ដោយៈ គ្រញូង/បាត់ដំបងៈ បុរសពីរនាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដ៍គូរឲ្យរន្ធត់មួយ រវាងរថយន្តឡិចស៊ិស បុកម៉ូតូពីរគ្រឿង កាលពីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវកែង ភ្នំប្រាំពីរ ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ។
លោក ហេង បារាំង អធិការនគរបាល ស្រុកភ្នំព្រឹក បានឲ្យដឹងថាៈ មនុស្សប្រុសដែល ស្លាប់ទាំងពីរនាក់នោះ ឈ្មោះ អ៊ន លឿ អាយុ៥៩ឆ្នាំ ជាទាហាន វរៈការពារព្រំដែន លេខ៥៣៣ នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងឈ្មោះ ភូ អាយុ៥០ឆ្នាំ នៅភូមិ-ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។ ចំណែកជនបង្កមិនស្គាល់ អត្តសញ្ញាណ ក្រោយបុកគេរួច រត់គេចខ្លួនបាត់ ។
លោអធិការស្រុក បានបញ្ជាក់ថាៈ មូលហេតុ គឺបង្កឡើងដោយអ្នកបើកបរ រថយន្ត ម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J7693 បើកបរយ៉ាងលឿន ពេលមក ដល់ផ្លូវកោង យកចង្កូតមិនទាន់ ក៍បុករះម៉ូតូ ២គ្រឿង ដែលកំពុងឈប់ទិញម្ហូបបណ្តាលឲ្យ ស្លាប់ទាំង ២ នាក់ នៅនឹងកន្លែង។ ឯតៃកុងឡាន បានទុករថយន្តចោល ហើយរត់គេចខ្លួន បាត់ស្រមោល។ មធ្យោបាយទាំងបីគ្រឿង មានម៉ូតូ២គ្រឿង និងរថយន្តបង្ក ១គ្រឿង ដែលរងការខូចខាត បានត្រូវសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក រង់ចាំស្រាវជ្រាវ រកម្ចាស់រថយន្ត មកដោះស្រាយ តាមផ្លូវច្បាប់៕/V-PC