Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ប្រធាន​រដ្ឋា...

​ប្រធាន​រដ្ឋាករទឹក អះអាង​ពី​ការធានា​ផ្គត់ផ្គង់​ទឹកស្អាត ជូន​ពលរដ្ឋ បើទោះបី​ទឹកស្ទឹង​សង្កែ ស្រក​ខ្លាំង

​ដោយៈ គ្រញូង / បាត់ដំបង: ​លោក អ៊ុក ក្លឹង ប្រធាន​អង្គភាព​រដ្ឋាករទឹក​ខេត្តបាត់ដំបង បានបញ្ជាក់​ពី​ការធានា ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត ជូន​ពលរដ្ឋ​ថាៈ សព្វថ្ងៃ សមត្ថភាព នៃ​ការទាញយក​ទឹក របស់​ក្បាល​បូម ទាំងពីរ មក​ផលិត ក្នុង​១​ថ្ងៃ គឺ​បាន​ចំនួន ៣៣.៥២០ ម៉ែត្រគូប គឺ ស្ថានីយ​ទី​១ បាន ១១.៦២០ ម៉ែត្រគូប និង​ស្ថានីយ​ទី​២ បាន​ចំនួន ២២.០០០ ម៉ែត្រគូប​។ ដោយឡែក ការ​ចែកចាយ​ទៅតាម​លំនៅឋាន ជា​មធ្យម ក្នុង​១​ថ្ងៃ គឺ ២៧ .០០០ ម៉ែត្រគូប នៅក្នុង​រដូវ​ត្រជាក់ និង ២៩.០០០ ម៉ែត្រគូប នៅក្នុង​រដូវក្តៅ​។​

លោក អ៊ុក ក្លឹង ប្រធាន​រដ្ឋាករទឹក ខេត្តបាត់ដំបង

​លោក អ៊ុក ក្លឹង បាន​ឲ្យ​ដឹងថាៈ បញ្ហា​ដែល​ប្រឈម គឺ​នៅ​កន្លែង​ស្ថានីយ​ទី​១ ដែល​បច្ចុប្បន្ន ក្រុមការងារ​របស់​អង្គភាព បាន​ចុះ​ទប់ទឹក​ស្ទឹង ដើម្បី​ឲ្យ​ទឹក​មាន​កម្ពស់ កើនឡើង​ងាយស្រួល ក្នុងការ​បូម​យក​ទឹក របស់​ក្បាល​បូម​។ ផ្ទុយទៅវិញ បើ​ទីតាំង​នេះ មិនអាច​បូម​យក​ទឹក មក​ផលិត​បានទេ គឺ​ចាំបាច់​ត្រូវ​ត្រូវ​ប្រើប្រាស់ ក្បាល​បូម នៅ​ស្ថានីយ​ទី​២ ដើម្បី​បូម​យក​ទឹក មក​ផលិត និង​ចែកចាយ តាម​តម្រូវការ​របស់ ប្រជាពលរដ្ឋ ដោយ​គ្រាន់តែ​ស្ទើរ​បន្តិចបន្តួច តែប៉ុណ្ណោះ គឺ​មិន​ឲ្យ​ដាច់ ទឹក​ទាំងស្រុង​នោះឡើយ​។​

ទឹកស្ទឹង​សង្កែ ស្រក​ចុះ​ខ្លាំង​

​ចំណែក​លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​អះអាងថា លោក​មានការ​ត្រៀម​ជាស្រេច សម្រាប់​ទឹកស្ទឹង នា​រដូវប្រាំង​នេះ ដោយ ទីតាំង​សម្រាប់​ស្តុក​ទឹក មាន​ចំនួន​២​កន្លែង គឺ​ទំនប់​ក​ង្ហ​ត និង​ទំនប់​ពហុ​បំណង ដែល​ក្រុមការងារ​របស់លោក នឹង​បើក​ទម្លាក់​ចូលមកក្នុង​ស្ទឹង រហូត​មិន​ឲ្យ​ដាច់ទឹក ឡើយ​។ ម្យ៉ាងទៀត បើសិនជា​ទំនប់​ស្ទាក់​ទឹក សាលា​តា​អន ស្ថិតក្នុង​ស្រុក​ឯក​ភ្នំ សាងសង់​រួចរាល់ ជា​ស្ថាពរ បញ្ហា​ខ្វះ​ទឹក លែង​ចោទ​ជា បញ្ហា​ប្រឈម​ទៀតហើយ គឺអាច​រក្សា​ទឹក​កម្ពស់​ពី ១០ ទៅ ១៣ ម៉ែត្រ សម្រាប់​ឲ្យ​អង្គភាព​រដ្ឋាករទឹក បូម​យកទៅ​ប្រើប្រាស់ ខួប​ប្រាំង ខួប​វស្សា​៕V.mara

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular