I. ចំណី​អ្វីខ្លះ​សំរាប់​ចិញ្ចឹម​ពពែ​?
​សត្វ​ក៏ដូចជា​មនុស្ស​ដែរ ត្រូវការ​ចំណី​ច្រើន​ប្រភេទ​សំរាប់​ការរីក​ធំធាត់​បានល្អ ។ ប្រសិនបើ​មនុស្ស​បរិភោគ​តែ​បាយ អ្នកនោះ​នឹងមាន​ការរីក​ធំធាត់​យឺត ។ ប្រសិនបើ​សត្វ​ស៊ី តែ​ស្មៅ វា​ក៏មាន​ការរីក​ធំធាត់​យឺត​ដែរ ។ មាន​ចំណី​ច្រើន​ប្រភេទ​សំរាប់​ចិញ្ចឹមសត្វ​ឲ្យ​រីក​ធំ ធាត់​លឿន ផ្ដល់​កូន​ដែលមាន​សុខភាព​ល្អ និង​មាន​ទឹកដោះ​ច្រើន​សំរាប់​កូន​វា​បៅ​រីក​ធំធាត់​ល្អ ។​

តើ​ចំណី​អ្វីខ្លះ​អាច​ផ្ដល់​ឲ្យ​ពពែ
១-​ស្មៅ​: ស្មៅ​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​ចំណី​របស់​ពពែ ។ ពពែ​អាច​ស៊ី​ស្មៅ​ដោយ​គេ​ព្រលែង​វា ឲ្យ​ស៊ី​តាម​វាល ឬ​ច្រូតស្មៅ​ឲ្យ​វា​ស៊ី​នៅក្នុង​ក្រោល ។ ស្មៅ​ផ្ដល់​ថាមពល ប្រូតេអ៊ីន និង​អំបិល ខនិជ (Mineral) ដល់​សត្វ ។​
២-​រុក្ខជាតិ​ផ្លែ​គួរ (​មាន​គ្រាប់​តូចៗ​ច្រើន​): រុក្ខជាតិ​ផ្លែ​គួរ​ត្រូវ​បានផ្ដល់​ឲ្យ​សត្វ​ជា​ចំណី​បន្ថែម ដែលមាន​ប្រូតេអ៊ីន និង​អំបិល​ខនិជ សំរាប់​ការលូតលាស់ និង​ការផលិត​កូន ឬ​ការផលិត ទឹកដោះ ។ ចំណី​ទាំងនេះ​អាច​បានមកពី​គ្រាប់ ឬ​ស្លឹក​ដំណាំ ដូចជា​សណ្ដែក សណ្ដែកដី ឬ​សណ្ដែកបារាំង ។​
៣-​ស្លឹក​រុក្ខជាតិ​: ស្លឹក​រុក្ខជាតិ​ខ្លះ​អាច​ផ្ដល់​ប្រូតេអ៊ីន​ដល់​សត្វ ។ រុក្ខជាតិ​ទាំងនេះ ងាយ​ដាំ ហើយ​អាច​ផ្ដល់​ជា​ប្រភព​យូរអង្វែង​សំរាប់​ចំណី​សត្វ​។​
៤-​អនុ​ផលិតផល​: ចំណី​អនុ​ផលិតផល​មានដូចជា​កន្ទក់ ម្សៅដំឡូង​មី​ម្សៅ​សណ្ដែកសៀង និង​អនុ​ផលិតផល​ផ្សេងៗ​ទៀត​ជាច្រើន ដែល​អាច​ផ្ដល់​ថាមពល និង​ប្រូតេអ៊ីន​ដល់​សត្វ ។ ជាទូទៅ ចំណី​អនុ​ផលិតផល​មិនមាន​តំលៃ​ថ្លៃ​ប៉ុន្មាន​ទេ ហើយ​មាន​អត្ថប្រយោជន៍​ខ្លាំង ណាស់ ប្រសិនបើ​កសិករ​ចង់​ឲ្យ​សត្វ​របស់ខ្លួន​មាន​ការរីក​ធំធាត់​លឿន ។​
៥-​កាកសំណល់​អាហារ​ក្នុងផ្ទះ​: ចំណី​ដែល​បាន​ពី​កាកសំណល់​អាហារ​ក្នុងផ្ទះ មានដូចជា សំបក និង​ស្លឹក​ដំឡូងជ្វា ស្លឹក​ដំឡូង​មី​ស្ងួត និង​កាកសំណល់​ផ្សេងៗ​ទៀត​ដែល​អាច​ផ្ដល់ ជា​ចំណី និង​មាន​អត្ថប្រយោជន៍​ចំពោះ​សត្វ ។​
៦-​ធញ្ញជាតិ​: ពពែ​អាច​ត្រូវបាន​ចិញ្ចឹម​ដោយ​ផ្ដល់​ធញ្ញជាតិ​ជា​ចំណី​ដូចជា ល្ពៅ និង​ពោត ។ សត្វ​ដែល​ចិញ្ចឹម​ដោយ​ឲ្យ​ស៊ី​ចំណី​ទាំងនេះ​នឹង​រីក​ធំធាត់​បានល្អ ។ ប៉ុន្តែ​ចំណី​ទាំងនេះ​មាន តំលៃ​ថ្លៃ​ហើយ​មិន​ផ្ដល់​ការ​ចំនេញ​ក្នុងការ​ប្រើប្រាស់​ជា​ចំណី​សត្វ ។​
៧-​អំបិល​ខនិជ​: សត្វ​ក៏ត្រូវ​ការ​អំបិល និង​អំបិល​ខនិជ​ក្នុង​ចំណី​របស់​វា ដើម្បី​ឲ្យ​វា​រីក​លូត លាស់​បានល្អ ។ អំបិល​ធម្មតា ថ្មកំបោរ និង​អំបិល​ខនិជ​ចំរុះ អាច​ផ្ដល់​ឲ្យ​សត្វ​ស៊ីក្នុង​ចំនួន​តិច តួច ។​
៨-​ទឹក​: ទឹក​មាន​សារៈសំខាន់​សំរាប់​សត្វ ដូចគ្នា​ទៅនឹង​មនុស្ស​ដែរ ។ សត្វ​ខ្លះ​ត្រូវការ​ទឹក​ច្រើន ជាង​សត្វ​ដទៃទៀត ដូចជា មេ​ពពែ​ក្នុង​ការផលិត​ទឹកដោះ ។​

II. ស្មៅ​
​ពពែ​ត្រូវការ​ស្មៅ​ច្រើនជាង​ចំណី​ដទៃទៀត ។ មាន​មធ្យោបាយ​ពីរ​ដែល​សត្វ​អាច ទទួល​ស្មៅ​ជា​ចំណី​គឺ ការលែង​សត្វ​ឲ្យ​ស៊ី​តាម​ទីវាល និង​ការ​ច្រូតស្មៅ​ឲ្យ​សត្វ​ស៊ីក្នុង​ក្រោល ។​
១-​ការលែង​សត្វ​ឲ្យ​ស៊ី​ស្មៅ​តាម​វាល​
​ ​-​សត្វ​គួរតែ​ត្រូវបាន​លែង​តាម​វាល​ឲ្យ​ស៊ី​ស្មៅ​ឲ្យ​បានយូរ​តាម​ដែល​អាចធ្វើ ទៅបាន ។ យ៉ាងហោចណាស់ ពពែ​ត្រូវ​លែង​តាំងពី​ព្រលឹម​រហូតដល់​ក្រោយ​ថ្ងៃត្រង់ (៨​ម៉ោង ឬ​ច្រើនជាង​នេះ​) ដើម្បី​ស៊ី​ស្មៅ​តាម​វាល ហើយ​ចំណី​បន្ថែម (​ស្មៅ ឬ​ស្លឹកឈើ​) ត្រូវ​ផ្ដល់​ឲ្យ​វា ជា​បន្ថែម ។​
​ ​-​វាលស្មៅ​ត្រូវមាន​ស្មៅ​គ្រប់គ្រាន់​ដើម្បី​ឲ្យ​សត្វ​ស៊ី ។​
​ ​-​ពពែ​ត្រូវការ​អ្នក​ឃ្វាល ដើម្បី​ការពារ​កុំ​ឲ្យ​ចោរលួច ឆ្កែ​ខាំ ឬ​បាត់បង់ ។​
២-​ការ​ច្រូតស្មៅ និង​ដឹកជញ្ជូន​ស្មៅ​ឲ្យ​សត្វ​ស៊ី
​ចំពោះ​សត្វ​ចិញ្ចឹម​ក្នុង​ទ្រុង និង​សត្វ​ដែល​ត្រូវបាន​ព្រលែង​ឲ្យ​ស៊ី​ស្មៅ​តាម​វាល​តែ​៤ ម៉ោង ឬ​៥​ម៉ោង ក្នុង​មួយថ្ងៃ ស្មៅ​ត្រូវបាន​ច្រូត​ដើម្បី​ផ្ដល់​ជា​ចំណី​ដល់​សត្វ​ទាំងនោះ ។​
​ ​-​ត្រូវ​ជ្រើសរើស​ស្មៅ​នៅ​ខ្ចី​ដើម្បី​ច្រូត ។ ស្មៅ​ត្រូវមាន​ពណ៌​បៃតង ហើយ​មិនមាន ផ្កា ឬ​មិនមាន​គ្រាប់ ។ ស្មៅ​ខ្ចី​មាន​លក្ខណៈ​ល្អប្រសើរ​សំរាប់​សត្វ​ជាង​ស្មៅ​ចាស់ ។​
​ ​-​ត្រូវ​ច្រូតស្មៅ ឬ​កាត់​រុក្ខជាតិ​ផ្លែ​គួរ ក្រោយ​ថ្ងៃត្រង់ ។ ការធ្វើ​របៀបនេះ គឺ​ដើម្បី ជួយ​កាត់បន្ថយ​ចំនួន​ដង្កូវ និង​ពង​ដង្កូវ​ឲ្យ​នៅ​ទាប ។​
​ ​-​ត្រូវ​ច្រូតស្មៅ​លាយ​គ្នា​នឹង​ការកាប់​មែក​-​ស្លឹកឈើ​ដាក់​ឲ្យ​សត្វ​ស៊ី ។ ពពែ​ជាស​ត្វ ស៊ី​រើស ហើយ​ការ​មាន​ចំណី​ច្រើនបែប នឹង​ងាយស្រួល​ឲ្យ​វា​ជ្រើសរើស​ចំណី​ណា​ដែល​វាច​ង់ ស៊ី ។​
​ ​-​ស្លឹកឈើ​គួរតែ​ត្រូវបាន​ច្រូតកាត់ ដើម្បី​ផ្ដល់​ជា​ចំណី​សត្វ ។​
​ ​-​ត្រូវ​ផ្ដល់​ចំណី​ដល់​ពពែ​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​វា​ចង់ស៊ី ។​

III. រុក្ខជាតិ​ផ្លែ​គួរ​
​រុក្ខជាតិ​ផ្លែ​គួរ​ត្រូវ​បានផ្ដល់​ជា​ចំណី​ពពែ​ដើម្បី​ផ្ដល់​ប្រូតេអ៊ីន​សំរាប់​ការលូតលាស់ និង​ផលិក​ម្ម ។ ជាទូទៅ រុក្ខជាតិ​ផ្លែ​គួរ គឺជា​រុក្ខជាតិ​ដែលមាន​ផ្លែ​ជា​គួរ​ដោយមាន​គ្រាប់​ច្រើន ដូច​សណ្ដែក ឬ សណ្ដែកបារាំង ។ សណ្ដែកដី ក៏​ជា​រុក្ខជាតិ​ផ្លែ​គួរ​ដែរ ។​
​ ​-​ត្រូវ​ច្រូតកាត់​រុក្ខជាតិ​ផ្លែ​គួរ​ពេល​វា​នៅ​ខ្ចី ហើយ​ផ្ដល់​ជា​ចំណី​ដល់​សត្វ​ដោយ លាយ​វា​ជាមួយ​ស្មៅ ។​
​ ​-​រុក្ខជាតិ​ផ្លែ​គួរ​អាច​ដាំ​លាយ​ចំរុះ​ជាមួយ​ស្មៅ ។​
​ ​-​បរិមាណ​រុក្ខជាតិ​ផ្លែ​គួរ​ដែល​ផ្ដល់​ជា​ចំណី​សត្វ អាស្រ័យទៅលើ​សត្វ និង​ប្រភេទ ផលិតកម្ម ។ សត្វ​ផើម និង​សត្វ​កំពុង​បំបៅកូន ត្រូវការ​រុក្ខជាតិ​ផ្លែ​គួរ​ច្រើនជាង​សត្វ​ឈ្មោល ។ ករណីនេះ គឺ​ដោយសារ​ថា សត្វ​ញី​ផលិត​កូន និង​ទឹកដោះ ។ សត្វ​តូចៗ​ក៏ត្រូវ​ការ​ចំណី រុក្ខជាតិ​ផ្លែ​គួរ​ច្រើន ពីព្រោះ វា​ត្រូវការ​ការលូតលាស់ ។​

IV. មែក​-​ស្លឹកឈើ​
​​ដើមឈើ​ខ្លះ​ក៏​ជា​រុក្ខជាតិ​មាន​ផ្លែ​គួរ​ដែរ ហើយ​ផ្ដល់​ស្លឹក​ជា​ចំណី​ពពែ​ដែលជា ប្រភព​ប្រូតេអ៊ីន​មួយ​ដ៏​ល្អ ។ ឧទាហរណ៍​ខ្លះៗ​នៃ​រុក្ខជាតិ​ទាំងនោះ គឺ ដើម​ក​ន្ធុំ​ថេត ដើម​អង្គារ ដី​។​ល​។​
​ ​-​សត្វ​អាច​ស៊ី​ស្លឹក និង​មែក​តូចៗ​របស់​រុក្ខជាតិ​ទាំងនោះ ។​
​ ​-​ស្លឹកឈើ​អាចយ​កមក​ជំនួស​រុក្ខជាតិ​ផ្លែ​គួរ (​ពពួក​សណ្ដែក​) ។ ត្រូវ​ផ្ដល់​ស្លឹកឈើ ឲ្យ​សត្វ​ស៊ី មិន​លើសពី​៣០%​នៃ​ចំណី​ឬ​ស្មៅ ។​
​ ​-​ត្រូវ​កាត់​មែកឈើ​កំពស់​មួយ​ម៉ែត្រ​ពី​ដី ហើយ​ដាក់​មែកឈើ​តូចៗ​ទៅក្នុង​ស្នូក ចំណី ឬ​ចង​ព្យួរ​ក្នុង​ក្រោល​ឲ្យ​សត្វ​ស៊ី ។ ពពែ​ចូលចិត្ត​ស៊ី​ចំណី​ដែល​ព្យូ​រ​ផុតពី​ដី​ដើម្បី​ងាយ ស្រួល​វា​ជ្រើសរើស ។​
​ ​-​ដូច​រុក្ខជាតិ​ផ្លែ​គួរ​ដទៃទៀត​ដែរ សត្វ​ផើម សត្វ​មានកូន ឬ​សត្វ​កំពុង​លូតលាស់ ត្រូវការ​ស្លឹកឈើ​ច្រើនជាង​សត្វ​ពេញវ័យ ។​
​ ​-​រុក្ខជាតិ​ជា​ចំណី​សត្វ អាច​ដាំ​តាម​របង​ជុំវិញ​ផ្ទះ ឬ​ក្រោល​សត្វ​ដោយ​ដាក់​ជី កំ​ប៉ុ​ស​លាមក​សត្វ ។​
​ ​-​ត្រូវ​ជ្រើសរើស​ពូជ​រុក្ខជាតិ​ណា​ដើម្បី​ដាំ អាស្រ័យ​លើ​សណ្ឋាន​ដី និង​អាកាស ធាតុ និង​ប្រភេទ​ដំណាំ ។​

VI. ការផ្ដល់​អំបិល និង​អំបិល​ខនិជ​
​ពពែ​ត្រូវការ​អំបិល និង​អំបិល​ខនិជ ដើម្បី​រីកលូតលាស់ និង​សំរាប់​បង្កើន​ភាប ឆ្ងាញ់ (Appetitc) របស់​វា ។​
​មាន​មធ្យោបាយ​ជាច្រើន​ក្នុងការ​ផ្ដល់​អំបិល ឬ​អំបិល​ខនិជ​ជា​ចំណី​សត្វ​:
​ក​-​ដាក់​អំបិល​ក្នុង​បំពង់​ឬ​ស្សី​ឲ្យ​សត្វ​លិ​ឍ​
​ ​ក្នុង​មធ្យោបាយ​នេះ អំបិល​នឹងមិន​ត្រូវបាន​ខ្ជះខ្ជាយ ហើយ​សត្វ​អាច​លិឍ​បំពង់ ឬ​ស្សី​នៅពេលដែល​វា​ត្រូវការ​អំបិល ។​
​ ​វិធី​ធ្វើ​បំពង់​ឬ​ស្សី​ដាក់​អំបិល​ឲ្យ​សត្វ​លិ​ឍ​:
​ ​-​ជ្រើសរើស​បំពង់​ឬ​ស្សី​ធំ (​អង្កត់ផ្ចិត​ពី​៦​ទៅ​៩​ស​.​ម​)
​ ​-​កាត់​បំពង់​ឬ​ស្សី​ប្រវែង​មួយ​ថ្នាំង​កន្លះ (​មើលរូប​)
​ ​-​សកសំបក​ស្រទាប់​ក្រៅ​បំពង់​ឬ​ស្សី (​មើលរូប​)
​ ​-​ចោះ​មាត់​បំពង់ ដាក់​ដៃ​យួរ ដើម្បី​ងាយស្រួល​ក្នុងការ​ព្យួរ​វា​នៅក្នុង​ក្រោល​
​ ​-​ចាក់​អំបិល និង​អំបិល​ខនិជ​ចំរុះ និង​ចាក់ទឹក​បន្តិច​ចូលក្នុង​បំពង់​ឬ​ស្សី​
​ ​-​ព្យួរ​បំពង់​ឬ​ស្សី​នៅ​កាច់ជ្រុង​ក្រោល​កំពស់ ៧៥-១០០ ស​.​ម ពី​កម្រាល​ទ្រុង ។​
​ ​
​ ​ខ​-​ដាក់​អំបិល​ក្នុង​កូន​ធុង​ជ័រ​តូច ហើយ​ចងភ្ជាប់​ធុង​ជ័រ​នោះ​ទៅនឹង​ជ្រុង​ជញ្ជាំង ខាងក្នុង​ក្រោល ដើម្បី​ឲ្យ​សត្វ​លិ​ឍ ។​


​គ​-​ការធ្វើ​ដុំ​អំបិល ឬ អំបិល​ខនិជ និង​ព្យួរ​វា​ក្នុង​ទ្រុង​
​ ​ដុំ​អំបិល ឬ​អំបិល​ខនិជ​អាច​ឲ្យ​សត្វ​លិឍ និង​អាច​ឲ្យ​សត្វ​ទទួលបាន​អំបិល ពេលណា​វា​ត្រូវការ ។ ដុំ​អំបិល​នេះ អាច​ត្រូវបាន​ប្រើប្រាស់​ក្នុង​រយៈពេល​វែង ហើយ​ជា មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ក្នុងការ​ផ្ដល់​អំបិល​ខនិជ​ទៅ​ឲ្យ​សត្វ ។​
​ ​សំភារៈ​សំរាប់ធ្វើ​ដុំ​អំបិល​ខនិជ​មានៈ​
​ ​-​អំបិល​ខនិជ​ចំរុះ (១ គ​.​ក្រ​)
​ ​-​អំបិល​ធម្មតា ៣.៤៥ គ​.​ក្រ​
​ ​-​ស៊ីម៉ង់ត៍ ០,៥៥ គ​.​ក្រ​
​ ​-​ទឹក​
​ ​-​ធុង​ប្លា​ស្ទិ​ច (​ធុង​ជ័រ​) តូច​ចំណុះ ៤-៥​លីត្រ​
​ ​-​ដែក​លួស​រឹង​មា សំរាប់​ដាក់​ក្នុង​ដុំ​អំបិល ដើម្បី​អាច​ព្យូ​រ​វា​ក្នុង​ក្រោល​ក្រោយពេល ដុំ​អំបិល​រឹង ។​
​ ​-​ថង់​ប្លា​ស្ទិ​ច
​ ​-​ធុង​ធំ​សំរាប់​លាយ​

​+វិធី​ធ្វើ​
​ ​-​ដាក់​ថង់​ប្លា​ស្ទិ​ច​ចូលក្នុង​ធុង​ជ័រ ដើម្បី​ងាយស្រួល​ក្នុង​ការយក​ដុំ​អំបិល​ចេញ​ពេល វា​រឹង ។​
​ ​-​ប្រើ​ដែក​លួស​ប្រវែង ៤០​ស​.​ម ហើយ​ពុត​ជា​ទំ​ពូក​ចុង​ទាំងសងខាង (​មើលរូប​) ។​
​ ​-​ដាក់​ស៊ីម៉ង់ត៍​ក្នុង​ធុង​ធំ​ហើយ​លាយ​ទឹក​បន្តិច ។ ដាក់​បន្ថែម​ម្សៅ​អំបិល​ខនិជ​ចំរុះ និង​អំបិល​ទៅក្នុង​ធុង​ធំ ។​
​ ​-​ដាក់​ដែក​លួស​ចូលក្នុង​ធុង​ល្បាយ​ឲ្យ​ដល់​បាត​ធុង ។​
​ ​-​ដាក់​ធុង​ល្បាយ​នៅ​កន្លែង​សមរម្យ កុំ​ឲ្យ​ត្រូវ​ភ្លៀង និង​កុំ​ឲ្យ​ស្លឹកឈើ​ជ្រុះ​លើ ចំនួន​៤​ថ្ងៃ ទំរាំ​វា​ស្ងួត ។​
​ ​-​ក្រោយពេល​ស្ងួត​ត្រូវយក​ថង់​ប្លា​ស្ទិ​ច​ចេញពី​ដុំ​អំបិល ហើយ​ព្យួរ​វា​នៅក្នុង​ទ្រុង កំពស់​មួយ​ជំហរ​សត្វ​តូច​ជាងគេ ។​

VII. ទឹក​
​រាងកាយ​សត្វ​ផ្សំ​ឡើង​ពី​ទឹក​ចំនួន ៧០% ។ ប្រសិនបើ​សត្វ​បាត់បង់​ជាតិ​ទឹក​ចំនួន ២០% នៃ​ទឹក​ក្នុង​រាងកាយ វា​នឹង​បណ្ដោយ​ឲ្យ​សត្វ​ស្លាប់ ។ ទឹក​មាន​សារៈសំខាន់​សំរាប់​រាល់ ដំណើរការ​ជីវិត​រួមទាំង​ការរំលាយ​អាហារ ។ វា​ជាការ​ចាំបាច់​ណាស់ ដែល​ត្រូវតែ​មានទឹក គ្រប់ពេលវេលា ។​
​​បរិមាណ​ទឹក​ដែល​សត្វ​ត្រូវការ ប្រែប្រួល​អាស្រ័យ​លើ​:
​ ​-​សភា​ពនៃ​សរីរៈ​របស់​សត្វ​-​សត្វ​តូច​ត្រូវការ​ទឹក​ច្រើនជាង​សត្វ​ពេញវ័យ សត្វ​បំបៅកូន​ត្រូវការ​ទឹក​ច្រើនជាង​សត្វ​មិន​បំបៅកូន ។​
​ ​-​សត្វ​ដែល​គេ​ផ្ដល់​ចំណី​ចាស់ ឬ​ចំណី​ធម្មជាតិ ត្រូវការ​ទឹក​ច្រើនជាង​សត្វ​ដែល​គេ ផ្ដល់​ចំណី​ខ្ចី ។​
​ ​ពពែ​ត្រូវការ​ទឹកជា​មធ្យម​ពី​១.៥​ទៅ​២.៥ លីត្រ​/​ថ្ងៃ ។ ទឹក​ផឹក​ត្រូវតែ​ស្អាត ហើយ​ស្នូក​ទឹក​ត្រូវតែ​សំអាត រៀងរាល់​២​ថ្ងៃ​ម្ដង ។​

​ស្នូក​ទឹក​
​ស្នូក​ទឹក​អាច​ទិញ ឬ​ធ្វើ​ដោយ​កសិករ​ផ្ទាល់ ។ ឧទាហរណ៍​នៃ​ការធ្វើ​ស្នូក​ទឹក មាន​ដូចខាងក្រោម​
​ ​ក​-​ធុង​ជ័រ​
​ ​-​ត្រូវដាក់​ជិត​ស្នូក​ចំណី​
​ ​-​នៅក្នុង​ក្រោល​ត្រូវដាក់​វា​នៅ​កន្លែង​ណា​ដែល​វា​មិនអាច​ដួល​ក​ម្ព​ប់ ។​
​ ​ខ​-​ស្នូក​ទឹក​ធ្វើ​ពី​ឈើ
​ ​-​ទំហំ​ស្នូក​ទឹក​អាស្រ័យ​លើ​ចំនួន​សត្វ​
​ ​-​បន្ទះក្ដារ​ត្រូវ​ដំ​ភ្ជាប់​គ្នា ហើយ​លាប​ពណ៌​ខ្មៅ​ដើម្បី​ប្រើប្រាស់​បានយូរ​
​ ​-​ត្រូវដាក់​ស្នូក​ទឹក​ជិត​ស្នូក​ចំណី ហើយ​មិនត្រូវ​ឲ្យ​វា​ដួល​ក​ម្ព​ប់ ឬ​ធ្វើ​ឲ្យ​កខ្វក់​
​គ​-​ស្នូក​ទឹក​ធ្វើ​ពី​បំពង់​ឬ​ស្សី​ធំៗ​
​ ​-​បំពង់​ឬ​ស្សី​ដែល​យកមកប្រើ ត្រូវមាន​ទំហំ​ធំ​
​ ​-​ប្រវែង​ស្នូក​ទឹក អាស្រ័យ​លើ​ទំហំ​ក្រោល ឬ​ចំនួន​សត្វ​
​ ​-​ស្នូក​ទឹក ត្រូវដាក់​នៅ​ផ្នែក​ខាងក្រោយ​ក្រោល ។​

VIII. ការពិចារណា​លើ​ទ្រូង​សំរាប់​ការចិញ្ចឹម​ពពែ
​តំរូវការ​ចំណី​សំរាប់​ពពែ មាន​លក្ខណៈខុសៗ​គ្នា​ពីស​ត្វ​មួយ​ទៅ​សត្វ​មួយ​ដោយ អាស្រ័យទៅលើ​លក្ខណៈ​សរីរៈ​របស់​វា ដូចជា មេ​ផើម ឬ​មេ​បំបៅកូន មេ​ជំទង់ ឬ​មេ​មិនទាន់ ផើម សត្វ​ឈ្មោល​ពេញវ័យ និង​កូន​ពពែ​កំពុង​រីកលូតលាស់​លឿន ។ ពពែ​គួរ​ត្រូវបាន​ចិញ្ចឹម អាស្រ័យ​លើ​លក្ខណៈ​របស់​វា ហើយ​ដើម្បី​ធ្វើដូចនេះបាន សត្វ​ត្រូវ​បានដាក់​ឲ្យ​នៅក្នុង​ទ្រុង ដាច់ដោយឡែក​ពីគ្នា ។​
​ ​
ការដាក់​សត្វ​ក្នុង​ទ្រុង គឺ​អាស្រ័យទៅលើ ភេទ អាយុ និង​លក្ខណៈ​សរីរៈ​របស់​សត្វ ។​
​ឧទាហរណ៍​:
​ ​-​មេ​ផើម និង​មេ​មានកូន​
​ ​-​មេ​ជំទង់​មុនពេល​អាយុ​ចាស់​គ្រប់គ្រាន់​សំរាប់​បង្កាត់​
​ ​-​សត្វ​ឈ្មោល​ពេញវ័យ​
​ ​-​កូន​ពពែ​ផ្ដាច់ដោះ​
​ ​
ការដាក់​សត្វ​ក្នុង​ទ្រុង​ដោយឡែក​ពីគ្នា គឺជា​ការចាំបាច់​ដើម្បី​កុំ​ឲ្យ​សត្វ​ដណ្ដើម​គ្នា ស៊ី​ចំណី ។ ឧទាហរណ៍ ប្រសិនបើ​សត្វ​ឈ្មោល​ពេញវ័យ​ត្រូវ​បានដាក់​ក្នុង​ទ្រុង​ជាមួយ​សត្វ មេ​ដែល​មានកូន នោះ​សត្វ​ឈ្មោល​ពេញវ័យ​នឹង​រុញ (​ជល់​) កូន​ពពែ​មិន​ឲ្យ​ចូល​ស៊ី​ចំណី ។ កូន​ពពែ​នឹងមិន​ទទួលបាន​ចំណី​គ្រប់គ្រាន់ ហើយនឹង​មានការ​រីក​លូតលាស់​យឺត ។ កូន​ពពែ ទាំងនោះ ក៏​អាច​នឹងរង​របួស​ដោយ​សារ​សត្វ​ឈ្មោល ឬក៏​អាច​ក្លាយ​ជាមាន​ជំងឺ ។​

IX. ចំណី​បន្ថែម​
​អាហារ​បន្ថែម​ត្រូវ​បានផ្ដល់​ឲ្យ​សត្វ​ជា​បន្ថែម​លើ​ចំណី ហើយ​មាន​ជីវជាតិ​ដែល​មិន អាច​រកបាន​នៅក្នុង​ចំណី​នោះ ។ អាហារ​បន្ថែម​ផ្ដល់​ថាមពល និង​ប្រូតេអ៊ីន​បន្ថែម​ចំពោះ​សត្វ ដែល​ត្រូវការ​វា ។ សត្វ​ទាំងនោះ​អាចជា ពពែ​មេ​ដែល​ក្រ​ផើម ឬ​ផ្ដល់​ទឹកដោះ​តិច ។ កូន​ពពែ​ជំទង់​ត្រូវការ​ចំណី​ខ្លះ ដើម្បី​ឲ្យ​វា​ស៊ាំ​ក្នុងការ​ស៊ី​ចំណី​លាយ (Concentrate) ហើយ​ជួយ​វា​ឲ្យ​រីកលូតលាស់​បានល្អ​នៅពេល​វា​ផ្ដាច់ដោះ ។ កូន​សត្វ​ផ្ដាច់ដោះ ឬ​កូន​សត្វ ជំទង់​ដែល​កសិករ​ចង់​បំប៉ន​វា​សំរាប់​យកទៅលក់​នៅ​ទីផ្សារ ក៏ត្រូវ​ការ​ចំណី​បន្ថែម​ដើម្បី​ឲ្យ​វា ធំធាត់​ឆាប់រហ័ស​ដែរ ។ សំរាប់​ចំណី​បន្ថែម​ដែល​បង្ហាញ​ពី ផលចំណេញ​យ៉ាង​សន្ធឹកសន្ធាប់ សត្វ​ត្រូវមាន​សុខភាព​ល្អ និង​ត្រូវបាន​គ្រប់គ្រង​បាន​យ៉ាង​ល្អ ។ សត្វ​ឈឺ ឬ​សត្វ​ដែលមាន​ព្រូន ក្នុង​ខ្លួន​នឹង​មិនអាច​រីកលូតលាស់​បានល្អ​ឡើយ ទោះបីជា​ផ្ដល់​ចំណី​ដែលមាន​គុណភាព​ខ្ពស់ ឲ្យ​វា​ក៏ដោយ ។​

​ចំណី​បន្ថែម​អាចជា​រុក្ខជាតិ​ផ្លែ​គួរ ចំណី​តែមួយ​មុខ ឬ​ចំណី​បន្ថែម​ចំរុះ​ដែល​ប្រើ ប្រាស់​ធាតុ​ផ្សំ​ជាច្រើន ដូចដែល​បាន​ពិភាក្សា​រួចមកហើយ​នៅក្នុង​ផ្នែក​អនុ​ផលិតផល ។ អនុ​ផលិតផល​កសិផល ដូចជា​ស្លឹក​ដំឡូង​មី (​ដំឡូងឈើ​) ក៏​អាច​ប្រើប្រាស់​ជា​ចំណី​បន្ថែម បានដែរ ។​
​ ​
កន្ទក់​: ត្រូវបាន​ផ្ដល់​ជា​ចំណី​បន្ថែម​ដល់​មេ​ផើម និង​មេ​បំបៅកូន ។ ការផ្ដល់​កន្ទក់ ពីមួយ​ទៅ​ពីរ​ក្ដាប់ សំរាប់​សត្វ​មួយ​ក្បាល​ក្នុង​មួយថ្ងៃ អាច​ផ្ដល់​ថាមពល​បន្ថែម​ដល់​សត្វ ។ នៅពេលដែល​ផ្ដល់​កន្ទក់ ត្រូវ​លាយ​ថ្មកំបោរ (Limestone) ជាមួយ​កន្ទក់​សំរាប់​ឲ្យ​សត្វ​ស៊ី ។ សំរាប់​ធុង​កន្ទក់​ចំណុះ​៥​លីត្រ ត្រូវ​បន្ថែម​ថ្មកំបោរ និង​អំបិល​មួយ​ក្ដាប់ ។ កន្ទក់​មាន​បរិមាណ អំបិល​ផូស្វ័រ​ខ្ពស់ ។ ប្រសិនបើ​ផ្ដល់​បរិមាណ​កន្ទក់​ច្រើន​ដល់​កូន​ពពែ​ឈ្មោល​ដោយ​មិន​លាយ ជាមួយ​ថ្មកំបោរ នោះ​គ្រោះ​ក្នុង​តំរងនោម​អាច​នឹង​រីកធំឡើង ។​
​​-​ម្សៅ​គ្រាប់​កៅស៊ូ​: ត្រូវបាន​ផ្ដល់​ជា​ចំណី​បន្ថែម​ដោយ​លាយ​ជាមួយ​ស្លឹកឈើ (​ដូចជា​ស្លឹក​ដំឡូង ស្លឹក​ក​ន្ធុំ​ថេត​) ក្នុង​ចំនួន​ស្មើគ្នា ។ ម្សៅ​គ្រាប់​កៅស៊ូ ក៏​អាច​លាយ​ជាមួយ ចំណី​លាយ​ផងដែរ ។ ជា​ឧទាហរណ៍ គេ​អាច​ផ្ដល់​ឲ្យ​សត្វ​នូវ​បរិមាណ​ស្មើគ្នា​នៃ​ម្សៅ​គ្រាប់ កៅស៊ូ និង​ចំណី​លាយ (​កន្ទក់ ៤​គ​.​ក្រ ម្សៅ​ដំឡុង​មី ៣​គ​.​ក្រ ម្សៅ​ត្រី ១០០​ក្រ​. ជី​អ៊ុយ​រេ ១០០​ក្រ​. ថ្មកំបោរ​១៥០​ក្រ​.) ។​
​-​ស្លឹក​ដំឡូង​មី​: ស្លឹក​ដំឡូង​មី​អាច​បេះ​ពី​ផ្នែក​ខាងក្រោម​នៃ​ដើម​ដំឡូង ក្រោយពេល ដែល​ដើម​ដំឡុង​មាន​អាយុ​៤​ខែ ។ បន្ទាប់ពី​ការ​បេះ​ស្លឹក​លើកទីមួយ​ត្រូវ​ទុក​ដើម​ដំឡូង​ឲ្យ​នៅ ទំនេរ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍ មុនពេល​បេះ​ស្លឹក​វា​ជា​លើក​ទី​២ ។ ត្រូវ​ហាល​ស្លឹក​ដំឡូង ចំនួន​មួយថ្ងៃ​មុនពេល​ផ្សំ​ជា​ចំណី​ដើម្បី​បំបាត់​បន្សំ​ជាតិពុល ។ ស្លឹក​ដំឡូង​មី គឺជា​ប្រភព​ប្រូ​តេ អ៊ី​ន ហើយ​អាច​លាយ​ជាមួយ​ចំណី​បន្ថែម​ដទៃទៀត ដូចជា​កន្ទក់ ដើម្បី​ផ្ដល់​ថាមពល​បន្ថែម ។ ស្លឹក​ដំឡូង​មី​អាចមាន​ជាតិពុល ប្រសិនបើ​ផ្ដល់​ជា​ចំណី​ក្នុង​បរិមាណ​ច្រើន​ដល់​សត្វ​ដែល​មិន ធ្លាប់​ស៊ី​ស្លឹក​ដំឡូង​មី ។ ត្រូវ​ប្រាកដថា ស្លឹក​ដំឡូង​ត្រូវបាន​ហាល​ឲ្យ​ស្ងួត​មុនពេល​ផ្ដល់​ជា​ចំណី ដល់​សត្វ​។​
​​-​ម្សៅដំឡូង​មី​: ម្សៅដំឡូង​មី​គឺជា​ប្រភព​ថាមពល ហើយ​អាច​លាយ​ជាមួយ​កន្ទក់ ឬ​ធ្វើជា​ចំណី​បន្ថែម​សំរាប់​សត្វ ។ វា​គឺជា​ចំណី​ម្សៅ ហើយ​មិនអាច​ឲ្យ​សត្វ​ស៊ី​ចំណី​នេះ​តែមួយ មុខ​បានទេ ។ ត្រូវ​លាយ​វា​ជាមួយ​កន្ទក់​ក្នុង​បរិមាណ​ស្មើគ្នា​ដូចជា​ឧទាហរណ៍​ខាងលើ ។ ប៉ុន្តែ ម្សៅដំឡូង​មី​មាន​ប្រូតេអ៊ីន​តិចជាង​កន្ទក់ ៕ ប្រភព​: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​