​ដោយៈ ដេប៉ូ / ភ្នំពេញៈ កិច្ចប្រជុំ​មួយ ស្ដីពី​លទ្ធផល នៃ​ការអភិវឌ្ឍ កម្មវិធីសិក្សា តាម​ប្រព័ន្ធ​អេឡិចត្រូនិក លើ​ទូរ​សព្ទ Android និង iOS ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ក្រោម​កិច្ច​សហការគ្នា រវាង​ក្រសួង​អប់រំ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ។​

​ពិធី​នេះ បាន​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង​អប់រំ ដោយមាន​ការចូលរួម ពី​សំណាក់​លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា ។​

បើក​កិច្ចប្រជុំ ស្ដីពី​លទ្ធផល នៃ​ការអភិវឌ្ឍន៍​កម្មវិធី​សិក្សា តាម​ប្រព័ន្ធ​អេឡិចត្រូនិក លើ​ទូរ​សព្ទ Android និង iOS

​គួរ​បញ្ជាក់ថា កម្មវិធីសិក្សា តាម​ប្រព័ន្ធ​អេឡិចត្រូនិក តាម​ទូរស័ព្ទ​នេះ ផ្ដល់​ដល់​គ្រូបង្រៀន និង​សិស្សានុសិស្ស​នូវ ៖
១-​វីដេអូ​សិក្សា​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ ។
២-​សៀវភៅ​សិក្សា អេឡិចត្រូនិក ដូចជា សៀវភៅ​សិក្សា​គោល ចំណេះដឹង​ទូទៅ រឿងនិទាន និង​សៀវភៅ ភាសា​បវរ​ទេស ជាដើម​។​
៣-​កម្មវិធី​តេស្ត សមត្ថភាព​សិស្ស (Quiz) ។ ៤-​ទំព័រ​ព័ត៌មាន​អប់រំ ។​

បើក​កិច្ចប្រជុំ ស្ដីពី​លទ្ធផល នៃ​ការអភិវឌ្ឍន៍​កម្មវិធី​សិក្សា តាម​ប្រព័ន្ធ​អេឡិចត្រូនិក លើ​ទូរ​សព្ទ Android និង iOS

​ដោយឡែក មុខងារ​ផ្សេងៗ របស់​កម្មវិធី​មាន​៖
១-​រាល់​វីដេអូ​សិក្សា និង​សៀវភៅ អាច​ទាញយក (Download) ទុក​ក្នុង​ទូរស័ព្ទ​សម្រាប់​ប្រើប្រាស់​ពេល​ទូរស័ព្ទ​មិន​ភ្ជាប់​អ៊ីនធឺណិត (Offline) ។
២-​ឯកសារ​មេរៀន នៅ​ភ្ជាប់​ជាមួយ​វីដេអូ​នីមួយៗ សម្រាប់​ជា​ជំនួយ ដល់​សិស្ស និង​អាច​ទាញយក មកប្រើប្រាស់​បាន ។​
៣-​វេទិកា​សំណួរចម្លើយ នៅក្រោម​វីដេអូ​សិក្សា​នីមួយៗ ។​
៤-​អាច​ប្រើប្រាស់​បាន ៥ គណនី លើ​ទូរស័ព្ទ​តែមួយ ។
៥-​តារាង​កាលវិភាគ សិក្សា​ផ្ទាល់ខ្លួន និង​រំឭក​ពេល ដល់​ម៉ោង​សិក្សា ។​
៦-​ការតាមដាន ចំនួន​ដង នៃ​ការប្រើប្រាស់​កម្មវិធី ភាគរយ​សិក្សា តាម​មុខវិជ្ជា និង​តាម​មេរៀន និង​តាម​លទ្ធផល​តេស្ត​។​

បើក​កិច្ចប្រជុំ ស្ដីពី​លទ្ធផល នៃ​ការអភិវឌ្ឍន៍​កម្មវិធី​សិក្សា តាម​ប្រព័ន្ធ​អេឡិចត្រូនិក លើ​ទូរ​សព្ទ Android និង iOS

​ក្នុង​កិច្ចប្រជុំ​នេះដែរ មានការ​ធ្វើ​បទ​បង្ហាញ អំពី​កម្មវិធី ដោយ​ក្រុមការងារ​អភិវឌ្ឍន៍ កម្មវិធី​ជូន​ថ្នាក់ដឹកនាំ និង​បាន​បើក​ការពិភាក្សា លើ​ដំណើរការ បញ្ចូល​មាតិកា​អប់រំ​នានា របស់​ក្រសួង ទៅក្នុង​កម្មវិធី កំណត់​ឈ្មោះ​ផ្លូវការ របស់​កម្មវិធី ការ​រក្សាទុក​ទិន្នន័យ របស់​កម្មវិធី ការចុះឈ្មោះ​កម្មវិធី ទៅក្នុង​ប្រព័ន្ធ ប្រតិបត្តិការ Android និង iOS ដើម្បី​ដាក់ឱ្យ​ប្រើប្រាស់ និង​ត្រួតពិនិត្យ លើ​លក្ខន្តិកៈ នៃ​ការប្រើប្រាស់​កម្មវិធី ដោយមាន​ការសម្របសម្រួល ដោយ​នាយកដ្ឋាន បច្ចេកវិទ្យា​ព័ត៌មាន និង​ប្រមូល​ធាតុ​ចូល ពី​នាយកដ្ឋាន​ជំនាញ មានដូចជា នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ កិច្ចការ​ប្រឡង បឋមសិក្សា អប់រំ​កុមារ​តូច អប់រំ​ក្រៅ​ប្រព័ន្ធ អប់រំ​ពិសេស ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​អប់រំ អភិវឌ្ឍ​កម្មវិធីសិក្សា និង​គ្រឹះស្ថាន​បោះពុម្ព និង​ចែក​ផ្សាយ​។​

បើក​កិច្ចប្រជុំ ស្ដីពី​លទ្ធផល នៃ​ការអភិវឌ្ឍន៍​កម្មវិធី​សិក្សា តាម​ប្រព័ន្ធ​អេឡិចត្រូនិក លើ​ទូរ​សព្ទ Android និង iOS

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ លោក បណ្ឌិត សភាចា​រ្យ​រដ្ឋមន្ត្រី ហង់​ជួនណា​រ៉ុ​ន ក៏បាន​សម្តែង​អំណរគុណ ជូន​ចំពោះ​លោក ហ៊ុន ម៉ា​នី និង​ក្រុមការងារ​អភិវឌ្ឍន៍ កម្មវិធី​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង ក្នុងការ​បង្កើត​កម្មវិធី​នេះ​ឡើង ស្រប​ពេលដែល វិស័យ​អប់រំ កំពុងមាន​តម្រូវការ​ខ្លាំង លើ​ការសិក្សា តាម​ប្រព័ន្ធ អេឡិចត្រូនិក ដោយសារ​រង​ផលប៉ះពាល់ ដោយសារ​វិបត្តិ​កូ​វីត​-១៩ និង​ស្របតាម​ចក្ខុវិស័យ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​លើកកម្ពស់ ការអប់រំ​បែប​ឌីជីថល​៕/V


បើក​កិច្ចប្រជុំ ស្ដីពី​លទ្ធផល នៃ​ការអភិវឌ្ឍន៍​កម្មវិធី​សិក្សា តាម​ប្រព័ន្ធ​អេឡិចត្រូនិក លើ​ទូរ​សព្ទ Android និង iOS