ដោយៈមុនីរ័ត្ន/ភ្នំពេញៈអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជាមុននេះថា រហូតមកដល់ម៉ោង ជិត ១២ថ្ងៃ ត្រង់ ថ្ងៃទី៦ ខែមករា នេះ សមត្ថកិច្ចនៅមិនទាន់ចាប់បាន ឃាតកដែល បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយទេ។ ដោយ សមត្ថកិច្ចនៅឡោម ព័ន្ធក្នុង ព្រៃនៅឡើយ។ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឈ្មោះ រ៉េន។
គួររំលឹកឡើងវិញថាកាលពីម៉ោង៧យប់ថ្ងៃទី៤ខែមករាជនសង្ស័យបានជិះរថយន្តហាយព្រីតពណ៌ខ្មៅ។ទំនងជាដឹងខ្លួនមុនជនល្មើសបានបើកបំបុកប៉ារ៉ាស់របស់កម្លាំងអាវុធហត្ថស្រុកកោះញែកខេត្តមណ្ឌលគិរី។ក្រោយមកសមត្ថកិច្ចក៏ប្រដេញតាមពីក្រោយរហូតដល់ចំណុច ភូមិដេអេ ស្រុកពេជ្រាដាក៏ឃាត់រថយន្តខាងលើបាននិងឃាត់ខ្លួនស្ត្រីចំនួនពីរនាក់និងក្មេងម្នាក់ដែលត្រូវជាប្រពន្ធកូននិងប្អូនសាច់ថ្លៃរបស់ជនសង្ស័យ ។ ប៉ុន្តែជនសង្ស័យបានចុះគេចខ្លួនចូលទៅក្នុងព្រៃបាត់រួចទៅហើយ។
ក្រោយពេលសួរនាំស្ត្រីដែលរួមដំណើរខាងលើ ពួកគេបានប្រាប់សមត្ថកិច្ចថា ជនសង្ស័យបានចុះពីរថយន្តតាមផ្លូវចំណុចភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយស្រុកកោះញែកនៅដែលសមត្ថកិច្ចដេញតាមពីក្រោយ។បច្ចុប្បន្នស្ត្រីពីរនាក់ព្រមទាំងកូនក្មេងម្នាក់ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
មុនឈានទៅស្វែងរកចាប់ខ្លួនខ្មាន់កាំភ្លើងគឺសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យមា្នក់ដែលជាអ្នកបើកឡានឲ្យជនដៃដល់ក្នុងថ្ងៃកើតហេតុ។ ជនសង្ស័យត្រូវបានចាប់ខ្លួននៅផ្ទះជួលជិតឈាបនដ្ឋានវត្តទួលតាឯក នៃភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបងខេត្តដំបង កាលពីថ្ងៃទី៣ ខែមករា។ជនសង្ស័យរូបនេះឈ្មោះ កែ ចាន់មាន អាយុ២៤ឆ្នាំ និងមានទីលំនៅភូមិអន្លង់វិល ឃុំអន្សាស្រុកកណ្តៀងខេត្តពោធិ៍សាត់។
ជនសង្ស័យឈ្មោះ កែ ចាន់មាន បានសារភាពថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ីហើយបើកករថយន្ត ខាងលើជូនឈ្មោះរ៉េនទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង។ពេលមកដល់កន្លែងកើតតហេតុខ្លួនបានបើករថយន្តបុកគូទរថយន្តជនរងគ្រោះពីក្រោយ។បន្ទាប់មកជនរងគ្រោះបានបើករថយន្កស្ទាក់រថយន្តរបស់ខ្លួននិងបានយកកាំភ្លើងខ្លីភ្ជង់មកលើខ្លួនដើម្បីឱ្យអែបកៀនព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបឈ្មោះ រ៉េន មានកំហឹង ហើយប្រាប់ខ្លួនឱ្យនៅស្ងៀម ចាំធ្វើតែតាមគេប្រាប់បានហើយ ។ ពេលកំពុងចរចាគ្នារឿងគ្រោះថ្នាក់ចរាចរណ៍នេះ ដោយឃើញជនរងគ្រោះធ្វេសប្រហែស ឈ្មោះ រ៉េនក៏បានដកកាំភ្លើងខ្លីដែលសៀត នៅនឹងចង្កេះបាញ់ទៅលើជនរងគ្រោះរួចប្រាប់ឲ្យខ្លួនបើករថយន្តគេចពីកន្លែងកើតហេតុតែម្តង។
សូមជម្រាបថា ជនរងគ្រោះឈ្មោះ រ៉េត ស៊ីណែត ហៅ ញ៉ក់ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ។ហេតុការណ៍បានកើតឡើងកាលពីម៉ោងជាង ១២ រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមហាវិថីសហព័ន្ធរុស្សីក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ៕សរន