​ដោយៈ ពៅ​និមល / ភ្នំពេញៈ នៅ​ទី​ស្តី​ក្រសួង កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ មាន​រៀបចំ​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ស្តីពី​ការអភិវឌ្ឍ​ខ្សែ​ច្រ​វ៉ា​ក់ត​ម្លៃ លើ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រុមហ៊ុន​យ៉ាម៉ា​តុ ហ្គ្រី​ន (YAMATO GREEN) ក្នុង​គោលបំណង ចូលរួម​ដោះស្រាយ បញ្ហា​ប្រឈម​នានា ក្នុង​វិស័យនេះ ដើម្បី​ឆ្លើយតប​ទៅ​ទីផ្សារ​។​

​ពិធី​ចុះហត្ថលេខា​នេះ បាន​ប្រព្រឹត្តទៅ ក្រោម​វត្តមាន​របស់លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក Mikami Masahiro ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា លោក Nishikaze Toru ប្រធាន​អង្គការ JICA លោកស្រី Marisa Haruta ប្រធាន​អង្គការ JETRO ថ្នាក់ដឹកនាំ​ក្រសួង និង​វិស័យ​ឯកជន សរុប​ប្រមាណ ៣០ នាក់​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម នៅក្រោយ​ចប់​ពិធី​ចុះហត្ថលេខា បាន​មានប្រសាសន៍ ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន​ថាៈ ក​សិ​-​ពាណិជ្ជកម្ម គឺមាន​សារៈសំខាន់ ណាស់ ព្រោះ​ក​សិ​-​ពាណិជ្ជកម្ម ជា​វិស័យ​មួយ ដែលមាន​សក្ដានុពល​ខ្ពស់ នៅ​កម្ពុជា និង​មិនទាន់មាន​ការអភិវឌ្ឍ ឬ​វិនិយោគ​ច្រើន​នៅឡើយ​។​

​លោក​បាន​បន្តថាៈ ការចុះហត្ថលេខា ថ្ងៃនេះ ជាការ​ធ្វើការ​រួមគ្នា រវាង​វិស័យ​សាធារណៈ និង​ឯកជន និង​បាន​ឆ្លើយតប ទៅនឹង​គោលនយោបាយ របស់​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​លើកកម្ពស់​វិស័យនេះ និង​ការលើកស្ទួយ វិស័យ​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​។​

​លោក​បាន​បញ្ជាក់ថាៈ ក្នុងនាម​ភាពជា​ដៃគូ​អភិវឌ្ឍន៍ ឧស្សាហកម្ម និង​កសិពាណិជ្ជកម្ម ក្រុមហ៊ុន​ខាងលើ នឹង​ក្លាយជា​ដៃគូ​សមស្រប​មួយ សម្រាប់​អភិវឌ្ឍន៍ ផលិតកម្ម ក​សិ​-​ពាណិជ្ជកម្ម ប្រកបដោយ​និរន្តរភាព និង​ការផ្តល់​បច្ចេកទេស​កែច្នៃ ការ​វេច​ខ្ចប់ ព្រមទាំង​នីតិវិធី​ផ្សេងៗ ដើម្បី​បង្កើន​ឱកាស ក្នុងការ​ផ្គត់ផ្គង់ ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ ប្រកបដោយ​ប្រសិទ្ធភាព​។​

​លោក​រដ្ឋមន្ត្រី បាន​បន្តថាៈ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​ទាក់ទង​ទៅនឹង​ផលិតកម្ម តាម​គំរូ​អាជីវកម្ម ប្រកបដោយ​និរន្តរភាព នៅក្នុង​យុគសម័យ ឌីជីថល ការចូលរួម​របស់​ក្រុមហ៊ុន យ៉ាម៉ា​តុ ហ្គ្រី​ន ក្នុងការ​អភិវឌ្ឍ​ម៉ូ​ដែល ផលិតកម្ម​មួយ ដែលមាន​បច្ចេកវិទ្យា ជឿនលឿន នឹង​ជំរុញ​ផលិតកម្ម ក្នុងស្រុក នាពេល​បច្ចុប្បន្ន​។ ក្រុមហ៊ុន សហគ្រាស​ធុន​តូច និង​មធ្យម (SME) និង​ក្រុម​កសិករ​ផលិត នឹងមាន​លទ្ធភាព ក្នុងការ​បង្កើត​ខ្សែ​ច្រវាក់​តម្លៃ​ផ្គត់ផ្គង់ ដែល​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ទទួលបាន​ឧត្តមភាព ប្រកួតប្រជែង សម្រាប់​ជ្រៀតចូល​ទីផ្សារ និង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ ឱ្យមាន​វិសាលភាព ទូលំទូលាយ​។​

​នៅក្នុង​ពិធី​ចុះហត្ថលេខា លោក មី​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (Mikami Masahiro) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា បានលើកឡើង​ថាៈ YAMATO GREEN ជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ជំនួញ​ជប៉ុន​ធំៗ រួមមាន ធនាគារ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ផ្សារ​ទំនើប និង​ក្រុមហ៊ុន​របស់​ប្រទេស​ជប៉ុន ជា​ដៃគូ​ចំនួន ១៦ ក្រុមហ៊ុន​។ ក្រុមហ៊ុន បានរៀបចំ​បង្កើត ជា​គំរូ​ខ្សែ​ច្រវាក់​តម្លៃ ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម ដើម្បី​ធានា​ឱ្យបាន ទាំង​បរិមាណ និង​គុណភាព ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម ដើម្បី​ឆ្លើយតប​តាម តម្រូវការ​ទីផ្សារ ក្នុងប្រទេស និង​នាំចេញ​ឱ្យមាន​ចីរភាព តាមរយៈ​ការធ្វើ​អាជីវកម្ម Franchise នៃ​គំរូ​ផលិត​ដែល​ស្របតាម​ខ្នាត និង​ស្តង់ដារ​កំណត់​តែមួយ​។​

​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​កម្ពុជា​-​ជប៉ុន គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ ១.៥៤០.៦៧៦.១៦២ ដុល្លារ​អាម៉េរិក​។ ក្នុងនោះ ការនាំ​ចេញពី​កម្ពុជា ទៅ​ជប៉ុន មាន​ចំនួន ៣៨៥.៧៣៤.២៦០ ដុល្លារ​។ ដោយឡែក ការនាំ​ចូល​ពី​ជប៉ុន មកកាន់​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​សរុប ចំនួន ៥៧.៧៤៧.៩៥៩ ដុល្លារ​៕/V​.mara