ដោយ៖ ម៉េងឆៃ/ ភ្នំពេញ៖ នៅក្នុងខែឧសភា ឆ្នាំ២០២០ មានព្រឹត្តិការណ៍ជាតិជាច្រើន បានកើតឡើង។ ក្នុងនោះ មានព្រឹត្តិការណ៍សំខាន់ៗ ដែលបានលេចធ្លោ រួមមាន៖ ការចាប់ផ្តើមអនុវត្តនូវច្បាប់ចរាចរណ៍ផ្លូវគោក ដែលទើបកែប្រែ ដោយបង្កើនប្រាក់ផាកពិន័យលើអ្នកល្មើសច្បាប់ចរាចរណ៍ពី ៣ ទៅ ៥ដង រដ្ឋមន្ត្រីថ្មី ក្រសួងយុត្តិធម៌ បើកយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ព្រមទាំងការធូរស្រាលនៃស្ថានភាពជំងឺកូវីដ១៩ ជាដើម។
១-ច្បាប់ចរាចរណ៍ថ្មី ត្រូវបានអនុវត្ត ចាប់ពីថ្ងៃទី១ ខែឧសភា៖
កាលពីថ្ងៃទី១ ខែឧសភា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានចាប់ផ្តើមរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស តាមរយៈការផាកពិន័យអ្នកល្មើសច្បាប់ ដោយដំឡើងប្រាក់ផាកពិន័យពី ៣ ទៅ ៥ដង។
អ្នកល្មើសនឹងច្បាប់ចរាចរណ៍ ដែលភាគច្រើន ជាអ្នកធ្វើដំណើរតាមម៉ូតូ និងរ៉ឺម៉កម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាព និងអ្នកបើកបររថយន្ត ដោយពុំពាក់ខ្សែក្រវាត់សុវត្ថិភាព។
យ៉ាងណាក៏ដោយ ការអនុវត្តន៍វិធានការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការបង្កើនចំនួនទឹកប្រាក់ផាកពិន័យយ៉ាងច្រើន បានធ្វើអោយប្រជាជនកម្ពុជាមួយចំនួន ហាក់ដូចជា ព្រួយបារម្ភ និងរិះគន់នឹងចំណាត់ការនេះ។ ក៏ប៉ុន្តែតាមពិត ការរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយបង្កើនប្រាក់ផាកពិន័យនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ ក្នុងបំណងការពារអាយុជីវិតអ្នកធ្វើដំណើរលើដងផ្លូវ ព្រោះថា កន្លងមក ជាមធ្យម មានមនុស្ស ៤ទៅ ៥នាក់ បានស្លាប់ ជារៀងរាល់ថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ដូច្នេះ បើប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ ដោយខ្ជាប់ខ្ជួន គឺមិនត្រូវមានការព្រួយបារម្ភនោះទេ។
២-ម្តាយក្មេកសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលមរណភាព៖
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាម្តាយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២ និង ១២ នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។
សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា បានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅជាប់វិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី៦ ខែឧសភា សពព្រឹទ្ធមហាឧបាសិកា ត្រូវបានដង្ហែទៅបញ្ចុះ នៅស្រុកកំណើត នៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ចំណែកនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ចាប់ពីម៉ោង ២រសៀល ពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ ៧ថ្ងៃ ប្រារព្ធនៅគេដ្ឋានសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
៣-ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងនិវត្តមកពីប្រទេសចិន៖
កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះវររាជមាតា បានសម្ដេចយាងមាតុភូមិនិវត្តន៍ មកកាន់មាតុប្រទេសវិញហើយ បន្ទាប់ពីបានយាងពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន។ ឥស្សរជនថ្នាក់ដឹកនាំជាតិកំពូលៗ ព្រះញាតិវង្សានុវង្ស ជាច្រើន បានយាង និងអញ្ជើញទទួលព្រះរាជដំណើរព្រះអង្គ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
៤-ព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោសលោក ស៊ុត ឌីណា៖
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ព្រះករុណា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ លើកលែងទោសដល់លោក ស៊ុត ឌីណា អតីតឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង។ លោក ស៊ុត ឌីណា ត្រូវបានចាប់ឃុំខ្លួន និងកាត់ទោសពីបទពុករលួយ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦។ មានអាយុ ៤៥ឆ្នាំ លោក ស៊ុត ឌីណា ត្រូវបានតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំ និងពិន័យ ១០លានរៀល។
៥-កម្ពុជាអនុញ្ញាតឲ្យនាំចេញអង្ករ ទៅបរទេសឡើងវិញ៖
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចអនុញ្ញាតអោយនាំចេញអង្ករ ទៅកាន់ទីផ្សារបរទេសឡើងវិញហើយ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ តទៅ បន្ទាប់ពីផ្អាកការនាំចេញជាង ១ខែ ក្រោមហេតុផល ដើម្បីធានានូវសន្តិសុខស្បៀងរបស់កម្ពុជា នៅគ្រាដែលកម្ពុជា ទទួលរងឥទ្ធិពលវិបត្តិជំងឺកូវីដ១៩។
៦-លោក ខៀវ ភិរម្យ ទីប្រឹក្សាក្រសួងព័ត៌មាន ទទួលមរណភាព៖
លោក ខៀវ ភិរម្យ ទីប្រឹក្សាក្រសួងព័ត៌មាន បានទទួលមរណភាព ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ កាលពីព្រឹកព្រលឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។ ចាប់ផ្តើមអាជីពជាអ្នកកាសែត កាលពីឆ្នាំ១៩៩៣ លោកខៀវភិរម្យ បានបម្រើការងារក្នុងអង្គភាពសារព័ត៌មានជាច្រើន។ ចុងក្រោយ លោក ខៀវ ភិរម្យ ធ្វើការងារនៅទូរទស្សន៍ PNN ចាប់តាំងពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥។ នៅព្រឹកថ្ងៃទី១៧ ខែឧសភា សពលោក ខៀវ ភិរម្យ ដង្ហែ ទៅបូជា នៅវត្តនិរោធ ក្នុងខណ្ឌច្បារអំពៅ។
៧-យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតុលាការ៖
កាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានប្រកាសបើកយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត នៅទូទាំងប្រទេស។ យុទ្ធនាការ ដែលមានរយៈពេលពី ៦ ទៅ ៩ខែនេះ នឹងចូលរួមចំណែកដោះស្រាយភាពចង្អៀតណែននៃអ្នកជាប់ឃុំ នៅតាមពន្ធនាគារ ព្រមទាំងលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការ ក្នុងការផ្តល់សេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ។ ក្នុងយុទ្ធនាការនេះ ក្រសួងយុត្តិធម៌ បានដាក់ចេញនូវអភិក្រម ២ គឺ «ដោះស្រាយតាមផ្លូវច្បាប់» និង «ជៀសវាង ត្រីងៀត ឆ្លៀតពង»។
៨-បើកដំណើរការសារមន្ទីរឡើងវិញ៖
កាលពីថ្ងៃទី២០ ខែឧសភា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យបើកដំណើរការសារមន្ទីរនានា ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាឡើងវិញ ចាប់ពីខែមិថុនា ឆ្នាំ២០២០ តទៅ។ ក៏ប៉ុន្តែនៅសារមន្ទីរទាំងនោះ ត្រូវអនុវត្តវិធានការអនាម័យ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ រួមមាន ការវាស់កម្តៅអ្នកចូលទស្សនា លាងដៃនឹងសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ និងការរក្សាគម្លាត ជាដើម។
៩-កម្ពុជា អនុញ្ញាតឲ្យជនបរទេសមកពីអ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលកម្ពុជាឡើងវិញ៖
ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា បានចេញសេចក្តីប្រកាសព័ត៌មាន អនុញ្ញាតឲ្យជនបរទេស មកពីប្រទេសចំនួន ៦ រួមមាន អ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញ ក្រោយពីជនបរទេសទាំង ៦ ប្រទេសនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បិទមិនឱ្យចូលមកកម្ពុជា ចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ កន្លងទៅ ក្រោមហេតុផល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
១០-កម្ពុជាបើកឲ្យដំណើរការវិស័យកីឡាឡើងវិញ៖
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យដំណើរការឡើងវិញ ជាជំហានៗ សម្រាប់វិស័យកីឡាមួយចំនួន។ ក៏ប៉ុន្តែការបើកឲ្យមានការប្រកួតកីឡាឡើងវិញនេះ ត្រូវអនុវត្តតាមលក្ខខណ្ឌមួយចំនួន ដើម្បីចូលរួមការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
១១-កម្ពុជាតវ៉ានឹងវៀតណាម ដែលសាងសង់តង់យោធាតាមព្រំដែន៖
អាជ្ញាធរវៀតណាម បានរុះរើតង់យោធាទាំង ៣១កន្លែង ចេញពីតំបន់ព្រំដែន មិនទាន់ដាច់ស្រេច ជាមួយកម្ពុជា នៅតំបន់ព្រំដែនក្នុងខេត្តកណ្តាលហើយ។ ការរុះរើតង់យោធាពីសំណាក់ភាគីវៀតណាមនេះ បានធ្វើឡើង បន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានផ្ញើកំណត់ទូតតវ៉ា ទៅរដ្ឋាភិបាលវៀតណាម ដោយចាត់ទុកសកម្មភាព ដែលវៀតណាម បង់តង់នៅតំបន់ព្រំដែនមិនទាន់ដាច់ស្រេចនេះ ថាជាការបំពានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។
១២-ក្រដាសប្រាក់ដុល្លារ ប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ ចាយធម្មតា៖
កាលពីថ្ងៃទី២៩ ខែឧសភា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យបន្តចាយក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ ជាធម្មតា នៅក្នុងប្រទេសកម្ពុជា។ សម្តេច ហ៊ុន សែន បានប្រកាស សូមបងប្អូនប្រជាពលរដ្ឋ បន្តប្រើប្រាស់ចាយវាយក្រដាសប្រាក់អាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ ដោយសេរី ដោយគ្មានការកាត់ទឹក ឬកាត់ផុកអ្វីទាំងអស់។
ការបញ្ជាក់ពីប្រមុខរាជរដ្ឋាភិបាលដូច្នេះ បន្ទាប់ពីធនាគារជាតិ កាលពីថ្ងៃទី២៨ ខែឧសភា បានប្រកាសថា នៅពេលខាងមុខ ធនាគារជាតិ នឹងផ្អាកការទទួលយកក្រដាសប្រាក់ដុល្លារអាមេរិកទាំង ៣ ប្រភេទនេះ ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ភ្លាមៗ ហាងលក់ទំនិញ និងក្រុមអ្នកលក់ ចែកចាយផលិតផលនានា ឈប់ទទួលយកលុយដុល្លារអាមេរិក ប្រភេទក្រដាស ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ ចាប់ពីតាំងពីថ្ងៃទី២៨ឧសភា។ ក៏ប៉ុន្តែ កាលពីថ្ងៃទី២៩ឧសភា សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យប្រជាពលរដ្ឋ បន្តចាយក្រដាសប្រាក់ដុល្លារទាំងនេះ ជាធម្មតា។
១២-ផ្លាស់ប្តូរអភិបាលខេត្តកែប៖
កាលពីថ្ងៃទី២៩ ខែឧសភា លោក សោម ពិសិដ្ឋ បានចូលកាន់តំណែង ជាអភិបាលខេត្តកែប ជំនួសលោក កែន សត្ថា ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តកែបនេះ។
១៣-កងទ័ពមួកខៀវម្នាក់ ស្លាប់ដោយសារកូវីដ នៅប្រទេសម៉ាលី៖
កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាម្នាក់ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី បានស្លាប់ ដោយជំងឺកូវីដ១៩។ កងកម្លាំងមួកខៀវកម្ពុជា ដែលបានបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩នេះ មានឈ្មោះ ស សាវី អាយុ ៦៣ឆ្នាំ ជាឧត្តមសេនីយ៍ទោ មានស្រុកកំណើតនៅឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ លោកបានចេញទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ ចំនួន ២ដង នៅឆ្នាំ២០១៦ និងឆ្នាំ២០១៩។
ភ្លាមៗនោះ កងកម្លាំងមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស បានឆ្លងជំងឺកូវីដ១៩ មានចំនួន ១០នាក់។ ក្រោយមក ត្រូវបានព្យាបាលជាសះស្បើយវិញ៕