Home ព័ត៌មានជាតិ សេដ្ឋកិច្ច អភិបាលក្រុង​ស...

អភិបាលក្រុង​ស្វាយរៀង ចុះ​ពិនិត្យ​និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​ប្រកបមុខរបរ​ដាំ​ដំណាំ បន្លែ ចិញ្ចឹម​ត្រី និង​ធ្វើ​ស្រូវប្រាំង​

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក ណុប ចំរើន អភិបាលក្រុង​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រកបមុខរបរ​ដាំ​ដំណាំ បន្លែ ចិញ្ចឹម​ត្រី និង​ធ្វើ​ស្រូវប្រាំង​ក្នុង​ក្រុង​ស្វាយរៀង​។ អញ្ជើញ​រួម​ដំណើរ​មាន​លោក​នាយករង​រដ្ឋបាល​សាលាក្រុង លោក​ប្រធាន អនុប្រធាន​កា​រិ​.​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សហគមន៍ លោក​អនុប្រធាន​កា​រិ​.​ផែនការ និង​គាំទ្រ​សង្កាត់ ក្រុមប្រឹក្សា​សង្កាត់ និង​មេភូមិ​។​

​ក្នុងឱកាស​នោះ​លោក​អភិបាលក្រុង បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការធ្វើ​ស្រូវប្រាំង​របស់លោក ឆែម សុភាព កសិករ​ធ្វើ​ស្រូវប្រាំង នៅ​ភូមិ​គយ​ត្របែក សង្កាត់​គយ​ត្របែក​។​

​លោក ឆែម សុភាព បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​លោក​បាន​ជួល​ដី​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​២០​ហិកតា នៅ​ភូមិ​គយ​ត្របែក សង្កាត់​គយ​ត្របែក សម្រាប់ធ្វើ​ស្រូវប្រាំង និង​មាន​គម្រោង​ដាំ​បន្លែ​ត្រសក់​បន្ថែមទៀត​។ លោក​បាន​បន្ថែមទៀតថា ចំពោះ​ទិន្នផល​ស្រូវ​(​ពូជ​54-51)​នេះ នឹង​ទទួលបាន​ចន្លោះ​ពី​៥ ទៅ ៦​តោន ក្នុង​១​ហិកតា​។​

​ក្រោយពី​ការចុះពិនិត្យ​ការធ្វើ​ស្រូវប្រាំង​រួចមក លោក​អភិបាលក្រុង​បាន​បន្ត​ចុះ​ពិនិត្យ​ទីតាំង​ចិញ្ចឹម​ត្រី របស់លោក​ស្រី យិន សុ​ភី នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយរៀង មាន​ចំនួន​១៥​អាង​ត្រី តាម​ការបញ្ជាក់​របស់​លោកស្រី​បាន​ឲ្យ​ដឹងថា ក្នុង​១​អាង​ត្រី មាន​១៤.០០០​ក្បាល​(៣៥០​កូន​/​គ​.​ក្រ​x៤០​គ​.​ក្រ​/​អាង​)​។​

​ជា​កិច្ច​បន្ត មកទៀត លោក​អភិបាលក្រុង និង​ក្រុមការងារ បាន​បន្ត​ចុះ​ជួប​ប្រជាពលរដ្ឋ​ដាំ​ដំណាំ​ស្ពៃ​ឆៃថាវ នៅ​ភូមិ​ស្វាយ សង្កាត់​ចេក របស់លោក​ស្រី ម៉ុក សាម៉ុន ចំនួន​៤​ហិកតា លោកស្រី​បាន​បញ្ជាក់ថា មើម​ឆៃថាវ​នេះ​គឺ​សម្រាប់ធ្វើ​ជ្រក់​លក់​នៅលើ​ទីផ្សារ​ក្រុង​ស្វាយរៀង ហើយ​ការដាំ​ដំណាំ​ប្រភេទ​នេះ គឺ​ធ្វើតាម​រដូវ​កាល ក្រៅពីនោះ​លោកស្រី​ក៏មាន​ដាំ​ដំណាំ​ផ្សេងៗ​ទៀត ដូចជា ត្រសក់ សណ្ដែក​គូរ ល្ពៅ ឃ្លោក ត្រឡាច​ជាដើម​។​

​លោក ណុប ចំរើន អភិបាល ក្រុង​ស្វាយរៀង បាន​មានប្រសាសន៍​ថ្លែងអំណរគុណ កោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​ប្រកបមុខរបរ​ទាំងនេះ និង​បាន​លើកទឹកចិត្ត ជំរុញ​ឲ្យ​មាន​ការដាំដុះ​ដំណាំ​គ្រប់​ប្រភេទ និង​ចិញ្ចឹមសត្វ​ផងដែរ សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក ដើម្បី​បង្កើន​ប្រាក់ចំណូល​គ្រួសារ រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​មួយកម្រិត​ផងដែរ​។

​លោក​អភិបាលក្រុង​ស្វាយរៀង បាន​ណែនាំ​ដល់​លោក​ប្រធាន​កា​រិ​យ​ល័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សហគមន៍ ជួយរ​កដៃ​គូរ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​លក់​ចេញ និង​ជួយ​គាំទ្រ​ផ្ដល់​បច្ចេកទេស​បន្ថែមទៀត​ជូន​ដល់​ពួកគាត់​។

​លោក ណុប ចំរើន បានធ្វើការ​ក្រើនរំលឹក​ដល់​បងប្អូន​ទាំងអស់ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ចូលរួម​សហការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ ក្នុងឱកាស​នោះ លោក​អភិបាលក្រុង ក៏បានផ្ដល់​ជូន​នូវ​ម៉ាស​ការពារ​ចំនួន ០៥​ប្រអប់ ផងដែរ​ជូន​ដល់​ពួកគាត់​ទាំង​៣​គ្រួសារ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular