ដោយៈម៉េងឆៃ / ភ្នំពេញៈ ក្រសួងទេសចរណ៍ បានប្រកាសកាលពីព្រឹកថ្ងៃទី៥ ខែមករានេះ ថា ក្នុងរយៈពេល ៤ថ្ងៃ កំឡុងពេលឆ្លងឆ្នាំសកល គិតចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ២០២១ កម្ពុជា ទទួលបានភ្ញៀវទេសចរ ១ ២៧៩ ១២៨ នាក់។ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ១ ២៦៨ ០២៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង មានចំនួន ១១ ១០៣ នាក់។
រូបថតក្រសួងទេសចរណ៍
ក្រសួងទេសចរណ៍ បានលើកឡើងនូវចំនួនអ្នកទេសចរ ដែលបានដើរលេងកម្សាន្ត ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល កាលពីចុងសប្តាហ៍មុន នៅតាមគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ នៅភ្នំពេញ ទទួលបានអ្នកទេសចរច្រើនជាងគេ រហូតដល់ ៥១៦ ០៩៥ នាក់ បន្ទាប់មកនៅខេត្តកំពត ១៥២ ១១៩នាក់ ខេត្តព្រះសីហនុ ១៣៦ ៣១៤នាក់ ខេត្តកែប មានចំនួន ៨៧ ៧៣៧ នាក់ ខេត្តសៀមរាប ៧៧ ៦១៨ នាក់ ខេត្តកំពង់ស្ពឺ ៤៦ ០៣០ នាក់ ខេត្តបាត់ដំបង ៤២ ៨៥០ នាក់ ខេត្តកោះកុង ៣១ ៨៧៩ នាក់ ខេត្តកំពង់ចាម ២៧ ១៨៧ នាក់ និងខេត្តកណ្តាល ២៦ ៩៤០ នាក់។
ក្រសួងទេសចរណ៍ បានកត់សម្គាល់ថា ដោយសារព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នាំឲ្យចលនាទេសចរណ៍ផ្ទៃក្នុង នាឱកាសឆ្លងឆ្នាំសកលនេះ មានភាពផុលផុសច្រើន នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស បើទោះបីមិនមានការរៀបចំពិធីទទួលឆ្នាំថ្មី ការប្រគំតន្ត្រី និងការជួបជុំជាទ្រង់ទ្រាយធំក៏ដោយ។
ក្រសួងទេសចរណ៍បន្តថាគ្រប់គោលដៅទេសចរណ៍និងមូលដ្ឋានអាជីវកម្មទេសចរណ៍បានខិតខំអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍។
រូបថតក្រសួងទេសចរណ៍
ក្នុងអំឡុងពេលឈប់សម្រាកចូលឆ្នាំសកលនេះ ក្រុមការងាររបស់គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានចុះពិនិត្យនិងណែនាំដល់ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដើម្បីបញ្ជៀសការជួបជុំទ្រង់ទ្រាយធំ និងកកកុញមានមនុស្សច្រើន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ពាក់ព័ន្ធជំងឺកូវីដ-១៩នេះ នៅមិនទាន់មានភាពពេញលេញទាំងស្រុងនៅឡើយ ពិសេសការរក្សាគម្លាតសុវត្ថិភាព នៅតាមគោលដៅទេសចរណ៍មួយចំនួន ដែលមានលក្ខណៈប្រមូលផ្តុំច្រើន។ កិច្ចការនេះ ក្រសួងទេសចរណ៍ នឹងបន្តការរៀបចំជាមួយរដ្ឋបាលរាជធានី-ខេត្តឲ្យកាន់តែម៉ឺងម៉ាត់បន្ថែមទៀត។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានប្រកាសថា ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅ ក្នុងអំឡុងពេលឆ្លងឆ្នាំសកល នៅកម្ពុជា មានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើង គួរកត់សម្គាល់ទេ ក្នុងរយៈពេល ៤ថ្ងៃនេះ។
រីឯការគ្រប់គ្រងសំរាម នៅតែជាបញ្ហាប្រឈម ជាពិសេសនៅយប់ឆ្លងឆ្នាំ ដោយប្រជាពលរដ្ឋមួយចំនួន មិនបានទុកសំរាម ឲ្យបានត្រឹមត្រូវ ដោយទុកចោលនៅកន្លែងទទួលទានអាហារជុំគ្នា ពិសេសគោលដៅទេសចរណ៍ដែលមានការជួបជុំច្រើន ដូចជា នៅតំបន់ឆ្នេរសមុទ្រ និងទីប្រជុំជនក្នុងរាជធានី-ខេត្ត ជាដើម។ ប៉ុន្តែរដ្ឋបាលរាជធានី-ខេត្ត បានខិតខំចាត់កម្លាំងប្រមូលទុកដាក់សំរាមនេះ នាព្រឹកបន្ទាប់ ដោយពុំធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពគោលដៅទេសចរណ៍ឡើយ។
រូបថតក្រសួងទេសចរណ៍
បញ្ហាសំរាម ក្នុងពេលបុណ្យទាននេះ នៅតែបន្តកើតឡើង ហើយក៏បង្កឡើងដោយមនុស្ស និងជាបញ្ហា ដែលអាចការពារ និងជៀសវាងបាន។ សូម្បីតែនៅមុខវាំង ក្នុងរាជធានីភ្នំពេញ នៅពេលព្រលប់ៗ ដែលមានអ្នកទៅលេងច្រើន ក៏កើតជាសំរាម ថង់ផ្លាស្ទិក ដបទឹកសុទ្ធ ប្រអប់ស្នោរ កែវជ័រ ជាដើម នៅរប៉ាត់រប៉ាយតាមផ្លូវ និងសួនច្បារ គ្មានសណ្តាប់ធ្នាប់ទាល់តែសោះ។
កាកសំណល់សំរាមទាំងនេះ បង្កឡើងដោយក្រុមអ្នកទទួលទាន ដែលបានវេចខ្ចប់ចំណីអាហារ ទៅអង្គុយទទួលទាន លើសួនច្បារ និងទិញរបស់របរលក់ដូរ ប្រហិតចៀន ជាដើម ដែលលក់ទៅទីនោះ។
វិធីងាយស្រួល គឺក្រុមអ្នកនិយមទទួលទានចល័តទាំងនោះ ត្រូវតែវេចខ្ចប់កាកសំណល់ទាំងឡាយ ក្រោយបរិភោគរួច ហើយបើមិនបានយកទៅបោះចោលក្នុងធុងសំរាម ក៏គួរតែគរទុកមួយដុំ ដើម្បីឲ្យក្រុមសន្តិសុខ និងអ្នកបោសសម្អាត យកទៅបោះចោលឲ្យ។
ម្យ៉ាងទៀត ក្រុមអ្នកលក់ដូរចល័ត នៅតាមសួនច្បារ និងកន្លែងកម្សាន្តនានា ត្រូវបង្កើនការទទួលខុសត្រូវរបស់ខ្លួន ក្នុងការធ្វើអនាម័យ សម្អាត ហើយត្រូវធានាថា កន្លែងខ្លួនលក់ដូរ គឺមិនមានកាកសំណល់ ថង់ផ្លាស្ទីក ប្រអប់ស្នោរ នៅរាយប៉ាយឡើយ។
ចំណែកអាជ្ញាធរសមត្ថកិច្ចវិញ ក៏គួរតែបង្កើត និងដាក់ពង្រាយធុងសំរាម នៅតាមតំបន់កម្សាន្ត ពិសេសសួនច្បារទីសាធារណៈ ព្រោះថា នៅសួនច្បារមុខវាំង មិនមានសោះឡើយ ធុងសំរាម។ ធុងសំរាម មានតែនៅមាត់ទន្លេ ខាងត្បូងព្រះអង្គដង្កើ ហើយពោរពេញដោយសំរាម ឡើងហូរហៀរទៀត។ ដូច្នេះចង់មិនចង់ បើគ្មានធុងសំរាមផង អ្នកទៅលេងមុខវាំង សមនឹងអត់មាយាទផង ក៏មិនដឹងកាន់ដើរយកកាកសំណល់ ទៅបោះចោលនៅឯណា គឺមានតែបន្សល់ទុកកាកសំណល់សំរាម នៅកន្លែងស៊ីចុកហ្នឹងតែម្តងទៅ។
និយាយពីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ក្នុងអំឡុងពេលឈប់សម្រាកចូលឆ្នាំសកល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ បានកើតឡើង ៤០លើក បណ្តាលឲ្យស្លាប់ ២៤នាក់ និងរបួស ៤៩នាក់។ ក្នុងនោះ អ្នកធ្វើដំណើរតាមម៉ូតូ ១៤នាក់ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ រយៈពេល ៤ថ្ងៃនេះ។
របាយការណ៍របស់នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បង្ហាញថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើង ២លើក បណ្តាលឲ្យស្លាប់ ៤នាក់ និងរបួស ៤នាក់។ ក្នុងនោះ អ្នកធ្វើដំណើរតាមម៉ូតូស្លាប់ម្នាក់ និងរថយន្តធំ ៣នាក់។ មូលហេតុ ដោយសារល្បឿន។
ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ២១លើក បណ្តាលឲ្យស្លាប់ ១០នាក់ និងរបួស ២៦នាក់។ អ្នកស្លាប់ ៦នាក់ ជាអ្នកធ្វើដំណើរតាមម៉ូតូ។ រីឯមូលហេតុ ច្រើនជាងគេ ដោយសារល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បត់មិនប្រយ័ត្ន និងកត្តាយាន។
ថ្ងៃទី២ ខែមករា គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ៧លើក បណ្តាលឲ្យស្លាប់ ៣នាក់ និងរបួស ៥នាក់។ អ្នកស្លាប់ ម្នាក់ ជាអ្នកធ្វើដំណើរតាមម៉ូតូ។ មូលហេតុ ច្រើនជាងគេ ដោយសារបើកបរមិនគោរពសិទ្ធិ ល្បឿន បត់មិនប្រយ័ត្ន និងកត្តាយាន។
នៅថ្ងៃទី៣ ខែមករាគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ១០លើក បណ្តាលឲ្យស្លាប់ ៧នាក់ និងរបួស ១៤នាក់។ ៦នាក់ ស្លាប់ គឺជាអ្នកធ្វើដំណើរតាមម៉ូតូ។ រីឯមូលហេតុកើតឡើងដដែល គឺច្រើនជាងគេ ដោយសារល្បឿន បើកបរមិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បត់មិនប្រយ័ត្ន និងងងុយដេក។
ចំពោះកំណើននៃអ្នកទេសចរ ដែលហាក់ដូចជាកម្រើកឡើងវិញ នៅអំឡុងពេលចូលឆ្នាំសកលនេះ គឺអ្នកបម្រើសេវាទាំងឡាយ រាប់តាំងពីអ្នកលក់ចល័ត អ្នកជួលតូប កន្ទេលអង្គុយ តាមកន្លែងកម្សាន្តនានាទាំងអស់ ត្រូវតែសហការជាមួយអាជ្ញាធរសមត្ថកិច្ច ដើម្បីបម្រើសេវាល្អ ប្រកបដោយអនាម័យដល់អ្នកទេសចរទាំងអស់ មិនថា ខ្មែរ ឬបរទេសនោះទេ។
ពិសេសទៅទៀត តម្លៃសេវាកម្មរបស់ខ្លួន ពិសេសម្ហូបអាហារ បន្ទប់ស្នាក់នៅ ជាដើម រួមទាំងការដឹកជញ្ជូនផង សូមកុំកាប់កោរ នៅថ្ងៃបុណ្យទាន។ បទពិសោធន៍កន្លងមក ពិសេសនៅពេលកូវីដ ធ្វើឲ្យស្ងាត់ភ្ញៀវស្ទើរពេញមួយឆ្នាំ២០២០ កន្លងមកនេះ គឺល្មមជាមេរៀន ដកពិសោធន៍ហើយ។ ដូច្នេះគួរតែរក្សាចាស់ ហើយបង្កើនថ្មី។ ខ្មែរយើង ងាប់រស់នឹងពាក្យសម្តី ព្រមទាំងការយកចិត្តនេះហើយ។ រឿងខ្លាចកូវីដ ជារឿងមួយ តែក៏នៅតែមានអ្នកដើរលេង ព្រោះកូវីដ យើងអាចបង្ការបាន តាមវិធីងាយរបស់ក្រសួងសុខាភិបាល ពិសេសពាក់ម៉ាស់ លាងសម្អាតដៃញឹកញាប់ និងរក្សាគម្លាតពីគ្នាយ៉ាងតិច ១ម៉ែត្រកន្លះ ជាដើម។
ទន្ទឹមនឹងវិធានការការពារកុំឲ្យឆ្លងកូវីដ និងការរក្សាកំណើនអ្នកទេសចរ ក្នុងអំឡុងពេលឈប់សម្រាកដើរលេង ពេលបុណ្យទានក្នុងស្រុកយើង គឺយើងក៏ត្រូវតែចងចាំ និងបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត លើបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ចូរគិតបន្តិចថា អំឡុងពេលឈប់សម្រាកចូលឆ្នាំសកល ៤ថ្ងៃនេះ កូវីដ មិនបានសម្លាប់ប្រជាជនកម្ពុជាណាម្នាក់ទេ តែគ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់ប្រជាពលរដ្ឋខ្មែរយើង ដល់ទៅ ២៤នាក់ និងរបួស ៤៩នាក់។ នេះមិនទាន់គិតដល់ការខាតបង់ទ្រព្យសម្បត្តិ និងបាត់បង់ពេលវេលា ព្រមទាំងចំណាយលើបុណ្យសព និងព្យាបាលរបួស ដោយសារតែគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៤ថ្ងៃនោះឡើយ។
ដូច្នេះសូមបន្តសប្បាយ តែក៏កុំឲ្យសប្បាយរបស់យើង ពេលដើរលេងនោះ ក្លាយជាទុក្ខសម្រាប់ខ្លួនយើងម្នាក់ៗផង សម្រាប់គ្រួសារផង និងនាំទុក្ខលំបាកសម្រាប់សង្គមជាតិនោះឡើយ៕សរន