Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូង...

កូរ៉េខាងត្បូង​នឹង​បញ្ជូន​គណៈប្រតិភូ​ទៅ​អ៊ីរ៉ង់​ជុំវិញ​នាវា​ដែល​ត្រូវ​រឹបអូស​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុម​មន្ត្រី​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៥​មករា​ថា កូរ៉េខាងត្បូង​នឹង​បញ្ជូន​គណៈប្រតិភូ​មួយ​ក្រុម​ទៅ​ចរចា​ដោះលែង​នាវា​និង​នាវិក ២០ នាក់​បន្ទាប់​ពី​នាវា​នោះ​ត្រូវ​បាន​កងកម្លាំង​​អ៊ីរ៉ង់​រឹបអូស​យកបាន​។ នេះ​ជា​ការវិវត្តន៍​ចុងក្រោយបង្អស់​នៅក្នុង​ការ​បង្កហេតុ​ដោយ​រដ្ឋាភិបាល​នៅ​ក្នុង​ទី​ក្រុងតេអេ​រ៉ង់ ដែល​ត្រូវបាន​ដាក់​ឱ្យ​នៅ​ឯកោ​ខាង​សេដ្ឋកិច្ច​ដោយ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាម៉េរិក​។​

​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​នានា​ក្រុមមន្ត្រី​អ៊ីរ៉ង់​បាន​និយាយ​ថា​នាវា​នេះ​ត្រូវបាន​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ចាប់​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​ដោយសារ​តែ​វា​រំលោភ​លើ​ពិធីសារ​បរិស្ថាន​និង​កំពុង​បំពុល​​សមុទ្រ​។ យោង​តាម​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ដែល​ជា​ម្ចាស់​នាវា​នេះ​បានឱ្យដឹងថា វា​នា​នេះ​ផ្ទុក​នូវ​សារធាតុ​គីមី ៧.២០០ តោន ដែល​ភាគច្រើន​ជា​មេ​តា​ណុល​ហើយ​ក្រុមហ៊ុន​បដិសេធ​ថា​វា​មិន​បាន​បំពុល​បរិ​​ស្ថាន​ទេ​។​

​ភាព​តានតឹង​បាន​កើតឡើង​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​ព្យាយាម​ដាក់ស​ម្ពា​ធលើរ​ដ្ឋា​ភិបាល​នៅ​ទីក្រុង​សេ​អ៊ូ​ល​ឱ្យ​ដោះលែង​ប្រាក់​ប្រមាណ ៧​ពាន់​លាន​ដុល្លារ​ពី​ចំណូល​ពី​ការលក់​ប្រេង​ដែល​កំពុង​​ត្រូវបាន​បង្កក​ទុក​នៅ​ក្នុង​ធនាគារ​កូរ៉េខាងត្បូង​ចាប់តាំងពី​រដ្ឋបាល​ត្រាំ​បាន​រឹតបន្តឹង​ទណ្ឌកម្ម​។​

​ប៉ុន្តែ​វា​ក៏​កើតឡើង​ចំ​ពេល​មាន​ភាព​តានតឹង​ថ្មីៗ​នេះ​រវាង​សហរដ្ឋ​អាម៉េរិក​និង​អ៊ីរ៉ង់ ខណៈ​អ៊ីរ៉ង់​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ខ្លួន​កំពុង​ចាប់ផ្តើម​បង្កើន​កម្រិត​ចម្រាញ់​សារធាតុ​ផលិត​នុយក្លេអ៊ែរ​នៅ​រោងចក្រ​​សំខាន់​មួយ​រហូតដល់ ២០ ភាគរយ ដែល​ជា​ជំហាន​មួយ​ខិត​ទៅជិត​ការអភិវឌ្ឍ​សមត្ថភាព​ផលិត​អាវុធ​នុយក្លេអ៊ែរ​។ មន្ទីរ​បញ្ច​កោណ​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​បាន​បញ្ជា​ឱ្យ​នាវា​ផ្ទុក​យន្តហោះ Nimitz បន្ត​ស្ថិតនៅក្នុង​តំបន់​មជ្ឈិមបូព៌ា គឺ​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ខ្លួន​បាន​បញ្ជា​ឱ្យ​នាវា​នេះ​វិលត្រឡប់​ទៅ​ស្រុក​វិញ ខណៈ​មាន​ការគំរាមកំហែង​ពី​អ៊ីរ៉ង់​ប្រឆាំងនឹង​លោក​ត្រាំ​និង​មន្ត្រី​អាម៉េរិក​ដទៃទៀត​។​

​អ៊ីរ៉ង់​បាន​ច្រាន​ចោល​ការចោទប្រកាន់​កា​លពី​ថ្ងៃ​អង្គារ​ថា​ខ្លួន​បាន​រឹបអូស​យក​នាវា​កូរ៉េ​ខាងត្បួង​ដើម្បី​ធ្វើ​ការតថ្លៃ​ប៉ុន្តែ​បាន​បញ្ជាក់​សាជាថ្មី​អំពី​ការតវ៉ា​របស់​ខ្លួន​ជុំវិញ​មូលនិធិ​ដែល​បាន​បង្កក​។​អ្នកនាំពាក្យ​​រដ្ឋាភិបាល​លោក អា​លី រ៉ាប៊ី​អ៊ី និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​និយាយថា “​ប្រសិនបើ​នរណា​ម្នាក់​ជា​អ្នក​ចាប់​ចំណាប់ខ្មាំង នោះ​គឺ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ដែល​ចាប់​ចំណាប់ខ្មាំង​សាច់​ប្រាក់ចំណូល​​របស់​យើង​ជាង ៧ ពាន់​លាន​ដុល្លារ​ដោយ​គ្មាន​ហេតុផល​”​។​

​ប៉ុន្តែ​បណ្តាញ​ព័ត៌មាន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ឆ្មាំ​បដិវត្តន៍​បាន​សរសេរ​ចំណងជើង​នៅ​ទំព័រមុខ​កាលពី​ថ្ងៃ​អង្គារ​ដោយ​ភ្ជាប់​ការ​រឹបអូស​យក​កប៉ាល់​នេះ​ទៅ​នឹង​ការចរចា​ជាមួយ​កូរ៉េ​ខាងត្បូង​ស្តី​ពី​ការដោះលែង​មូលនិធិ​ដែល​បាន​បង្កក​។ ចំណងជើង​នៅលើ​កាសែត Vatan Emrooz សរសេរថា “​យើង​បាន​ចាប់ចោរ​”​។ ទីភ្នាក់ងារ​សារព័ត៌មាន Tasnim បាន​និយាយថា​”​ជា​ការឆ្លើយតប​យ៉ាង​ស្អាតស្អំ​​ចំពោះ​ចោរ​លួច​ប្រាក់​ចំណូល​ជាតិ​”៕

​នាវា​ដឹក​ប្រេង​កូរ៉េខាងត្បូង​ត្រូវបាន​អ៊ីរ៉ង់​ចាប់​នៅ​ឈូង​សមុទ្រ​ពែ​ក្ស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular