ដោយ: ប.ជ័យ / បន្ទាយមានជ័យ: កន្លងមកកាសែតរស្មីកម្ពុជា ធ្លាប់បានបង្ហាញជូនប្រិយមិត្តអ្នកអានពីទីកំសាន្តធម្មជាតិនៅភ្នំបាក់នេះហលយដែរ។ ប៉ុន្តែពេលនេះ យើងសូមលើកមកបង្ហាញម្តងទៀត ដោយដកស្រង់ចេញពីស្រាវជ្រាវរបស់ “Heritage Diary. បេតិកភ័ណឌប្រចាំថ្ងៃ ” ដែលពន្លេចឡើងកាលពីថ្មីៗនេះ ។
ភ្នំបាក់ជាកូនភ្នំមួយក្នុងចំណោមក្រុមកូនភ្នំស្ថិតនៅកណ្តាលភូមិសាស្ត្រក្រុងសិរីសោភ័ណស្ថិតនៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យឬជាប់នឹងផ្លូវវាងក្រុងខាងជើងឬវិថី៧មករា ពីបំបែកផ្លូវជាតិលេខ៥សង្កាត់ទឹកថ្លាទៅកាត់សួនឧស្សាហកម្មសុីសូផុន ,សួនស្នេហ៍ជនបទទៅផ្លូវជាតិលេខ៥៦សង្កាត់កំពង់ស្វាយ។
ពេលលោកអ្នកបានអញ្ជើញទៅកំសាន្តនៅភ្នំបាក់ លោកអ្នកនឹងត្រូវទស្សនា ក៏ដូចជាផ្តិតរូបថតជាមួយនឹង៖ វគ្គ១៖ ល្អាងទ្វារប្រាំបី ។បានជាហៅថាទ្វារប្រាំបីព្រោះថា គេអាចចេញ និងចូលល្អាងនេះ តាមច្រកចំនួនប្រាំបី។ ល្អាងនេះ ធំជាងគេបង្អស់នៅភ្នំបាក់ និងមានលក្ខណៈពិសេសមួយចំនួន។ ដូចជា ក្នុងល្អាងមាន៖ អាសនៈតម្កល់ព្រះពុទ្ធរូប ព្រះចង្កូមកែវ អាងទឹក និងផ្តិលទឹកប្រកបដោយរចនាបទអស្ចារ្យ។ ក្នុងល្អាងដ៏ធំនេះ មានខ្យល់អុកស៊ីសែន អាចរស់នៅបាន។
ទំព័របេតិកភ័ណ្ឌប្រចាំថ្ងៃបានកត់ត្រាថា៖ មានគេរំឭកប្រវត្តិថា ព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ បានធ្លាប់ភៀសព្រះកាយព្រះអង្គមកគង់ប្រថាប់នៅក្នុងល្អាងទ្វារប្រាំបី នៃភ្នំបាក់ កាលពីសម័យប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត។ ប៉ុន្តែព័ត៌មាននេះ ទាមទារអោយអ្នកសិក្សា ស្រាវជ្រាវត្រូវជួយផ្ទៀងផ្ទាត់បន្ថែមទៀត ។
សូមបញ្ជាក់ដែរថា មុនថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ដែលជាថ្ងៃរដ្ឋាភិបាលចេញច្បាប់បង្កើតតំបន់បេតិកភណ្ឌធម្មជាតិភ្នំបាក់ តាមសំណើរបស់ក្រសួងបរិស្ថាន វត្តគិរីវង្សក្សេមក្សាន្ត (វត្តភ្នំបាក់ខាងលើ) ធ្លាប់មានរឿងរ៉ាវពាក់ព័ន្ធនឹងព្រះចៅអធិការវត្តនេះនាមស្រិល វណ្ណា មានរឿងអាស្រូវផ្លូវភេទ ដាច់អាបត្តិត្រូវបរាជិកព្រោះ”ឆាន់ពោត, ឬអ្នកស្រុករិះគន់ថា ពោតប្រល័យលោក”។
វត្តភ្ណំបាក់លើ ជាវត្តដែលដែលកសាងដោយជនជាតិខ្មែរ ហើយព្រះគ្រូចៅអធិការនុងព្រះសង្ឃជាខ្មែរ ហើយគ្រប់គ្រងផ្នែកខាងលើភ្នំទាំងអស់។
ដោយឡែក នៅភ្នំឥបាក់នេះ មានវត្តមួយទៀតនៅខាងក្រោម ទិសខាងត្បូងគឺវត្តភ្នំបាក់ក្រោមឬហៅវត្តលាវ ដោយសារសហគមន៍ជនជាតិខ្មែរដើមកំណើតលាវឬឡាវនៅភូមិភ្នំបាក់និងភូមិដីឡូតិ៍បានកសាង និងគោរពប្រណិបត្តិ។ ហើយព្រះសង្ឃជាជនជាតិខ្មែរដើមកំណើតលាវ។
ដោយឡែកមួយទៀត លោក ប្រាក់ សារ៉ាក់ ជាម្ចាស់គ្រឿងចក្រដែលមានលំនៅក្បែរភ្នំនេះ បានប្រាប់កាសែតរស្មីកម្ពុជាថា លោកក៏ទើបនឹងត្រួសត្រាយកសាងផ្លូវអាចបើកយានយន្តឡើងដល់ចង្កេះភ្នំបាក់នេះ ពីទិសខាងជើង។ ពោលគឺដើម្បីសម្រួលដល់ការធ្វ់ដំណើរឡើងកំសាន្ត និងគោរពសក្ការៈរបស់ភ្ញៀវ៕