ដោយៈ អូរស្មាច់ / ឧត្តរមានជ័យៈ អាជ្ញាធរខេត្តឧត្តរមានជ័យ (កម្ពុជា) និងអាជ្ញាធរខេត្តសុរិន្ទ (ថៃ) ដែលជាខេត្តនៅជាប់ព្រំដែនគ្នា បានជួបពិភាក្សាការងារ ពង្រឹងចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបន្តរួមសហការ ទប់ស្កាត់បទល្មើស ខុសច្បាប់ ឆ្លងដែន ។ ក្នុងជំនូបពិភាក្សា នៅបរិវេណមាត់ច្រកទ្វារ ព្រំដែនអន្តរជាតិ អូរស្មាច់-ឆងចម នារសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ រវាងអាជ្ញាធរខេត្ត ទាំងពីរនេះ គឺភាគីកម្ពុជា ដឹកនាំដោយលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ។ ឯភាគីអាជ្ញាធរថៃ ដឹកនាំដោយលោក ស៊ុវ៉ៈផុង គិទិផាត់ភិប៊ូន អភិបាលខេត្តសុរិន្ទ។
មន្ត្រីខាងភាគីកម្ពុជា បានបញ្ជាកោ់្យដឹងថាៈ ក្នុងកិច្ចជំនូបពិភាក្សាការងារ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាពនេះ ជាលទ្ធផល ភាគីទាំងពីរ បានឯកភាព បន្តរួមសហការគ្នា ទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ឆ្លងដែន បន្តសហការ និងសម្របសម្រួល ដល់ការឆ្លងព្រំដែន នូវទំនិញចេញចូល មានលក្ខណៈពាណិជ្ជកម្ម ឲ្យស្របតាមបទដ្ឋាន បច្ចេកទេសត្រឹមត្រូវ នៃប្រទេសទាំងពីរ គឺប្រគល់ឱ្យសមត្ថកិច្ចគយ ប្រចាំតំបន់ច្រក បន្តមុខការ ហើយក្រៅពីនេះ អាជ្ញាធរទាំងពីរ បានប្តេជ្ញាបន្តរួមគ្នា ទប់ស្កាត់ការឆ្លងព្រំដែន ខុសច្បាប់ របស់ប្រជាពលរដ្ឋ ពិសេសការឆ្លងព្រំដែន ចូលកាប់ឈើ ការលួចនាំចេញ នូវរថយន្តខុសច្បាប់ និងរួមបន្តទំនាក់ទំនង និងផ្តល់ព័ត៌មានគ្នា ទៅវិញទៅមក ជាប់ជាប្រចាំ៕/V