ដោយៈ សម្បត្តិ / ភ្នំពេញៈ មានករណីប្រទះឃើញសាកសព បុរសម្នាក់ ស្ថិតក្នុងសភាពស្វិត សល់តែស្បែកដណ្តប់ឆ្អឹង បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅចំណុចដីឡូត៍មួយកន្លែង ក្នុងតំបន់បឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ភិនភាគសព មានសភាពស្វិត សល់តែស្បែកដណ្តប់ឆ្អឹង ពាក់អាវយឺត ពណ៌ប្រផេះ ខោខ្មៅជើងវែង សាច់យឺត ស្បែកជើងស៊កជ័រ ពណ៌ស ក្បាលទំពែក សង្ស័យជាជនជាតិចិន វ័យជាង ៤០ ឆ្នាំ ទំនងស្លាប់ក្នុងរយៈពេលជិតមួយខែមកហើយ ។
បើតាមសាក្សីដែលឃើញមុនគេ គឺយុវជន មានមុខរបរ ជាជាងទឹកភ្លើងម្នាក់ ឈ្មោះ ភិន សុភ័ក្ត្រ អាយុ២៤ឆ្នាំ បានបញ្ជាក់ឱ្យដឹងថាៈ មុនពេលកើតហេតុ មេគាត់ បានប្រើឱ្យគាត់ ពិនិត្យមើលបណ្តាញទឹក ព្រោះទឹក ចេះតែអស់ច្រើន ទើបគាត់បានដើររកមើល តាម ទុយោទឹក ដែលរត់កាត់ លុះគាត់ដើររកមើល តាមទុយោទឹក មកដល់ក្នុងព្រៃ ដីឡូត៍ខាងលើ ស្រាប់តែឃើញសាកសពតែម្តង ទើបគាត់បានរាយការណ៍ប្រាប់ ទៅមេការគាត់ និងរាយការណ៍បន្ត ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកកន្លែងកើតហេតុ ។
បច្ចុប្បន្ន ទីតាំងកើតហេតុ និងសាកសព ត្រូវបានសមត្ថកិច្ចហ៊ុមព័ទ្ធ បង្កើតគណៈកម្មាធិកា ជំនាញ ចូលរួមធ្វើកោសល្យវិច័យ ដើម្បីពិនិត្យពិច័យ រកហេតុផល ឱ្យបានច្បាស់ថា ជនរងគ្រោះ ជាជនជាតិអ្វី ហើយស្លាប់ ដោយសារអ្វីឱ្យប្រាកដ៕/V-PC