សហគមន៍​ផ្តល់ជំនួយ​បន្ត​គាំទ្រ រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​សកម្មភាព​មីន​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ សហគមន៍​ផ្តល់ជំនួយ​នៅ​ព្រឹក​នេះ​បានប្រកាស​បន្ត​គាំទ្រ រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​សកម្មភាព​មីន តាមរយៈ​ត​ម្រោ​ង​បោសសម្អាត​មីន​នៅ​កម្ពុជា ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា ភិ​បាល​គម្រោង​បោសសម្អាត​មីន​ដំណាក់កាល​ទី​៤ ដែល​បានរៀបចំ​កាលពី​ព្រឹក ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ ។

​កិច្ចប្រជុំ​នេះ បាន​ដឹកនាំ​ប្រជុំ​ដោយ លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន ដែលមាន​ការអញ្ជើញ​ចូលរួម​ពី តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រទេស​ផ្តល់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍ នានា​ដូចជា UNDP តំណាង​ប្រទេស​អូស្ត្រាលី ទីភ្នាក់ងារ​សហ ប្រតិបត្តិការ​អន្តរជាតិ​សាធារណៈរដ្ឋ​កូរ៉េ (KOICA) និង​តំណាង​ប្រទេស​នូ​វែ​ល​សេ​ឡង់ ក្នុង​គោលបំណង​ពិនិត្យ​លើ​លទ្ធផល សម្រេចបាន​ក្នុង​ឆ្នាំ​២០២០​និង​ឯកភាព​លើ​ផែនការ សកម្មភាព​ឆ្នាំ​២០២១ ក្នុងការ​អនុវត្ត​គម្រោង​។​

​នាឱកាស​នោះ​ក្នុងនាម សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន លោក លី ធុជ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអនុវត្ត​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ដែល​បាន អនុវត្ត​ចាប់តាំងពី​ឆ្នាំ​២០០៦​រហូតដល់​ឆ្នាំ​២០២០ នេះ ដោយបាន​រំដោះ​ផ្ទៃដី និង​ផ្តល់​ដី​មាន សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ ២៥២ គីឡូម៉ែត្រ​ក្រឡា និង​មាន​ប្រជាពលរដ្ឋ ទទួលផល​ប្រមាណ​ជាង ១ លាន​នាក់​។

​លោក ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រទេស​ម្ចាស់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍ ដែល​បាន​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គម្រោង​ដំណាក់ កាល​ទី​៤ នេះ រួមមាន UNDP ប្រទេស​អូស្ត្រាលី សាធារណរដ្ឋ​កូរ៉េ និង​ប្រទេស​នូ​វែ​ល សេ​ឡង់​។

​លោក និ​ច បេ​រ៉េ​ស​ស្វត (Nick Beresford) តំណាង UNDP ប្រចាំ​កម្ពុជា បាន​អបអរសាទរ ចំពោះ​អាជ្ញាធរ​មីន ដែល​បាន​សហការ យ៉ាង​ជិតស្និទ្ធ​ជាមួយ UNDP ក្នុងការ​អនុវត្ត​ដោយ ជោគជ័យ​នូ​វត​ម្រោ​ង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល ក្នុង​រយៈពេល ជាង​១៥​ឆ្នាំកន្លងមក ហើយ រួមគ្នា​បន្តដំណើរ​ជួយសង្គ្រោះ​ជីវិត និង​រំដោះ​ដី​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។ ឆ្លៀត​ក្នុង ឱកាស នោះ លោក​ក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជ​រដ្ឋា ភិ​បាល​កម្ពុជា ដែល​បានទទួល​ជោ​ត ជ័យ ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩​។​

​តំណាង​ប្រទេស​អូស្ត្រាលី លោក ដេ​វិដ ប្លូច ( David Bloch )​លេខា​ទី​១ ស្ថានទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា បាន​សម្តែង​នូវ​ការ តាំ​ទ្រ​ដំណើការ​នៃ​ការអនុវត្ត​គម្រោង​និង​ភាពជឿជាក់ លើ​សមត្ថភាព​របស់​អា​ជ្ញា​ធរ​មីន និង​ការសម្របសម្រួល​ពី UNDP ក្នុង ការអនុវត្ត​គម្រោង ដំណាក់កាល ទី​៤​រហូតដល់​ឆ្នាំ​២០២៥​ដោយ​ជោគជ័យ​តាម​ផែន​ការដែល​បានគ្រោង​ទុក​។

​លោក អេ​លី​យូ​ត គ័​តុ​ន ( Elliott Kirton) លេខា​ទី​១ ស្ថានទូត​ប្រទេស​នូ​វែ​ល​សេ​ឡង់ ប្រចាំ នៅ​ប្រទេស​ថៃ ដែល​បាន​ចូលរួម​កិច្ចប្រជុំ តាម​ប្រព័ន្ធ Online បាន​សម្តែង​នូវ​ការពេញចិត្ត ចំពោះ​ការចូលរួម​ថវិកា​សម្រាប់​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា តាមរយៈ​គម្រោង បោសសម្អាត​មិន​ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​៤​។ តំណាង​ស្ថានទូត​សង្ឃឹមថា​នឹងមាន ឱកាស ចុះ ពិនិត្យ និង​សិក្សា​ស្វែងយល់​អំពី​តម្រូវការ​ចាំបាច់​បន្ថែម​ទៀត​ក្នុង​ប្រតិបត្តិការ បោសសម្អាត​មីន​នៅ​កម្ពុជា នា​ថ្ងៃ​ណាមួយ​។​

​ដោយឡែក លោក រូ ហ៊ី​យ​នយន (Rho Hyunyun) នាយក​ប្រចាំ​ប្រទេស​នៃ​ទីភ្នាក់ងារ សហប្រតិបត្តិការ​អន្តរជាតិ កូរ៉េ នៅ​កម្ពុជា បាន​បញ្ចាក់ អំពី​ការចូល​រួមជាមួយ​គម្រោង បោសសម្អាត​មីន​ដំណាក់កាល​ទី​៤ ជា​ថវិកា​ប្រមាណ ១០​លាន​ដុល្លារ​។ តំណាង KOICA បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មីន ដែល​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចូលរួម វគ្គ​បណ្តុះបណ្តាល​រៀបចំ ដោយ KOICA ដើម្បី​ផ្លាស់ប្តូរ​ចំនេះដឹង និង​បទពិសោធន៍​ជាមួយ បណ្តា​ប្រទេស​រង​ផលប៉ះពាល់​ដោយសារ​មីន និង សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក្នុង​ឆ្នាំ​២០១៩ កន្លងមក​។​

​សូមបញ្ជាក់ថា គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ដំណាក់កាល ទី​៤ មាន​រយៈពេល ៦​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២០ ដល់​២០២៥ ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ២០​លាន​ដុល្លារ សហរដ្ឋអាមេរិក ដោយ​ផ្តោតជាសំខាន់​ទៅលើ​លទ្ធផល​ធំៗ ចំនួន​បី ទី​១-​ការ​បោសសម្អាត មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ទី​២-​គាំទ្រ​សកម្មភាព​កិច្ចសង្គ្រោះ​ជនពិការ ការអប់រំ យល់ដឹង​អំពី​គ្រោះថ្នាក់​ដោយសារ​មីន និង​ការបញ្ជ្រាប​យេនឌ័រ និង​ទី​៣-​ពង្រឹងសមត្ថភាព ថ្នាក់ជាតិ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular