ដោយៈ សុខុម / ស្ទឹងត្រែងៈ លោក សរ គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅយប់ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១ បានដឹកនាំក្រុមលេខាធិការដ្ឋាន ចុះចែក និងបិទស្ទិកឃ័រ ចំណាំងផ្លាត ដល់គោយន្តកន្ត្រៃ និងណែនាំពួកគាត់ អោយយល់ដឹង ពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជួយកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយ ផ្លូវជាតិលេខ៩។
ការចុះចែក និងបិទស្ទិកឃ័រ ចំណាំងផ្លាត ដល់គោយន្តកន្ត្រៃ រួមទាំងការអប់រំផ្សព្វផ្សាយ ពីច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺធ្វើឡើង ក្រោយពេល លេខាធិការដ្ឋានសុវត្ថិភាព ចរាចរណ៍ផ្លូវគោក កត់សម្គាល់ឃើញថា ករណីគោយន្តបើកបរតាមដងផ្លូវ នៅពេលយប់ អត់ដាក់ស្លាកសញ្ញាចំណាំងផ្លាត ជាសម្គាល់ តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យ មានអ្នកស្លាប់ និងរបួសជាញឹកញាប់។
លោកវរសេនីយ៍ទោ ឈឿន ម៉េង នាយការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល ខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី៦ ខែមករានេះថាៈយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយ ស្លាកសញ្ញាចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរ ពេលយប់ នៅក្នុងភូមិសាស្ត្រ ផ្លូវជាតិលេខ ៩ ក្នុងស្រុកថាឡាបរិវ៉ាត់ បានចំនួន ៧ គ្រឿង។ យុទ្ធនាការនេះ ធ្វើឡើងជាបន្តបន្ទាប់ នៅថ្ងៃខាងមុខទៀត ដើម្បីផ្សព្វផ្សាយអប់រំដល់ ប្រជាពលរដ្ឋ ឲ្យយល់ដឹងកាន់តែច្បាស់ ដើម្បីបញ្ចៀស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ។
លោក ឈឿន ម៉េង បានបន្ថែមថាៈ កន្លងមក គោយន្តកែច្នៃដែលបើកបរនៅតាមដងផ្លូវ នៅពេលយប់ ពុំមានដាក់ស្លាកសញ្ញា ជាសម្គាល់ តែងតែបង្កឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ ស្លាប់និងរបួស។ ហេតុនេះ ទើបមន្ត្រីសាធារណការ និងដឹកជញ្ជូន និងមន្ត្រីនគរបាល ចរាចរណ៍ ចុះអប់រំ ដាក់ស្លាកសញ្ញាសម្គាល់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានគោយន្ត បើកបរ មិនទាន់បានដាក់សញ្ញា ឲ្យយល់ដឹងកាន់តែច្បាស់ បន្ថែមទៀត៕/V-PC