ដោយៈសុផល/ភ្នំពេញ: អ្នកជំនាញក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីរសៀលម្សិលមិញនេះបានប្រជុំពិនិត្យ និងអនុម័តលើសេចក្ដីព្រាងផែនការហិរញ្ញវត្ថុ និងវិនិយោគឆ្នាំ២០២១ និងរបាយការណ៍នៃការអនុវត្តការងារអាជីវកម្មសេវាកម្មនិងការងារវិនិយោគរយៈពេល៩ខែ ក្នុងឆ្នាំ២០២០ ។
លោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរ ពិសោធន៍សំណង់ និងសាធារណការ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
លោកស្រីរដ្ឋលេខាធិការបានមានប្រសាសន៍ឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងផែនការហិរញ្ញវត្ថុ និងវិនិយោគឆ្នាំ២០២១ របាយការណ៍នៃការអនុវត្តការងារអាជីវកម្ម សេវាកម្ម និងការងារវិនិយោគរយៈពេល៩ខែ ក្នុងឆ្នាំ២០២០ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងរបស់មន្ទីរពិសោធន៍សំណង់ និងសាធារណការក៏ដូចជា ការប្រមូលធាតុចូលបន្ថែមទៀត ដើម្បីឱ្យការរៀបចំផែនការនានាកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
លោកស្រីរដ្ឋលេខាធិការបានលើកឡើងថា ការរៀបចំផែនការច្បាស់លាស់គ្រប់ជ្រុងជ្រោយនិងមានលក្ខណៈវិទ្យាសាស្ត្រស្របតាមបទដ្ឋានគតិយុត្តិនានាការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងប្រកបដោយតម្លាភាព និងការអនុវត្តវិន័យបានខ្ជាប់ខ្ជួនរបស់បុគ្គលិកទាំងអស់គឺជាយុទ្ធសាស្ត្រដ៏មុតស្រួចដែលអាចដឹកនាំនាវាមន្ទីរពិសោធន៍សំណង់និងសាធារណការទៅកាន់ភាពជោគជ័យរបស់ខ្លួន ទាំងការងារបច្ចេកទេស និងការងារផ្ដល់សេវាសាធារណៈ។
លោកស្រីប្រធានអង្គប្រជុំបានបង្ហាញនូវមោទនភាពចំពោះសមិទ្ធផលនិងផែនការនានាដែលបានរៀបចំឡើងដោយក្រុមប្រឹក្សាភិបាល និងបានសម្ដែងនូវអំណរគុណនិងកោតសរសើរដល់អង្គប្រជុំដែលបានចូលរួមជាមតិយោបល់យ៉ាងផុលផុសគ្រប់របៀបវារៈ ដោយហេតុថារាល់មតិយោបល់របស់អង្គប្រជុំគឺជាធាតុចូលយ៉ាងសំខាន់ក្នុងការកែច្នៃ និងច្នៃប្រឌិតឱ្យផែនការនានានិងរចនាសម្ព័ន្ធគ្រប់គ្រងរបស់មន្ទីរពិសោធន៍កាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព៕