ដោយ: ពៅនិមល/ភ្នំពេញ: ការនាំទំនិញពីប្រទេសកម្ពុជាទៅកាន់ សហរដ្ឋអាម៉េរិកនឹងត្រូវ បង់ពន្ធចាប់ពីដើមឆ្នាំនេះទៅ ដោយសារកម្មវិធីអនុគ្រោះពន្ធទូទៅរបស់អាម៉េរិក ជីអេសភី (US GSP) បានផុតសុពល ប៉ុន្តែអ្នកនាំចេញក៏នឹងអាចទទួលបានប្រាក់បង់ពន្ធនោះមកវិញ នៅពេលដែលសភាអាម៉េរិកបន្តសុពលភាពនេះបន្តទៀត។
នៅក្នុងសេចក្តីជូនដំណឹងដល់រោងចក្ររផលិតផលធ្វើដំណើរទាំងអស់ក្នុងប្រទេសកម្ពុជា ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ សមាគមរោងចក្រកាត់នៅកម្ពុជា ហៅកាត់ថា ជីម៉ាក (GMAC) បានឱ្យដឹងថា កម្មវិធី US GSP បានផុតរលត់សុពលភាពកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយសារការយឺតយ៉ាវក្នុងការអនុម័តច្បាប់ដើម្បីផ្តល់ដល់កម្មវិធីនេះឡើងវិញ សភាអាម៉េរិក។ ការយឺតយ៉ាវនេះ ជាបញ្ហាពាក់ព័ន្ធមួយដល់ប្រទេសនិងដែនដីចំនួន១១៩ ដែលទទួលបានផលពីកម្មវិធីនេះ(កម្ពុជា ជាប្រទេសមួយក្នុងចំណោមនោះដែរ) ប៉ុន្តែផល ប៉ះពាល់ផ្ទាល់នឹងមានទៅលើអ្នកបញ្ជាទិញ អ្នកនាំដែលនឹងត្រូវតម្រូវឱ្យបង់ពន្ធនាំចូលរហូត ដល់កម្មវិធីនេះត្រូវបានផ្តល់សុពលភាពឡើងវិញ។
ជីម៉ាក លើកឡើងថា ដោយចាប់ផ្តើមពីឆ្នាំ១៩៧៤ កម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋ អាម៉េរិកត្រូវបានផ្តល់ឱ្យដំបូងរយះពេល១០ឆ្នាំ។ ចាប់តាំងពីពេលនោះមកកម្មវិធីនេះបាន ផ្តល់សុពលភាពឱ្យអនុវត្តជាបន្តបន្ទាប់ចំនួន១៤ដង ដែលជាទូទៅការផ្តល់ទាំងនោះមាន សុពលភាពរយះពេលពី ២ទៅ៣ឆ្នាំ។ ក្នុងអឡុងពេលនៃការផុតសុពលនេះ ទំនិញដែល នាំចូល ទៅក្នុងសហរដ្ឋអាម៉េរិកបន្ទាប់ពីបំណាច់ឆ្នាំ២០២០ នឹងជាប់អត្រាពន្ធនៃប្រទេស ដែលទទួលបានការអនុគ្រោះបំផុត (MFN) ប៉ុន្តែការទាមទារឱ្យមានប្រព្រឹត្តកម្មអនុគ្រោះ ពន្ធទូទៅ (ជីអេសភី) គួរបន្តធ្វើឡើងពីព្រោះការអនុវត្តនាពេលកន្លងមករបស់សភាអាម៉េរិក ដែលបានបន្តកម្មវិធីនេះ គឺមានលក្ខណៈប្រតិសកម្មចាប់ពីកាលបរិច្ឆេទផុតរលត់ពិតប្រាកដ ធ្វើដូច្នេះ អ្នកនាំចូលនឹងទទួលបានប្រាក់ពន្ធដែលបានបង់ត្រឡប់ទៅវិញ (មិនមានការប្រាក់) សម្រាប់ពន្ធដែលបានបង់ក្នុងអំឡុងរយះពេលផុតរលត់៕/PC