ដោយ:បាយ័ន/សៀមរាបៈ ក្រុមអង្កេតហានិភ័យដើមឈើនៃអាជ្ញាធរជាតិអប្សរា ពិនិត្យឃើញមានដើមឈើទាលងាប់មួយដើម ដុះឈរត្រង់កណ្តាលតួប្រាសាទបន្ទាយប្រី មានជំងឺដំបៅគល់ និងមានហានិភ័យខ្ពស់ ដែលកាលពីឆ្នាំមុនក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានព្យាបាលផ្នែកដែលមានជំងឺ និងកាត់ផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងឲ្យលូតលាស់មែកថ្មី។ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់បែបនេះនៅល្ងាចថ្ងៃ០៦ ខែមករា ឆ្នាំ២០២១នេះ។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ដើមឈើទាលមួយដើមនេះ មានអាយុកាលយូរឆ្នាំមកហើយ មិនអាចសង្គ្រោះបាន និងដើម្បីធានាសុវត្ថិភាព កុំឲ្យមានគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ដែលតែងតែមកទស្សនាប្រាសាទនេះ ជាពិសេសកុំឲ្យមានការខូចខាតដល់រចនាសម្ព័ន្ធប្រាសាទផងនោះ កាលពីពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានកាត់ដកហូតដើមឈើទាលងាប់មួយដើមនេះចេញពីក្នុងបរិវេណប្រាសាទបន្ទាយប្រី និងបញ្ចប់ការងាររួចរាល់ជាស្ថាពរ៕