ដោយៈ ទេព មង្គល / ភ្នំពេញៈ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសហការជាមួយ ក្លិបបាល់ទះវិសាខា នឹងរៀបចំការប្រកួត បាល់ទះមិត្តភាព ដើម្បីអបអរសាទរ ដល់ «ទិវាជ័យជម្នះ លើរបបប្រល័យពូជសាសន៍ ៧មករា» ដែលប្រជុំដោយក្រុមខ្លាំងៗ លំដាប់កំពូល នៅក្នុងប្រទេសកម្ពុជា នៅចុងខែមករានេះ ។ នេះបើតាមការបញ្ជាក់ឱ្យដឹង នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដោយទំព័រហ្វេសប៊ុក របស់លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ។
ប្រភពដដែល បានឱ្យដឹងថាៈ សមាសភាពក្រុម ដែលបានដាក់ពាក្យ ចូលរួមប្រកួត មានដូចជាៈ ១) ក្លិបបាល់ទះវិសាខា , ២) ក្លិបកងពលធំអន្តរាគមន៍លេខ៣ ,
៣) ក្លិបបញ្ជាការដ្ឋានអង្គរក្ស , ៤) ក្លិបក្រសួងមហាផ្ទៃ និង៥) ក្លិបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ប្រភពដដែល បានបន្តថាៈ តាមការគ្រោងទុក ការប្រកួត នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅទីលានបាល់ទះវិសាខា (ហ្គ្រេនភ្នំពេញ) ក្នុងរាជធានីភ្នំពេញ។ នេះជាការប្រកួតផ្លូវការ ដែលរៀបចំនៅដើមឆ្នាំ២០២១ នេះ ដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា។
ប្រភព បានអះអាងថាៈ ក្រៅពីការប្រកួត ដើម្បីអបអរសាទរ ដល់ទិវាជ័យជម្នះ៧មករា ក៏ជាសកម្មភាពមួយ ដើម្បីឲ្យកីឡាករបាល់ទះកម្ពុជា បានឱកាសបង្ហាញ សមត្ថភាព និងកម្តៅសាច់ដុំ ដើម្បីបង្កើនកម្រិតសមត្ថភាព ឲ្យកាន់តែប្រសើរឡើង សម្រាប់ត្រៀមការប្រកួតសំខាន់ៗ នាពេលខាងមុខទៀត៕/V.mara