ឃាតករ ចាក់​សម្លាប់​នារី​វ័យក្មេង​ជា​សិស្សសាលា នៅ​ក្រុង​តាខ្មៅ ត្រូវ​ប្រឈមមុខ​ជាប់ពន្ធ​នាគារ​អស់​មួយជីវិត​

​​ដោយៈ​ស​រិ​ទ្ធ​/កណ្តាល​:​លោក ជួន វណ្ណៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នា​រសៀល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ នេះ បានសម្រេច​ឃុំខ្លួន​ឃាតករ​ឈ្មោះ ទូច សុជាតិ ហៅ អា​ដំរី ហៅ អា ម៉ាប់ អាយុ​៣៥​ឆ្នាំ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ពាក់ព័ន្ធ​ករណី​ចាក់​សម្លាប់​នារី​អាយុ​១៨​ឆ្នាំ ជា​សិស្សសាលា ។

​តាម​ប្រភពព័ត៌មាន បានអោយដឹងថា ឃាតករ​រូបនេះ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ ដែល​កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត ។

​អំពើ​ឃាតកម្ម នេះ កើតឡើង​នៅ​ចំណុច​បន្ទប់​ជួល​លេខ​៨ ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។

​ជនរងគ្រោះ​មានឈ្មោះ ផេង បញ្ញា ភេទ​ស្រី អាយុ​១៨​ឆ្នាំ​មុខរបរ​សិស្ស រៀន​នៅ​វិទ្យាល័យ​ហ៊ុនសែន​តាខ្មៅ មាន​ទីលំនៅ​បច្ចុប្បន្ន​កន្លែងកើតហេតុ ។​

​ឃាតករ​ដែល​ចាក់​សម្លាប់​ក្មេងស្រី​អាយុ​១៨​ឆ្នាំ បាន​សារភាព​ប្រាប់​សមត្ថកិច្ច ថា មូលហេតុ​ដែល​ខ្លួន​យក​កាំបិត​ចាក់​សម្លាប់​នារី​រងគ្រោះ ឱ្យស្លាប់​ក្នុង​ថ្លុកឈាម​នោះ ដោយសារតែ​ខ្លួន​ខ្លាច​ជាប់គុក ព្រោះ​នារី​រងគ្រោះ​បាន​គំរាមថា​នឹង​ប្រាប់​ឪពុកម្ដាយ​ឲ្យ​ដឹង​ពី​ករណី​ខ្លួន​រំលោភ​សេពសន្ថវៈ​កាលពី​៧​ថ្ងៃមុន ។

​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ បានអោយដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ស្នាក់នៅ​ក្នុង​បន្ទប់​ជាមួយ​ក្រុមគ្រួសារ​មាន​គ្នា​៥​នាក់ មាន​ឪពុក ម្តាយ និង ប្អូន​២​នាក់​ទៀត ។ លុះដល់​ម៉ោង​៦​ព្រឹក ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ ឪពុក ម្តាយ បាននាំគ្នា​ចេញទៅ​ធ្វើការ​រោងចក្រ និង​ប្អូនប្រុស​ចេញទៅ​រៀន ។

​ស្រាប់តែ​ម៉ោង​៧​ព្រឹក​ថ្ងៃ​ដដែល បងប្អូន​អ្នកជិតខាង​នៅ​ជិត​នោះ​ឮ​សម្លេង​ស្រែក នាំគ្នា​ទៅ​មើលឃើញ​ជនរងគ្រោះ​ដេក​ក្នុង​ថ្លុកឈាម​ក្នុង​បន្ទប់ មាន​ឃើញ​ស្នាម​ចាក់​ជាច្រើន​កាំបិត ក៏​នាំគ្នា​យក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ តែ​ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ ។

​ក្រោយ​រឿងហេតុ​នេះ សមត្ថកិច្ច​ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុក និង ឃាត់ខ្លួន​បាន​ឃាតករ ដែល​ធ្វើជា​មក​ទីតាំង​កើតហេតុ ដូច​គ្មាន​រឿង​អ្វី​កើតឡើង ៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular