សម្ពោធ​មណ្ឌល​ច​ត្តា​ឡី​ស័ក រាជធានី​ភ្នំពេញ ដែល​អាចដាក់​មនុស្ស​បាន​ជាង ៥០០ នាក់​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ មណ្ឌល​ច​ត្តា​ឡី​ស័ក រាជធានី​ភ្នំពេញ មួយកន្លែង មាន​ទីតាំង ស្ថិតនៅ​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ បាន​ស្ថាបនា រួច​ជា​ស្ថាពរ​ហើយ និង​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១​នេះ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល រាជធានី​ភ្នំពេញ និង​លោកស្រី ជា ស៊ីណា ឃួ​ង ស្រេង រួម​ជាមួយនឹង​អភិបាលរង​រាជធានី លោក​និង​លោកស្រី អភិបាលខណ្ឌ​ទាំង​១៤ ព្រមទាំង​មន្ត្រីរាជការ ចំណុះឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជាច្រើនរូប​ទៀត​។​

​គួរបញ្ជាក់​ថាៈ មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ មាន​ចំនួន ៤ អគារ និង​មួយ​អគារ កន្លែង​គ្រូពេទ្យ សម្រាប់​យក​សំណាក ដែល​ក្នុង​មួយ​អគារ ដាក់​មនុ​ស្សបាន ១២៦ នាក់ ។ ដូច្នេះ ៤ អគារ ស្មើនឹង​៥០៤​នាក់ ចែកចេញជា ៥០៤ បន្ទប់ ស្មើនឹង ៥០៤ គ្រែ ជាមួយនឹង ការបំពាក់​កង្ហារ បន្ទប់ទឹក បង្គន់​អានា​ម័​យ និង​ការរៀបចំ​នូវ ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន​ទៀត ដែល​បាន​បង្កលក្ខណៈ​ងាយស្រួល ឲ្យ​បងប្អូន​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ភាព​ងាយ ស្រួល​។​

​ក្នុងឱកាស​នោះ លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថាៈ មណ្ឌល​ច​ត្តា​ឡី​ស័ក​នេះ ធ្វើឡើង​ដើម្បី​ដាក់​អ្នកដំណើរ ដែល​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​តាម​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ហើយ​អ្នកដំណើរ​ទាំងអស់នោះ ត្រូវបាន​ចែកជា​ពីរ​ប្រភេទ​គឺ បើ​អ្នកដំណើរ មានលទ្ធភាព​គ្រប់គ្រាន់ មាន​លុយកាក់​ច្រើន ពួកគាត់ អាចធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ សំណាក់ ឬ​សណ្ឋាគារ ។ តែបើ​អ្នកដំណើរ មិនមាន​លទ្ធភាព គ្រប់គ្រាន់​ទេ​ពួកគាត់​អាច ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មជ្ឈមណ្ឌល ច​ត្តា​ឡី​ស័ក រាជធានី បាន ដោយ​មណ្ឌល​នេះ​មិន​តម្រូវ អោយ មានការ​បង់ថ្លៃ​សេវា​នោះទេ ព្រមទាំង​ផ្ដល់នូវ​អាហារ​ហូបចុក ក្នុង​មួយថ្ងៃ ៣ ពេល ជាមួយនឹង​ការធ្វើ​តេស្ត​សំណាក ដោយ​មិន​អស់ប្រាក់ ថែមទៀត​។​

​លោក​ក៏បាន​បញ្ជាក់ថាៈ នៅ​ថ្ងៃទី​១១ ខែមករា ខាងមុខនេះ នៅតាម​បណ្ដា សាលារៀន ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ នឹង​បើក​វេ​សន​កាល ចូលរៀន​វិញ​។ ដូច្នេះ​សាលា​ដែល ធ្លាប់ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវប្រគល់​ទៅ​ឲ្យ​សាលា​វិញ ដើម្បី​ឲ្យ​សិស្សានុសិស្ស​អាច ចូលរៀន​បាន ។ ចំណែក​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាននិងកំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម សាលារៀន ទាំងនោះ នឹងត្រូវ​ប្ដូរ​មក​នៅ មណ្ឌល​ច​ត្តា​ឡី​ស័ក រាជធានី​ភ្នំពេញ​នេះ ។​

​បើតាម​របាយការណ៍រ​ប​ស់លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បានបញ្ជាក់​ថាៈ អគារ​ច​ត្តា​ឡី​ស័ក​នេះ មាន​ចំនួន ៤ អាគារ ដែល​១​អគារ មាន​ទទឹង ២០​ម៉ែត្រ និង​បណ្តោយ ៤០​ម៉ែត្រ មាន​បន្ទប់ទឹក និង​បន្ទប់​អនាម័យ​ជាមួយនឹង ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញ​ផ្លូវ​លូ ទឹក ភ្លើង​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular