ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ប្រើ​ប៊ិច​ច្នៃ​ជា​កាំភ្លើង​មួយ​ដើម និង​សម្ភារៈ​កាច់​សោក​ម៉ូតូ​

842
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់ ត្រូវបាន​កម្លាំង​នគរបាល ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ធ្វើការ​ឃាត់ខ្លួន ក្រោយពី​សង្ស័យ​ត្រួត​ពិនិត្យឃើញ​មាន​កាំភ្លើង​ប៊ិច​កែច្នៃ មួយ​ដើម​មាន​គ្រាប់​ចំនួន​មួយ​គ្រាប់ និង​សម្ភារៈ​សំរាប់​កាច់​សោក​ម៉ូតូ កាលពី​ម៉ោង​០១​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​១៩៨៤ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទី​១​ឈ្មោះ​សឿន សុធា​រិ​ទ្ធ ហៅ​រិ​ទ្ធ អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​តាមផ្លូវ​រថភ្លើង ក្រោយ​សាលា​តិច​ណូ ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។ ជនសង្ស័យ​ទី​២ ឈ្មោះ ឡាំ ធី​សឿង អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់​តាមផ្លូវ​រថភ្លើង ក្រោយ​សាលា​តិច​ណូ ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។ ទាំង​២​នាក់​ក្នុង​ទឹកនោម​មាន​ផ្ទុក​សារធាតុ​ញៀន​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា មុននឹង​ឈានដល់​ធ្វើការ​ឃាត់​ខ្លួ​ជនសង្ស័យ ដោយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ក្រោម​បញ្ជា​លោក វរសេនីយ៍ឯក ហ៊ួ​រ ម៉េង​វ៉ាង ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ដែល​អាច​កើតមានឡើង​លុះ​មកដល់​ចំណុច​ខាងលើ ក៏​ប្រទះឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាកវីវ៉ា ពណ៌​ខ្មៅ អត់​មាន​ពាក់​ស្លាក​លេខ ដោយ​សង្ស័យ​ទើប​ឃាត់​ត្រួតពិនិត្យ​ឆែកឆេរ​ឃើញ​មាន​កាំភ្លើង​ប៊ិច​កែច្នៃ​មួយ​ដើម គ្រាប់​ចំនួន​មួយ​គ្រាប់ និង​សម្ភារៈ​សំរាប់​កាច់​សោក​ម៉ូតូ​មួយឈុត នៅជាប់​ខ្លួន​ក៏​ឃាត់ខ្លួន​តែម្ដង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម