ដោយៈ ជា សីហៈ/ភ្នំពេញៈ កីឡាករចំនួន៦៤នាក់ មកពី១៧ក្លឹបពីរាជធានីខេត្តនានា កំពុងតែចូលរួមប្រកួតប្រជែងជើងឯក នៅក្នុងការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើង ឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលបានបើកការប្រកួតតាំងតែព្រឹកថ្ងៃទី៥នៅក្លឹបសេះខៀវ រាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានឲ្យដឹងថា កីឡាករដែលចូល រួមចំនួន៦៤នាក់នេះ មកពីក្លឹបចំនួន១៧ ដោយ៧ក្លឹបមកពីខេត្តចំនួន៧ និង១០ក្លឹបទៀត នៅរាជធានីភ្នំពេញ ក្រោមការរៀបចំដោយសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា និងទទួលបាន ថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា នៃគម្រោងថវិកា៣មុខសញ្ញា គឺរដ្ឋបាល ២០% ការបណ្តុះបណ្តាល ៣៥% និងការប្រកួត ៤៥%។ សហព័ន្ធបានចាត់ទុកថា ការប្រកួតនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹង និងលើកស្ទួយវិស័យកីឡាអុកចត្រង្គ ដែលជាកេរ្តិ៍មរតកដូនតាខ្មែរ ដើម្បីបន្តការអភិរក្ស និងអភិវឌ្ឍប្រភេទកីឡាប្រពៃណី វប្បធម៌ជាតិមួយនេះទាំងថ្នាក់ជាតិ ក៏ដូចជាអន្តរជាតិ ជាពិសេសគឺសម្រួចគោលដៅ ឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ផងដែរ។
លោក ឃាង ពីវ អនុប្រធានសព័ន្ធកីឡាអុកចត្រង្គកម្ពុជាលើកឡើងថា នេះជាលើកទី៣ ដែលសហព័ន្ធបានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនេះឡើងនៅក្នុងគោលបំណងបណ្តុះ បណ្តាលធនធានកីឡាករ ដើម្បីបង្កើនសមត្ថភាពដល់កីឡាករ និងកីឡាការិនីឲ្យកាន់ តែល្អប្រសើរបន្ថែមទៀត។
តាមការគ្រោងទុក ការប្រកួតនេះនឹងត្រូវបញ្ចប់នៅថ្ងៃទី ០៧ ខែ មករា ស្អែកនេះ ៕/PC