ឥស្សរជន​ប្រឆាំង​រាប់សិប​នាក់​ត្រូវ​ចាប់ខ្លួន​នៅ​ហុងកុង​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ឥស្សរជន​ប្រឆាំង​របស់​ហុងកុង​ចំនួន ៥០​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នៅក្នុង​ប្រតិបត្តិការ​ដ៏​ធំ​បំផុត​ប្រឆាំងនឹង​អ្នក​រិះគន់​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង ដែល​នេះ​បង្ហាញ​ពី​ការបង្កើន​ការបង្ក្រាប​របស់​ប៉ូលិស​នៅ​ពាសពេញ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ​។​

​ឥស្សរជន​និង​គណបក្ស​ប្រឆាំង​បាន​ចូល​ទៅ​គណនី Facebook និង Twitter របស់​ពួកគេ​ដើម្បី​បញ្ជាក់​អំពី​ការចាប់ខ្លួន​មនុស្ស​យ៉ាងហោចណាស់ ២១ នាក់ ដែល​ភាគច្រើន​ត្រូវបាន​ចោទប្រកាន់​ពីបទ “​វិទ្ធង្សនា​”​។​

​ប្រភព​ប៉ូលិស​ជាន់ខ្ពស់​ពីររូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​មនុស្ស​ប្រហែល ៥០ នាក់​” ត្រូវបាន​ចាប់ខ្លួន​ដោយ​អង្គភាព​សន្តិសុខ​ជាតិ​ថ្មី​របស់​ទីក្រុង​។​

​ប្រតិ​បត្ដិកា​រ​នេះ​គឺ​ចាប់​បាន​ឥស្សរជន​ប្រឆាំង​យ៉ាង​ច្រើន​រាប់​ចាប់ពី​អតីត​សមាជិកសភា​ជើងចាស់​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដូចជា លោក ជេ​មស៍ តូ លោក អេន​ឌ្រូ វ៉ាន់ និង​លោក ឡាំ ឈុក​ទីង រហូត​ដល់​ក្រុម​សកម្មជន​វ័យក្មេង​ជាច្រើន​នាក់​។​

​ក្នុងចំណោម​អ្នកធ្វើ​យុទ្ធនាការ​យុវជន​ដែល​បាន​បញ្ជាក់​ពី​ការចាប់ខ្លួន​របស់​ពួកគេ​តាមរយៈ Facebook រួមមាន នាង គ្វី​ណេត ហូ អាយុ ៣០ ឆ្នាំ​ជា​អតីត​អ្នកសារព័ត៌មាន​ប្រែក្លាយ​ជា​សកម្មជន​សង្គម និង នាង ទីហ្វា​នី យ៉ឹន ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​វ័យ ២៧ ឆ្នាំ​។​

​មិត្ត​រួម​ការងារ​របស់​លោក យ៉ូ​ស្វេ វ៉ុង ដែល​ជា​សកម្មជន​ប្រជាធិបតេយ្យ​ដ៏​ល្បីល្បាញ​ម្នាក់​នៅក្នុង​ទីក្រុង​ដែល​បច្ចុប្បន្ន​កំពុង​ជាប់ពន្ធនាគារ បាន​និយាយ​តាមរយៈ​គណនី Facebook ផ្លូវការ​របស់​គាត់​ថា ផ្ទះ​របស់​គាត់​ត្រូវបាន​ឆែកឆេរ​ដោយ​ប៉ូលិស​សន្តិសុខ​ជាតិ​នៅក្នុង​ប្រតិបត្តិការ​តែមួយ​។​

​ប៉ូលិស​ហុងកុង​មិន​បាន​ឆ្លើយតប​នឹង​អ្នកកាសែត​សម្រាប់​សំណើសុំ​ការបំភ្លឺ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវបាន​ចាប់ខ្លួន​និង​ចាប់​ដោយ​មូលហេតុ​អ្វី​នោះ​ទេ​។​

​ឥស្សរជន​ប្រឆាំង​ជា​ច្រើន​និយាយ​ថា​ការចាប់ខ្លួន​នេះ​គឺ​ជាប់​ទាក់ទង​ទៅនឹង​ការរៀបចំ​ការបោះឆ្នោត​សាកល្បង​ដោយ​គណបក្ស​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​កាលពី​ឆ្នាំមុន​មុន​ពេល​ការបោះឆ្នោត​អង្គ​​នីតិប្បញ្ញត្ដិ​ឆ្នាំមុន​ត្រូវ​លុបចោល​។​

​ប្រជាជន​ហុងកុង​ជាង ៦០ ម៉ឺន​នាក់​បាន​ចេញ​ទៅ​បោះឆ្នោត​សាកល្បង​ក្រៅ​ផ្លូវការ​នេះ ដែល​មាន​គោលបំណង​ជ្រើសរើស​អ្នក​ដែល​នឹង​ឈរឈ្មោះ​បោះឆ្នោត​នៅក្នុង​សភា​ហុងកុង​កន្លែង​ដែល​អាសនៈ​ពាក់​​កណ្តាល​ក្នុងចំណោម​អាសនៈ​សរុប ៧០ ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​។​

​គោលបំណង​នៃ​យុទ្ធនាការ​នេះ​គឺ​ដើម្បី​ឈ្នះ​អាសនៈ​ទាំង ៣៥ និង​ទទួលបាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា​ជា​លើកដំបូង​។​

​នៅ​គ្រានោះ ក្រុម​មន្ត្រី​នៅ​ទីក្រុង​ប៉េកាំង​បាន​ព្រមាន​ថា យុទ្ធនាការ​ដើម្បី​ឈ្នះ​សំឡេង​ភាគច្រើន​ត្រូវ​ចាត់ទុកជា “​ការ​ធ្វើ​វិទ្ធង្សនា​” នៅក្រោម​ច្បាប់​សន្តិសុខ​ថ្មី​៕

​ឥស្សរជន​ប្រឆាំង ៥០ នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ហុងកុង ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular