ប្រែសម្រួលៈវាសនា/បាងកក(បាងកកប៉ុស្តិ៍)៖បុរសម្នាក់ដែលបើករថយន្តដឹកពលករចំណាកស្រុកទៅនិងមកពីកន្លែងធ្វើការបានស្លាប់ក្រោយឆ្លងកូវីដ១៩ នៅពេលរដ្ឋាភិបាលថៃនៅថ្ងៃពុធទី៦មករានេះបានរាយការណ៍ការឆ្លង៣៦៥ករណីទៀត។
ការស្លាប់របស់បុរសវ័យ៦៣ឆ្នាំនេះនាំអោយថៃមានអ្នកជំងឺកូវីដ១៩ស្លាប់សរុប៦៦នាក់ ក្នុងចំណោមការឆ្លងជំងឺនេះសរុប ៩.៣៣១នាក់។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ថៃ បាននិយាយថាជនរងគ្រោះដល់ជីវិតជាបុរសវ័យ៦៣ឆ្នាំ ដែលបើករថយន្តដឹកពលករចំណាកស្រុកបរទេសទៅនិងមកពីកន្លែងធ្វើការនៅក្នុងខេត្តសាមុត សាខន។បុរសនេះបានចូលដេកពេទ្យមួយកាលពីថ្ងៃ២៧ធ្នូ និងបានប្រកាសថាស្លាប់កាលពីថ្ងៃអង្គារ ដោយសារខូចគ្រឿងក្នុងជាច្រើន។
អ្នកនាំពាក្យមជ្ឈមណ្ឌលបានអោយដឹងទៀតថា ក្នុងចំណោមអ្នកឆ្លងថ្មី៣៦៥នាក់ មាន២៥០នាក់ជាការឆ្លងក្នុងសហគមន៍ និង៩៩នាក់ជាកម្មករចំណាកស្រុកហើយ១៦នាក់ទៀតជាអ្នកមកពីក្រៅប្រទេស។ខេត្ត ឈុន ប៊ូរី នាំមុខគេខាងចំនួនឆ្លងក្នុងស្រុកថ្មី បន្ទាប់មកសាមុត ប្រកាន ,ចាន់ថាប៊ូរី និងក្រុងបាងកក។
អ្នកនាំពាក្យបានបន្ថែមថា មន្ត្រីសុខាភិបាលកំពុងធ្វើការក្នុងក្រុមកម្មករបរទេសនៅសាមុត សាខន ដើម្បីកុំអោយវីរុសឆ្លងរាលដាលពីរោងចក្រមួយទៅរោងចក្រមួយនិងផ្ទះរបស់កម្មករ។
ខេត្តសាមុត សាខន មានរោងចក្រជាង១០.០០០ ភាគច្រើនតូចៗជាមួយនិយោជិតជាង១០០នាក់៕
កម្មករនៅផ្សារបង្គារមួយក្នុងខេត្តសាមុតព សាខន ចេញមកពិនិត្យសុខភាព