ដោយ: រ៉ាម៉ន / ភ្នំពេញ: លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថារដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនចម្រើនលើគ្រប់វិស័យ។
លោកបន្តថា៖ ជាក់ស្តែង សម្រាប់ពេលនេះរាជធានីភ្នំពេញ មានអគារខ្ពស់ៗ ប្រមាណជាង២០០០អគារ។ ដូច្នេះលោកអភិបាលស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាឱ្យបាននូវសន្តិភាពដែលសម្ដេចនាយករដ្ឋមន្ត្រីរកមកបានដោយលំបាកនេះ។
ការលើកឡើងបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលចត្តាឡីស័ករាធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ខែមករានេះ ស្ថិតនៅភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
ក្នុងនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ថ្ងៃ០៧មករា១៩៧៩ -០៧មករា២០២១ មានអាយុកាល៤២ឆ្នាំហើយ។ ថ្ងៃ៧មករាជាថ្ងៃប្រវត្តិសាស្ត្រដែលបងប្អូនប្រជាពលរដ្ឋកូនចៅ ជំនាន់ក្រោយទាំងអស់ត្រូវចងចាំ ព្រោះជាថ្ងៃដែលសម្ដេចតេជោហ៊ុន សែនបានរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់របស់បនក្បត់ប៉ុល ពត។សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែរំដោះប្រទេសចេញពីការកាប់សម្លាប់ប៉ុណ្ណោះទេ។ តែសម្ដេចតេជោនៅបានកសាងអភិវឌ្ឍន៍ប្រទេសជាតិ ចេញពីចំណុចសូន្យឲ្យប្រទេសមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យថែមទៀត ដែលបានធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនឡើងជាប្រចាំ។ មកដល់ពេលនេះ សម្រាប់រាជធានីភ្នំពេញមានអគារខ្ពស់ៗ ចាប់ពី៧ជាន់ឡើងទៅ មានចំនួនជាង២០០០អគារហើយ។នេះបង្ហាញឱ្យពិភពលោកមើលឃើញថាកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្រោមការដឹកនាំរបស់សម្ដេចតេជោ។
លោក ឃួង ស្រេង បន្តថា៖ មានការលើកឡើងនូវពាក្យមួយថា កុំឱ្យរំលឹកពីការឈឺចាប់ គឺវានាំឱ្យយើងឈឺចាប់ជាថ្មីម្ដងទៀត។ តែសម្រាប់ការរំលឹកថ្ងៃ៧មករាឆ្នាំ ១៩៧៩ យើងត្រូវតែរំលឹក ដើម្បីឱ្យកូនចៅជំនាន់ក្រោយៗ បានដឹងពីការឈឺចាប់ ដែលប្រជាពលរដ្ឋកម្ពុជាយើងបានទទួលរងទុក្ខសោក ដោយការកាប់សម្លាប់ជាតិសាសន៍ឯងរហូតដល់ជាង៣លាននាក់ ហើយការរំលឹកនេះ គឺដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ក្នុងការថែរក្សាសន្តិភាព ជៀសវាងធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមជាថ្មីម្តងទៀត៕