ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ការប៉ុនប៉ងមុនៗរបស់រដ្ឋការត្រាំដើម្បីហាមឃាត់កម្មវិធី(App)WeChat និង QQ Wallet កាលពីខែតុលាឆ្នាំមុនត្រូវបានរារាំងដោយតុលាការអាម៉េរិក តែកាលពីថ្ងៃអង្គារទី០៥មករា ប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិអោយហាមប្រើប្រាស់ឬជួញដូរកម្មវិធីចិនចំនួន៨ រួមមានAlipayដែលជាកម្មវិធីបង់ប្រាក់តាមអនឡាញធំបំផុតរបស់ពិភពលោកជាមួយនឹងអ្នកប្រើជាង១ពាន់លាននាក់។
ក្រុមហ៊ុនAlipayជារបស់Ant Groupដែលជាសាខាមួយរបស់Alibaba Group របស់ស្ថាបនិកមហាក្រុមហ៊ុនAlibabaគឺមហាសេដ្ឋី ជែក ម៉ា។
បទបញ្ជានេះក៏រួមបញ្ចូលកម្មវិធី CamScanner, SHAREit, WPS Office, VMate, Tencent QQ, WeChat Pay និង QQ Wallet ដោយកម្មវិធី៣ចុងក្រោយជារបស់ក្រុមហ៊ុនTencent។
បទបញ្ជានិយាយថា « សកម្មភាពជាបន្តរបស់សាធារណរដ្ឋប្រជាមានិតចិន(PRC ) និងបក្សកុំម្មុយនិស្តចិន(CCP ) ដើម្បីលួចឬទទួលបានទិន្នន័យផ្ទាល់ខ្លួនរបស់ជនជាតិអាម៉េរិក វាបង្ហាញច្បាស់ថា គេមានបំណងប្រើការប្រមូលទិន្នន័យដុលដើម្បីជំរុញរបៀបវារៈសេដ្ឋកិច្ចនិងសន្តិសុខជាតិរបស់ចិន។អាម៉េរិកបានវាយតំលៃថា កម្មវិធី(app)របស់ចិនមួយចំនួនចាប់យកព័ត៌មានដោយស្វ័យប្រវត្តិពីអ្នកប្រើនៅអាម៉េរិករាប់លាននាក់ រួមទាំងព័ត៌មានសម្ងាត់និងព័ត៌មានឯកជន ដែលនឹងអនុញ្ញាតអោយPRC និងCCP ចូលទៅមើលព័ត៌មានបុគ្គលអាម៉េរិក»។
បទបញ្ជាកាលពីថ្ងៃអង្គារ តំរូវអោយក្រសួងពាណិជ្ជកម្មអាម៉េរិកសំរេចថាតើការជួញដូរអ្វីខ្លះត្រូវហាមឃាត់។
លោកត្រាំនៅប៉ុន្មានឆ្នាំមកនេះ បានដាក់ក្រុមហ៊ុនចិនរាប់រយចូលក្នុងបញ្ជីខ្មៅ ដោយអះអាងអំពីការជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលចិន ឬបក្សកុំម្មុយនិស្តចិនដែលនាំអោយក្រុមហ៊ុនទាំងនោះលែងមានសុវត្ថិភាពសំរាប់អាម៉េរិក។ពួកវារួមមានHuawei, China Mobile និង China Telecom។
ទោះជាយ៉ាងណា ចិនតែតែងច្រានចោលការអះអាងរបស់អាម៉េរិក។
កាលពីថ្ងៃចន្ទ ចិនបានប្រឆាំងយ៉ាងមុតមាំចំពោះចំណាត់ការរបស់រដ្ឋាភិបាលអាម៉េរិក ក្នុងការបញ្ចេញក្រុមហ៊ុនចិនចេញពីផ្សារហ៊ុនអាម៉េរិក និងបានចាត់ទុកវាជារឿងនយោបាយ ។អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងចាត់វិធានការចាំបាច់ដើម្បីការបារសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនចិន។
ផ្សារភាគហ៊ុនក្រុងញូវយ៉កNYSE កាលពីសប្តាហ៍មុនបាននិយាយថា ខ្លួននឹងចាប់ផ្តើមដកក្រុមហ៊ុនចិន China Mobile, China Unicom និង China Telecomចេញពីបញ្ជីក្រុមហ៊ុនជួញដូរភាគនៅផ្សាររបស់ខ្លួន ដោយសារបទបញ្ជាពីប្រធានាធិបតី ដូណាល់ ត្រាំ ដែលហាមឃាត់ការវិនិយោគរបស់អាម៉េរិកក្នុងក្រុមហ៊ុនណាដែលជារបស់យោធាចិន៕