​ដោយៈ បូកគោ / កំ​ពតៈ ការកំណត់​ព្រំប្រទល់​រដ្ឋបាល រវាង​ខេត្តកំពត ខេត្ត​កែប ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ រហូតមកដល់​បច្ចុប្បន្ន មិនទាន់​ច្បាស់លាស់ នៅឡើយ​។ ក្នុង​បំណង​ធ្វើឱ្យមាន​ភាពជាក់លាក់ និង​ឯកភាព ក្នុងការ​គ្រប់គ្រង​ដែនដី រដ្ឋបាល​រៀងៗ​ខ្លួន ខេត្ត​ទាំង​បួន នឹង​បង្កើត​ក្រុមការងារ​បច្ចេកទេស ដើម្បី​អនុវត្ត​ការងារ​នេះ​។ ពាក់ព័ន្ធ​នឹង​ករណីនេះ ថ្នាក់ដឹកនាំ នៃ​ខេត្ត​ពាក់ព័ន្ធ​ទាំង​បួន បាន​បើក​កិច្ចប្រជុំ​ពិភាក្សាគ្នា នា​សាលា​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ ស្ដីពី​ការកែសម្រួល​ព្រំប្រទល់​រដ្ឋបាល រវាង​ខេត្ត​ជិតខាង​។​

​លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថាៈ ករណី​ប្រឈម និង​សំណូមពរ​មួយចំនួន ដែល​រដ្ឋបាល​ខេត្តកំពត នៅមាន​បញ្ហា គឺ​ផ្តើមឡើង​ដោយ​ភាពមិនច្បាស់លាស់ លើ​ការគ្រប់គ្រង​រដ្ឋបាល​ក្រុង ស្រុក ព្រោះតែ​ការកំណត់ ព្រំប្រទល់​រវាង​ខេត្ត មិនទាន់​ជាក់លាក់​។ កត្តា​ទាំងនេះ នឹង​ប៉ះពាល់​មួយផ្នែក សម្រាប់​ដំណើរការ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ នាពេលខាងមុខ ផងដែរ​។​

​លោក​អភិបាល​ខេត្តកំពត បានបញ្ជាក់​ថាៈ ភូមិសាស្ត្រ​ដែល​ពាក់ព័ន្ធ ជាមួយ​ព្រំប្រទល់ រវាង​ខេត្ត​ជិតខាង រួមមាន ឃុំ​កំពង់ត្រាច​ខាងលិច ជាប់​នឹង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​, ឃុំ​កូន​សត្វ ជាប់​ជាមួយ​សង្កាត់​អូរ​ក្រសារ ក្រុងកែប ខេត្ត​កែប​, ឃុំ​ស្រែ​ចែង និង​ឃុំ​នារាយណ៍ ជាប់​ជាមួយ​ឃុំ​អូរ​សារាយ និង​ឃុំ​ត្រពាំង​គ្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​, ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ជាប់​នឹង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​សូមបញ្ជាក់ថាៈ តាមរយៈ​កិច្ចពិភាក្សា របស់​ប្រតិភូ ដែល​អញ្ជើញ​ចូលរួម អង្គ​ប្រជុំបាន​ឯកភាពគ្នា ក្នុងការ​បង្កើត​ក្រុមការងារ បច្ចេកទេស​អន្តរ​ខេត្ត នៃ​ខេត្តកំពត ខេត្ត​កែប ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ ដើម្បី​កំណត់​ព្រំប្រទល់​រដ្ឋបាល ធ្វើជា​មូលដ្ឋាន ក្នុងការ​ស្រង់​ទិន្ន័យ​រៀងៗ​ខ្លួន ឱ្យបាន​ច្បាស់លាស់​។ សកម្មភាព​ការងារ ត្រូវ​ផ្អែកលើ​កត្តា​ភូមិសាស្ត្រ និង​ប្រជាសាស្ត្រ ស្របតាម​គោលការណ៍ ក៏ដូចជា នីតិវិធី​រួម សម្រាប់​ការសិក្សា ស្រាវជ្រាវ ឈានទៅ​កែសម្រួល ព្រំប្រទល់​រដ្ឋបាល មូលដ្ឋាន តាមរយៈ​ការឯកភាព​ជារួម ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ និង​សង្គម​ជាធំ​។ លទ្ធផល​នៃ​កិច្ចការ​នេះ ក៏​ដើម្បី​បម្រើឱ្យ​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ ពិសេស​បង្កលក្ខណៈ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ ក្នុងការ​ទទួលយក សេវាសាធារណៈ ល្អប្រសើរ ជាង​មុន​ផងដែរ​៕/V​.mara