ដោយៈ ភ្នំស្វាយ /បន្ទាយមានជ័យៈ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានកំពុងតែបន្តការងារ ជួសជុលផ្លូវជាតិ ផ្លូវខេត្ត ដែលបានរងការខូចខាត ដោយទឹកជំនន់ នាពេលកន្លងទៅ។
មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានអោយដឹង កាលពីថ្ងៃទី៥ ខែ មករា ឆ្នាំ២០២១ ថាៈ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយ មានជ័យ បានបន្តការងារថែទាំផ្លូវជាតិលេខ៦ (ចន្លោះពី PK410+800 ទៅដល់ PK414+000) ដោយជួសជុលចិញ្ចើមផ្លូវ ដោយថែមដីល្បាយថ្ម រួចកៀរ កិន និងបង្ហាប់ ស្ថិតនៅក្នុង សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ទន្ទឹមនឹងនោះដែរ ក្រុមការងារ ក៏បន្តការងារថែទាំ ផ្លូវខេត្ត លេខ២៥៦៣B (ចន្លោះពី PK0+000 ទៅដល់ PK0+300) ដោយសម្អាតរុក្ខជាតិ សងខាងផ្លូវ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក និងបានកំពុងបន្តការងារ ថែទាំផ្លូវខេត្តលេខ ១៥៦C (ចន្លោះពី PK26+700 ទៅដល់ PK26+800 ) ដែលរងការខូចខាត ដោយទឹកជំនន់ ដោយបានកំពុងកៀរ កិន និងបង្ហាប់ ដើម្បីសម្រួលចរាចរណ៍ ស្ថិតនៅឃុំសំបួរ ស្រុកមង្គលបូរី។ ដោយឡែក ផ្លូវខេត្តលេខ១៥៦D (ចន្លោះពី PK0+000 ទៅដល់ PK0+400 ) ត្រូវបានបន្តការងារថែទាំ ដោយស្រោចកៅស៊ូ កំទេចថ្ម លើផ្ទៃថ្នល់ ប្រេះពីរជាន់ ស្ថិតនៅ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ហើយក៏បន្តការងារជួសជុល ខួបផ្លូវជុំវិញតំបន់ច្រកស្ទឹងបត់ (ចន្លោះពី PK0+000 ទៅដល់ PK4+075 ) ដោយកាយ កៀរ កិន និងបង្ហាប់ស្ថិតនៅក្នុង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
មន្ត្រីដដែល បានបន្តថាៈ សកម្មភាពថែទាំ ថែទាំខួប ការជួសជុលផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវផ្សេងទៀត ក្នុងខេត្ត ដែលរងការខូចខាត ដោយទឺកជំនន់ ដោយការប្រើប្រាស់ កន្លងមក ដើម្បីកុំអោយខូចខាតធ្ងន់ធ្ងរផង ជាពិសេសបានសម្រួល ដល់ការប្រើប្រាស់ គឺធ្វើដំណើរ និងដឹកជញ្ជូន៕/V-PC