ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ម៉ូតូហុងដា ឌ្រីម សេ១២៥ ចំនួន ៣ គ្រឿង ត្រូវបានជន បរទេស យកទៅប្លុងទុកចោល នៅមុខផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ តាំងពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នោះ មកទល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅតែគ្មានម្ចាស់ ឬអ្នកពាក់ព័ន្ធណា មកអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន នៅឡើយទេ។ នេះបើតាមលោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះបានប្រាប់ រស្មីកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ។
លោកអធិការ បានបន្តថាៈ នគរបាលស្រុក និងប៉ុស្តិ៍រដ្ឋបាលឃុំនានា បានប្រកាសជា សាធារណៈថា បើបងប្អូនណា ស្គាល់ឬ ពាក់ព័ន្ធម៉ូតូ មានភិនភាគ ដូចខាងក្រោមសូមយក ឯកសារ និងភស្តុតាង មកបញ្ជាក់ ដើម្បីទទួលយកវាទៅវិញ ។ ប៉ុន្តែតាំងតែពីពេល ប្រកាសនោះមក ស្ងាត់ឈឹង ។ នគរបាល បានដាក់លេខទូរស័ព្ទ សម្រាប់ប្រជាពលរដ្ឋណា ដែលបានបាត់ម៉ូតូ ឬស្គាល់ភិនភាគនេះ សូមទំនាក់ទំនង មកកាន់លេខនេះ 012 923 886 / 097 686 86 86 (ស្រុកព្រះនេត្រព្រះ) ។
សូមរំលឹកថា កាលពីម៉ោង ៩និង២០នាទី យប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ មានឈ្មោះ យ៉ា លោត ភេទប្រុស អាយុ៥២ឆ្នាំ ជាប្រជាការពារភូមិគោកលុន បានទូរស័ព្ទរាយការណ៍ មកសមត្ថកិច្ចថា មានមនុស្ស មិនស្គាល់អត្តសញ្ញាណ មួយក្រុម ប្រហែល៦នាក់បានយក ម៉ូតូ ចំនួន៣គ្រឿង ម៉ាក HONDA Drem C125 ពណ៌ខ្មៅទាំង ៣ គ្រឿង និងមួកសុវត្ថិភាព ចំនួន៣ ជិះមកទុកនៅមុខផ្ទះ ឈ្មោះ យិប អ៊ុត ភេទប្រុស អាយុ៧៦ឆ្នាំ នៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំជប់វារី ចុះទៅពិនិត្យឃើញថា ម៉ូតូទាំង ៣ គ្រឿងម៉ាកហុង ដាឌ្រីម ពណ៌ខ្មៅ គឺទី១ – សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1B.3451 លេខម៉ាស៊ីន ND125.ME388614 ។ ទី២- សេរី២០១១ ពាក់ស្លាកលេខ កំពង់ចាម 1J.1330 លេខម៉ាស៊ីន ND125.ME8626222 និងទី៣-សេរី២០១៣ ពាក់ស្លាកលេខ សៀមរាប 1L.3181 លេខម៉ាស៊ីន ND125.ME8511496 ។
ពលរដ្ឋខាងលើ ប្រាប់សមត្ថកិច្ចថា ជនមិនស្គាល់អត្តសញ្ញាណទាំងនោះ បាននិយាយ ភាសាបរទេស ស្តាប់មិនបាន ឮដូចជា ភាសាចិនបន្តិច វៀតណាម បន្តិច។ បន្ទាប់ពីនិយាយ គ្នារួច បុរសទាំង ៦ នាក់ នាំគ្នារត់ឡើងឡាន មិនស្គាល់ម៉ាក ជិះទៅទិសខាងកើត បាត់ទៅ៕/V-PC