ប្រកួត​កីឡា​ក្បាច់គុន​ល្បុក្កតោ ជា​លក្ខណៈ​មិត្តភាព ដណ្ដើម​ពានរង្វាន់​ឆ្នាំ ២០២០

ដោយៈ ទេ​ពក​ង្រី/កំពង់ឆ្នាំងៈ ដើម្បី​លើកស្ទួយ​មរតក ដ៏​មានតម្លៃ និង​ថែរក្សា ការពារ និង​អភិរក្ស​មរតក របស់​ដូនតា​ខ្មែរ ឱ្យបាន​គង់វង្ស សាលា​គុន​ល្បុក្កតោ មួយចំនួន​ដោយមាន ការគាំទ្រ​ពី សហព័ន្ធ​កីឡា​គុន​ល្បុកតោ​កម្ពុជា បានរៀបចំ​ការប្រកួត​ក្បាច់គុន ល្បុក្កតោ ជា​លក្ខណៈ​មិត្តភាព ដើម្បី​ដណ្ដើម​ពានរង្វាន់ ឆ្នាំ​២០២០ នៅក្នុង​ខេត្តកំពង់ឆ្នាំង​ដែលមាន កីឡាករ កីឡាការិនី ចំនួន ៧ គូ មកពី​សាលា​គុន​ល្បុក្កតោ ចំនួន ៤ ក្នុងនោះ សមាគម ចំនួន​២ នៅក្នុង​ខេត្តកំពង់ឆ្នាំង និង​សមាគម ចំនួន​២ ទៀត មកពី​រាជធានី​ភ្នំពេញ ។​

​ការប្រកួត​នេះ បាន​ប្រព្រឹត្តទៅ នៅ​រសៀល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ នៅក្នុង​ក្រុង​កំពង់ឆ្នាំង ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល ខេត្តកំពង់ឆ្នាំង និង​លោក យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង ។​

​លោកគ្រូ ស៊ុ វ៉ាន់​គិ​ន ប្រធាន​សាលា​គុន​ល្បុក្កតោ កុមារ​ទេព​មាន​ឬ​ទ្ធិ សែន​ជ័យ​ដែលជា ម្ចាស់ផ្ទះ ក្នុងការ​ប្រកួត​នេះ បាន​ឲ្យ​ដឹងថាៈ សាលា​គុន​ល្បុក្កតោ របស់លោក​នៅក្នុង​ខេត្ត កំពង់ឆ្នាំង បាន​កើតឡើង​នៅក្នុង​អំឡុង​ឆ្នាំ ២០០១ ដែល​គិត​មកដល់​ថ្ងៃនេះ មាន​សាលា​គុន ចំនួន​ពីរ និង​មាន​កីឡាករ កីឡាការិនី រាប់សិប​នាក់ បានមក​ហាត់រៀន​ក្បាច់គុន​ដើម្បី​បន្ត ថែរក្សា ការពារ និង​អភិរក្ស​ក្បាច់គុន ដែលជា​មរតក​ដូនតា​ខ្មែរ ឱ្យបាន​ស្ថិត​ថេរ​គង់វង្ស បានល្អ និង​យូរអង្វែង​។​

​លោកគ្រូ បាន​បន្តថាៈ ដោយឡែក នៅក្នុង​ថ្ងៃនេះ គឺជា​លើកទីមួយ​ហើយ និង​ជា​ប្រវត្តិ ប​សាស្ត្រ ដែល​សាលា​គុន នៅក្នុង​ខេត្តកំពង់ឆ្នាំង បាន​ឯកភាពគ្នា រៀបចំ​ការប្រកួត​ក្បាច់គុន ជា​លក្ខណៈ​មិត្តភាព ដើម្បី​ដណ្ដើមយក​ពានរង្វាន់​ប្រចាំឆ្នាំ ដូចនេះ ក្នុងនាម​លោក តំណាង​ឲ្យ​សាលា​គុន​ល្បុក្កតោ ស្នើសុំ​ដល់​កីឡាករ កីឡាការិនី​ទាំងអស់ ត្រូវគោរព​វិន័យ ក្នុងការ​ប្រកួត​អោយបាន​ល្អ និង​ឈានទៅ​ទទួលបាន​ពានរង្វាន់ ដើម្បី​លើកស្ទួយ​មុខមាត់ សាលា​គុន​របស់ខ្លួន ។​

​លោក យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង ដែល​បាន​ចូលរួម​ទស្សនា ការប្រកួត​នេះ បាន​ថ្លែងថាៈ ក្នុងនាម​អាជ្ញាធរ ក្រុង​កំពង់ឆ្នាំង សូម​ស្វាគ​មយ៉ាង​កក់ក្តៅ ការរៀបចំ​ការប្រកួត កីឡា គុន​ល្បុក្កតោ នៅក្នុង​ថ្ងៃនេះ ។ លោក​បាន​បញ្ជាក់ថាៈ ក្បាច់គុន​ល្បុក្កតោ គឺជា​មរតក ដ៏​មានតម្លៃ របស់​ដូនតា​ខ្មែរ​យើង ដូច្នេះ​ក្នុងនាម យុវជន​យើង ជា​ទំពាំង​ស្នង​ឫស្សី​ត្រូវតែ ចូលរួម​ទាំងអស់គ្នា ក្នុងការ​ថែរក្សា និង​ការពារ និង​អភិរក្ស​មរតក ដូនតា​ខ្មែរ ឱ្យបាន​គង់វង្ស ជា​រៀងរហូត​។​

​លោក អភិបាលក្រុង​កំពង់ឆ្នាំង បានលើកឡើង​ថាៈ ក្បាច់គុន​ល្បុក្កតោ គឺជា​វិញ្ញាសា​ដ៏​ល្អ​មួយ ធ្វើឱ្យ​យើង​មាន​សុខ​ភាពល្អ កម្លាំង​ខ្លាំងក្លា និង​ប្រាជ្ញា​ឈ្លាសវៃ រហ័សរហួន​ហើយក៏​អាច​ឲ្យ យុវជន​យើង នៅ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​នៅក្នុង​កម្មវិធី​ប្រកួត កីឡា​គុន​ល្បុក្កតោ​នេះ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ដែល​អញ្ជើញ មកពី សហព័ន្ធ​កីឡា​គុន​ល្បុកតោ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹងថាៈ នៅក្នុង​ការប្រកួត​នេះ​មាន កីឡាករ កីឡាការិនី ចំនួន ៧ គូ ដែល​មកពី​សាលា​គុន ចំនួន ៤ គឺៈ ១.​សាលា​គុន​ល្បុក្កតោ យាយ​ពៅ​មាន​រិ​ទ្ធ ខេត្តកំពង់ឆ្នាំង , ២.​សាលា​គុន​ល្បុក្កតោ កុមារ​ទេព​ឫទ្ធី សែន​ជ័យ ខេត្តកំពង់ឆ្នាំង​, ៣.​សាលា​គុន​ល្បុក្កតោ កសិកម្ម​ព្រែក​លាភ រាជធានី​ភ្នំពេញ និង​៤.​សាលា គុន​ល្បុក្កតោ រតនៈ​ឥសាន រាជធានី​ភ្នំពេញ ។ ជាមួយគ្នានេះ រាល់​កិច្ច​ការប្រកួត ក្នុងថ្ងៃនេះ ក៏មាន​ការសម្របសម្រួល ជ្រោមជ្រែង​ពី​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តកំពង់ឆ្នាំង​។​

​ជា​លទ្ធផល នៃ​ការប្រកួត​ចុងក្រោយ គឺ​លេខ​១ បាន​ទៅលើ យុវជន​មកពី​សាលា​គុន​ល្បុក្កតោ រតនៈ​ឥសាន រាជធានី​ភ្នំពេញ​។ នៅ​ទីបញ្ចប់​នៃ​កម្មវិធី​ប្រកួត ក៍មាន​ការប្រគល់​ពានរង្វាន់ និង​ប័ណ្ណសរសើរ ពី​មន្ទី​អប់រំ យុវជន និង​កីឡា ខេត្តកំពង់ឆ្នាំង​។​

​ដោយឡែក នៅក្នុង​ការប្រកួត​នេះ ក៏មាន​ការចូលរួម​ទស្សនា​ពី ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​យុវជន រាប់រយ​នាក់ ។ ចំណែក​គណៈអធិបតី និង​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម ទស្សនាការ​ប្រកួត​កីឡា​នេះ ក៏បាន​ជួយឧបត្ថម្ភ​ជា​ថវិកា ដើម្បី​លើកទឹកចិត្ត ដល់​កីឡាករ កីឡា​ការ​នី និង​គណៈកម្មការ​រៀប​ចំ ការប្រកួត​ផងដែរ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular