងម៉ូតូ និងជនរងគ្រោះជិត៥០ម៉ែត្របណ្ដាលឲ្យបែកក្បាលស្លាប់មួយរំពេច។ ចំណែករថយន្តបង្កបើកគេច បាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌចុះមកធ្វើកំណត់ហេតុរួចប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ដោយឡែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំស្រាវជ្រាវរក រថយន្តបង្កបន្តទៀត៕