Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​មន្ដ្រី​ជំនា...

​មន្ដ្រី​ជំនាញ ដកហូត​ពពុះសណ្ដែក មាន​សារ​ជាតិគីមី និង​ទំនិញ​ខូចគុណភាព​មួយចំនួន នៅ​ផ្សារ​ដូន​ស​

​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្តស្វាយរៀង (​ក​.​ប​.​ប​) ដឹកនាំ​ដោយ​លោក ផឹង និល ប្រធាន​សាខា​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ ផលិតផល ម្ហូបអាហារ និង​ទំនិញ​វេច​ខ្ចប់​ស្រាប់ នៅតាម​បណ្ដា​ស្តង់ ដាក់តាំង​លក់​ក្នុង​ផ្សារ​ដូន​ស ស្រុក​ស្វាយជ្រំ ដោយបាន ដកហូត​ពពុះសណ្ដែក មាន​សារ​ជាតិគីមី និង​ទំនិញ​ខូចគុណភាព​មួយចំនួន​។​

​លោក ផឹង និល បាន​ឲ្យ​ដឹងថាៈ ថ្ងៃនេះ មន្ត្រី​ជំនាញ បាន​ពិនិត្យ​គ្រឿងឧបភោគ បរិភោគ នៅតាម​ស្តង់ ក្នុង​ផ្សារ​តាំង​លក់ទំនិញ​មួយចំនួន និង​បាន​ប្រើប្រាស់ ឧបករណ៍​ធ្វើតេស្ត ( Test Kits ) បឋម​លើ​ម្ហូប​អារ​ហារ ចំនួន​៣២​គំរូ ដើម្បី​ស្វែងរក​សារធាតុ​គីមី ហាមឃាត់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សុខភាព ប្រជាពលរដ្ឋ​។​

​លោក​បាន​បន្តថាៈ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ ក៏បាន​ចុះ​តាម​ស្ថានីយ៍​ប្រេងឥន្ធនៈ បិទ និង​ចែក​ខិតប័ណ្ណ​ផ្សព្វផ្សាយ លើ​ខ្លឹមសារ (​ការស្វែងយល់​ដឹង អំពី​អំពើ មិន​សុចរិត ក្នុង​ធុរកិច្ច​ពាក់ព័ន្ធ​នឹង​ប្រេងឥន្ធនៈ​) និង​ពន្យល់​ពី​របៀប Scan QR Code ដែលមាន​នៅលើ​ខិតប័ណ្ណ ដើម្បី​ទាញយក​ឯកសារ និង​បទបញ្ញត្តិ​ផ្សេងៗ​។​

​លោក​បាន​បញ្ជាក់ថាៈ ជា​លទ្ធផល ក្រោយ​ការចុះអនុវត្ត​ការងារ មន្ត្រី​ជំនាញ បាន​រកឃើញ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ ប្រើប្រាស់ ដូចជា ពពុះសណ្ដែក ចំនួន ២​គីឡូក្រាម មាន​សារ​ធាតុគីមី​បូរ៉ា​ក់ ស្ករ​គ្រាប់​ចំនួន ១០​កញ្ចប់ នំ​ពង​ទា​ចំនួន ១០​ថង់ (១៥​គីឡូក្រាម​) ចាហួយ​ដូង ចំនួន​៨​ធុង (១៦​គីឡូក្រាម​) ទឹកសៀង ចំនួន​១១ ដប ទឹក​ភេសជ្ជៈ​ម៉ាក​ស្ទី​ង ចំនួន​១២​ដប ទឹកក្រូច​ឆ្មា ចំនួន​១០​ដប នំ​បាញ់​ត្រាង ចំនួន​១៥​គីឡូក្រាម​។ លោក​បាន​បន្ថែមថាៈ ទំនិញ​ដែល​ខូច គុណភាព​ទាំងនេះ ត្រូវបាន​មន្ត្រី​ជំនាញ ធ្វើ​កំណត់ហេតុ ដកហូត​យកមក​រក្សា​ទុក ដើម្បី​ដុត​កម្ទេចចោល នៅពេល​ក្រោយ​។​

​លោក ផឹង និល បាន​អំពាវនាវ​ដល់​អាជីវករ ត្រូវ​សហការ​ជាមួយ​មន្ត្រី​ជំនាញ ក្នុង​ធ្វើតេស្ត​រកសារ​ធាតុគីមី ហាមឃាត់ និង​រក​ទំនិញ ដែល​ខូចគុណភាព ដើម្បី​ធានាបាន​សុវត្ថិភាព ចំណីអាហារ ដល់​ប្រជាពលរដ្ឋ ក្នុងការ​លើកកម្ពស់ សុខមាលភាព ទាំង​អ្នកប្រើប្រាស់ និង​អ្នកលក់​៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular