ដោយៈ អូរស្មាច់ / ឧត្តរមានជ័យៈ ក្រសួងសុខាភិបាល បានផ្តល់រថយន្តសង្គ្រោះបន្ទាន់ ចំនួនពីរគ្រឿង តាមរយៈអាជ្ញាធរខេត្តឧត្តរមានជ័យ ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែក ស្រុកពីរ នៅជាប់ព្រំដែន គឺមន្ទីរពេទ្យបង្អែក ស្រុកត្រពាំងប្រាសាទ និងមន្ទីរពេទ្យបង្អែក ស្រុកបន្ទាយ អំពិល ដើម្បីបម្រើដល់ វិស័យសុខាភិបាល ក្នុងខេត្តឧត្តរមានជ័យ ឱ្យកាន់តែល្អប្រសើឡើង បន្ថែមទៀត។
នៅក្នុងពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់ នៅសាលាខេត្ត នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នេះ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថាៈ រថយន្តសង្គ្រោះបន្ទាន់ ទាំងពីរគ្រឿងនេះ មានសារៈសំខាន់ណាស់ សម្រាប់ជួយប្រជា ពលរដ្ឋ ដែលមានជំងឺ និងរងគ្រោះអាសន្នផ្សេងៗ ដើម្បីដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ បានទាន់ពេលវេលា។
ទន្ទឹមនឹងនេះ លោកបានផ្តាំផ្ញើដល់ មន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបម្រើការ នៅតាមមន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខភាព តាមបណ្តាស្រុកទាំងពីរ ជាប់ព្រំដែន ត្រូវបង្កើនការយកចិត្តទុកដាក់ លើកកម្ពស់ការពិនិត្យ និងព្យាលបាលជំងឺជូនដល់ប្រជា ពលរដ្ឋ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។
លោកបានថ្លែងបន្ថែមថាៈ រថយន្តចំនួន២គ្រឿង ដែលទើបទទួលបានពីក្រសួងសុខាភិបាល នេះ ត្រូវជួយថែរក្សា ឱ្យបានល្អ ដើម្បីធានាដល់ ការប្រើប្រាស់ បានយូរអង្វែងសម្រាប់ បម្រើសេវាដឹកជញ្ជូន អ្នកជំងឺពីមូលដ្ឋាន មកកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះបានទាន់ ពេលវេលា៕/V-PC