ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅរសៀលនេះលោក ហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្ម តំណាង លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានចូលរួមពិធី ចុះហត្ថលេខាលើពិធីសារ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅ មកអាស៊ាន (MRA) ស្តីពីវិស័យទេសចរណ៍ ។
ពិធីនេះ រៀបចំឡើងនៅក្រសួងទេសចរណ៍ និងកីឡាថៃ ក្រោមអធិបតីភាព លោក រដ្ឋមន្ត្រី ភីផាត់ រ៉ាត់ចាក់គិតប្រាកន (Phiphat Ratchakitprakarn)។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះ ហត្ថលេខាលើកដំបូងក្នុងឆ្នាំ២០១២ ដោយរដ្ឋជាសមាជិកអាស៊ាន ដើម្បីជួយសម្រួល ដល់ការចល័តនៃអ្នកជំនាញទេសចរណ៍, ការផ្លាស់ប្តូរព័ត៌មានស្តីពីឧត្តរមានុវត្តន៍ (ការអនុវត្តល្អបំផុត) ខាងផ្នែកអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្អែកលើសមត្ថភាព សម្រាប់អ្នកជំនាញទេសចរណ៍ ក៏ដូចជាផ្តល់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាពទូទាំងតំបន់អាស៊ាន។
កិច្ចព្រមព្រៀងដែលបានធ្វើវិសោធនកម្មថ្ងៃនេះ នឹងបើកផ្លូវឱ្យមានការទទួលស្គាល់នូវ តំណែងការងារ ៣២ នៅក្នុងឧស្សាហកម្មចំនួនពីរគឺ៖ សេវាកម្មសណ្ឋាគារ និងសេវាកម្ម ទេសចរណ៍។ លើសពីនេះ វាគ្របដណ្តប់លើផ្នែកផ្សេងទៀតដូចជា ការរៀបចំប្រជុំ, ការលើកទឹកចិត្ត, ការធ្វើសន្និបាត និងការតាំងពិព័រណ៍ (MICE) ព្រមទាំងអ្នកបង្កើត ព្រឹត្តិការណ៍អាជីព និងផ្នែកផ្សេងៗទៀត ទាក់ទងឧស្សាហកម្មទេសចរណ៍ ដែលនឹងជួយ បង្កើនភាពប្រកួតប្រជែងនៃអ្នកជំនាញវិស័យទេសចរណ៍ និងឧស្សាហកម្ម MICE ព្រមទាំងជំរុញការធ្វើពាណិជ្ជកម្មនៅក្នុងវិស័យទេសចរណ៍ និងសេវាកម្ម MICE នៅក្នុងតំបន់៕/PC