Home ព័ត៌មានជាតិ សេដ្ឋកិច្ច ម៉ាក​សញ្ញា​អង...

ម៉ាក​សញ្ញា​អង្ករ “​ម្លិះ​អង្គរ​” របស់​កម្ពុជា​នឹងដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នា​ខែមីនា​ខាងមុខ​

​ដោយ​: ពៅ​និមល​/​ភ្នំពេញ​: អគ្គលេខាធិការ នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​អះអាងថា យ៉ាងយូរបំផុត​នៅ​ខែមីនា​ខាងមុខនេះ ម៉ាក​អង្ករ​របស់​កម្ពុជា ដែលមាន​ឈ្មោះថា “​ម្លិះ​អង្គរ​” គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ហើយ បន្ទាប់ពី​រៀបចំ​នីតិវិធី​ចប់សព្វគ្រប់ រវាង​ម្ចាស់​រោង​ម៉ាស៊ីន និង​អ្នកផ្គត់ផ្គង់​ក្នុងស្រុក និង​នាំចេញ​។

​លោក លុន យ៉េ​ង អគ្គលេខាធិការ នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ កន្លងទៅ​ថា ម៉ាក​សញ្ញា “​ម្លិះ​អង្គរ​” ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​សម្រួល​ទៅលើ​ទីផ្សារ ក្នុងន័យ​ឲ្យ​មានការ​ស្គាល់​អង្ករ​ខ្មែរ​ច្រើន​ថែមទៀត ខណៈដែល​កន្លងមក​ក្រុមហ៊ុន​នីមួយៗ​មាន​ស្លាក​សញ្ញា​រៀងៗ​ខ្លួន ប៉ុន្ដែ​លើក​នេះ​សហព័ន្ធ​ស្រូវ​អង្ករ នឹងមាន​ស្លាក​សញ្ញា​មួយ​ថ្មី​ទៀត​ដែរ ដើម្បី​ផ្សារភ្ជាប់​ទៅនឹង​ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន​ផ្សេងៗ ដែល​បញ្ជាក់​ទៅលើ​គុណភាព និង​បង្ហាញថា​អង្ករ​នេះ​មកពី​ខ្មែរ មាន​គុណភាព​ខ្ពស់ និង​ជា​អង្ករ​ក្រអូប របស់​កម្ពុជា​ពិតប្រាកដ​។​

ម៉ាក​សញ្ញា​អង្ករ “​ម្លិះ​អង្គរ​” របស់​កម្ពុជា​នឹងដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នា​ខែមីនា​ខាងមុខ​

​លោក​លើកឡើង​បន្តថា ម៉ាក​អង្ករ​នេះ បាន​ចុះបញ្ជី​ទទួលស្គាល់​នៅ​ក្រសួងពាណិជ្ជកម្ម និង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) នៅ​ឆ្នាំ​២០១៨ បានជា​ផ្លូវការ ហើយ​ឆ្នាំ​២០១៩ គឺ​រៀបចំ​នីតិវិធី ឥឡូវ​នីតិវិធី​ធ្វើ​រួចរាល់​អស់ហើយ​ដែល​អាចឱ្យ​រោង​ម៉ាស៊ីន ឬ​អ្នក​នាំចេញ អាចអនុវត្ត​យកទៅ​ប្រើ​បាន​។ ហើយ​ឥឡូវ​កំពុង​ជំរុញ​នៅ​ទីផ្សារ​ចិន ដោយសារ​អ្នក​ចែកចាយ​ក្រុមហ៊ុន​រដ្ឋ​របស់​ចិន​ធំ បាន​សហការ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដោយ​វេច​ខ្ចប់​ពី​កម្ពុជា​ទៅឱ្យ​ហើយ ។​

​សូមបញ្ជាក់ថា ម៉ាក​សញ្ញា ម្លិះ​អង្គរ ត្រូវបាន​សម្ពោធ​កាលពី​ខែមករា ឆ្នាំ​២០១៨ ក្រោម​ការចូលរួម​ជា​សាក្សី​ពី​ថ្នាក់ដឹកនាំ ស្ថាប័នរដ្ឋ​សំខាន់ៗ ស្ថាប័ន​អង្គការ​មិនមែន​រដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន ដៃគូ​អភិវឌ្ឍន៍ សមាជិក​សហព័ន្ធ និង សាធារណៈជន​ជាច្រើន​។ ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានអនុម័ត​យល់ព្រម​លើ​ផែនការអភិវឌ្ឍន៍ ម៉ាក​វិញ្ញាតកម្ម​នេះ ដោយ​រួមមាន​គម្រោង​ថវិកា ការផ្សព្វផ្សាយ ការចុះបញ្ជី​ជា​អន្តរជាតិ ដោយ​សហការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ត្រួតពិនិត្យ​គុណភាព​ក្នុង​ឆ្នាំ​២០១៨​។ គិត​ត្រឹម​បំណាច់​ឆ្នាំ​២០២០ កម្ពុជា បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ សម្រេចបាន​៧០​ម៉ឺន​តោន ដែល​គិត​ជា​ទឹកប្រាក់​សរុប ប្រមាណ​៤៧០​លាន​ដុល្លារ​៕​

ម៉ាក​សញ្ញា​អង្ករ “​ម្លិះ​អង្គរ​” របស់​កម្ពុជា​នឹងដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នា​ខែមីនា​ខាងមុខ​

ម៉ាក​សញ្ញា​អង្ករ “​ម្លិះ​អង្គរ​” របស់​កម្ពុជា​នឹងដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នា​ខែមីនា​ខាងមុខ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular