លោក​គីម ជុង​អ៊ុន​សារភាព​កំហុស​របស់​គាត់​លើ​ផ្នែក​សេដ្ឋកិច្ច ខណៈ​សមាជ​បក្ស​ចាប់ផ្តើម​បើក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ទី​០៦​មករា​នេះ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បាន​ទទួលស្គាល់ថា​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​មិន​​អាច​សម្រេចបាន “​ស្ទើរតែ​គ្រប់​វិស័យ​” ខណៈ​ដែល​លោក​បើក​សមាជ​ដ៏​កម្រ​របស់​គណបក្ស​ពលករ​ដែល​កំពុងកាន់​អំណាច​។​

​នេះ​ជា​ការជួប​ប្រជុំ​លើកទីមួយ​ហើយ​ក្នុង​រយៈពេល ៥ ឆ្នាំ និង​មាន​តែ​៨​លើក​ប៉ុណ្ណោះ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នេះហើយ​កើត​ឡើង​នៅ​តែ​ប៉ុន្មាន​សប្តាហ៍​មុន​ពេល​ប្រធានា​ធិ​​បតីជា​ប់ឆ្នោត​អាម៉េរិក ចូ បៃ​ដិន ចូលកាន់​តំណែង​។​

​ទំនាក់ទំនង​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ត្រូវ​បាន​ជាប់គាំង​ចាប់តាំងពី​កិច្ច​ពិភាក្សា​រវាង​លោក​គីម​និង​ប្រធានាធិបតី​ដូណាល់​ត្រាំ​បាន​ជាប់គាំង​ជុំវិញ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​និង​អ្វី​ដែល​ទីក្រុង​ព្យុង​យ៉ាង​សុខចិត្ត​បោះបង់​ចោល​ជា​ថ្នូរ​នឹង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​។​

​ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ កូរ៉េខាងជើង​កាន់តែ​ឯកោ​ជាង​ពេល​ណាៗ​ទាំងអស់ បន្ទាប់​ពី​បិទ​ព្រំដែន​របស់​ខ្លួន​កាលពី​ខែ​មករា​ឆ្នាំ​មុន​ដើម្បី​ការពារ​ខ្លួន​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ដែល​បាន​លេចឡើង​ដំបូ​ង​​នៅក្នុង​ប្រទេស​ជិតខាង​និង​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​ខ្លួន គឺ​ប្រទេស​ចិន​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កណ្តាល​របស់​កូរ៉េ (KCNA) បាន​រាយការណ៍​ថា សមាជ​បាន​បើក​កាលពី​ថ្ងៃ​អង្គារ​នៅ​រដ្ឋធានី​ព្យុង​យ៉ាង​។​

​រូបភាព​នៅក្នុង​កាសែត​របស់​គណបក្ស​កាន់អំណាច Rodong Sinmum បានបង្ហាញ​ប្រតិភូ​និង​អ្នកចូលរួម​ចំនួន ៧.០០០ នាក់ ដែល​ចូលមក​យ៉ាង​ណែន​នៅក្នុង​សាលប្រជុំ​ដោយ​គ្មាន​នរណា​ម្នាក់​ពាក់​​ម៉ាស់​ទេ​។​

​នៅ​ថ្ងៃ​ទីមួយ​នៃ​ការ​ពិនិត្យ​មើល​ស្នាដៃ​របស់​គាត់ លោក​គីម​និយាយថា លទ្ធផល​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​៥​ឆ្នាំ​ចុងក្រោយ “​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​មិន​អាច​បំពេញបាន​នូវ​វិស័យ​ស្ទើរតែ​ទាំងអស់​”​។​

​លោក​គីម​បាន​បន្ថែមថា “​យើង​មាន​បំណង​ធ្វើការ​វិភាគ​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ​…​នូវ​បទពិសោធន៍ មេរៀន និង កំហុស​ដែល​យើង​បាន​ប្រព្រឹត្ត​”​។​

​អត្ថបទ​របស់ KCNA មិន​បាន​បញ្ជាក់​លម្អិត​អំពី​កំហុស​ណាមួយ​នោះ​ទេ ហើយក៏​មិន​មាន​ការ​ចង្អុលបង្ហាញ​ថា លោក​គីម​នឹង​និយាយ​អំពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​សេ​អ៊ូ​ល​នៅក្នុង​សន្ទរកថា​របស់​គាត់ ដែល​រំពឹង​បន្ត​ធ្វើ​នៅ​ថ្ងៃ​ពុធ​នេះ​នោះ​ដែរ​៕

​លោក​គីម ជុង​អ៊ុន​បើក​សមាជ​បក្ស​ពលករ​កាលពី​ថ្ងៃ​អង្គារ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular