ប្រែសម្រួល : កញ្ញាដាលីស ៖ បុរស១១នាក់ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈនិងមនុស្សឃាត បន្ទាប់ពីអ្នកបម្រើតាមយន្តហោះម្នាក់ត្រូវបានរកឃើញស្លាប់នៅក្នុងបន្ទប់សណ្ឋាគារ។
កាលពីថ្ងៃអង្គារទី០៥មករា ប៉ូលិសនៅទីក្រុងម៉ាកាទីប្រទេសហ្វីលីពីនបានចោទប្រកាន់បុរសទាំងនោះ បន្ទាប់ពីនាង គ្រីស្ទីន អេនជេលីកា ដាសេរ៉ា អាយុ ២៣ឆ្នាំត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងអាងងូតទឹកនៅថ្ងៃបុណ្យចូលឆ្នាំថ្មី។
គ្រីស្ទីន មកពីទីក្រុងជេណេរ៉ាល់សាន់តូសស៊ីធី បានធ្វើពិធីអបអរឆ្លងឆ្នាំនៅសណ្ឋាគារស៊ីធីហ្គាឌែនជាមួយមិត្តភក្តិមុនពេលនាងស្លាប់។
មេប៉ូលិសក្រុងលោក ហារ៉ូល ដេផូស៊ីថា បានបញ្ជាក់ថា បុរសចំនួន ១១ នាក់ ដែលបាននៅជាមួយនារីរងគ្រោះនៅពេលដែលនាងស្លាប់នោះ ត្រូវបានចោទប្រកាន់។
ទោះយ៉ាងណា ការចោទប្រកាន់គឺមានលក្ខណៈបណ្តោះអាសន្ន ខណៈដែលប៉ូលិសរង់ចាំការធ្វើកោសល្យវិច័យលើសាកសពនាងគ្រីស្ទីនរួចរាល់សិន។
លោកវរសេនីយ៍ឯកដេផូស៊ីថាបានប្រាប់កាសែត The Philippine Daily Inquirer ថា បុរសភាគច្រើនជា “អ្នកចម្លែក” ចំពោះនារីអាយុ ២៣ ឆ្នាំ។
គាត់និយាយថា “មានតែពីរបីនាក់ប៉ុណ្ណោះដែលជាមិត្តភក្តិរបស់នាងដាសេរ៉ា។ អ្នកផ្សេងទៀតគឺជាមនុស្សចម្លែកចំពោះនាង ពីព្រោះពួកគេស្គាល់មិត្តភក្តិពីរបីនាក់របស់នាងប៉ុណ្ណោះ”។
ការចោទប្រកាន់នេះបានកើតឡើងបន្ទាប់ពី “ការដាច់រហែកនិងទឹកកាម” ត្រូវបានរកឃើញនៅតំបន់ឯកជនរបស់ជនរងគ្រោះ។សាកសពរបស់នាងក៏ពោរពេញទៅដោយស្នាមជាំនិងស្នាមដាច់រយះផងដែរ។
អ្នកបម្រើវ័យក្មេងរបស់ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមិត្តភក្តិបីនាក់ដែលបានរកឃើញនាងសន្លប់នៅក្នុងបន្ទប់ទឹក។
ពួកគេបានធ្វើសកម្មភាពសង្គ្រោះបឋមដល់នាង ប៉ុន្តែនាងមិនបានឆ្លើយតបទេ និ ត្រូវបានប្រកាសស្លាប់នៅពេលទៅមកដល់មន្ទីរពេទ្យក្រុងម៉ាកាទី។
តាមសេចក្តីរាយការណ៍មិត្តភក្តិរបស់នាងបានប្រទះឃើញនាងជាលើកដំបូងនៅក្នុងអាងងូតទឹកនៅពេលយប់ ប៉ុន្តែគាត់ស្មានថានាងកំពុងដេកលក់ ហើយក៏យកភួយដណ្តប់ឱ្យនាង។
ការរំលែកទុក្ខមានជាហូរហែចំពោះអ្នកបម្រើតាមយន្ដហោះរូបនេះនៅលើបណ្តាញសង្គម Instagram បន្ទាប់ពីព័ត៌មាននៃការស្លាប់របស់នាងបានលេចឡើង។
អ្នកគាំទ្រម្នាក់បានសរសេរថា “អរគុណសម្រាប់ការចែករំលែកដួងព្រលឹងដ៏ស្រស់ស្អាតរបស់អ្នក។ សូមហោះឱ្យបានខ្ពស់។ យើងសូមអធិស្ឋានដល់ដួងព្រលឹងរបស់អ្នក”៕
នាង គ្រីស្ទីន អេនជេលីកា ដាសេរ៉ា ត្រូវបុរស១១នាក់រំលោភសម្លាប់