ដោយៈ រ៉ាម៉ន / ភ្នំពេញៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងលោកស្រី បានប្រគល់អង្ករ ចំនួន ១៤០ តោន ជូនដល់ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១៤ ដើម្បីទុកចែកជូនលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត រួមមាន ជនពិការ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រ មានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ទុរគតជន នៅតាមសហគមន៍ និងជាពិសេសជូនប្រជាពលរដ្ឋ ដែលជួបផលប៉ះពាល់ ក្នុងដំណាក់កាល នៃការរីករាលដាល ជំងឺកូវីដ-១៩។
ក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយមនុស្សធម៌ ជាអង្ករ ជូនអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង ១៤ នេះ បានធ្វើឡើង នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងលោកស្រី នៅទីស្នាក់ការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។
លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ សម្រាប់ពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់អំណោយ មនុស្សធម៌ជាអង្ករ ជូនអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្នុងមួយអនុសាខា ទទួលបានអង្ករ ចំនួន ១០ តោន។ អង្ករដែលបាន ប្រគល់ជូន គឺសម្រាប់ទុកចែក ជូនលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត រួមមាន ជនពិការ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រ មានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ /ជំងឺអេដស៍ ទុរគតជននៅតាមសហគមន៍ និងជាពិសេស ជូនប្រជាពលរដ្ឋ ដែលជួបផលប៉ះពាល់ ក្នុងដំណាក់កាល នៃការរីករាលដាល ជំងឺកូវីដ-១៩ នៅតាមបណ្តាខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ។
ចំពោះអំណោយដ៏ថ្លៃថ្លា របស់សម្តេចនេះ លោកស្នើឱ្យអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌទាំង១៤ មេត្តាជួយផ្តល់ឱ្យដល់ដៃ ប្រជាពលរដ្ឋ តាមរយៈការ ចុះសួរសុខទុក្ខ តាមខ្នងផ្ទះ ដោយជៀសវាង ការជួបជុំ ក្នុងទ្រង់ទ្រាយធំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកបានបន្តថាៈ សម្តេចប្រធាន តែងតែយកចិត្តទុកដាក់ និងគិតគូរឥតឈប់ឈរ ចំពោះសុខទុក្ខ សុខសុវត្ថិភាព ជីវភាពរស់នៅ និងការលំបាករបស់ ប្រជាពលរដ្ឋទាំងអស់ ទូទាំងប្រទេស ជាពិសេស ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយឧបទ្ទវហេតុផ្សេងៗ។
លោកបានបន្តទៀតថាៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូដល់ បងប្អូនប្រជាពលរដ្ឋ ដោយមិនទុកឱ្យបងប្អូន ប្រជាពលរដ្ឋណាមួយ អត់បាយ និងវេទនាក្នុងជីវិតរស់នៅ ក្នុងសង្គមកម្ពុជា យើងឡើយ។ ភាពឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចទាំងទ្វេ បាននាំឱ្យប្រទេសកម្ពុជា ស្ថិតក្នុងស្ថេរភាព នយោបាយ មានសន្តិភាព ពេញបរិបូរណ៍ ទប់ស្កាត់បានទាន់ពេលវេលា នូវជំងឺឆ្លងជំងឺកូវីដ-១៩ និងមានការរីកចម្រើន លើគ្រប់វិស័យ ដោយទទួលបានកំណើនសេដ្ឋកិច្ច លើគ្រប់វិស័យ។
លោក ឃួង ស្រេង បានបញ្ជាក់ថាៈ ក្រោមការចង្អុលបង្ហាញជាប្រចាំពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីឆ្លើយតប ចែករំលែក ការលំបាក របស់បងប្អូន ប្រជាពលរដ្ឋ និងបានបំពេញ នូវបេសកកម្មមនុស្សធម៌ជាច្រើន ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ដែលបានកើតមាន ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដូចជា គ្រោះអគ្គិភ័យ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត បាក់ច្រាំងទន្លេ គ្រោះថ្នាក់ចរាចរណ៍ និងប្រជាពលរដ្ឋ ដែលជួបការលំបាកខ្លាំង ក្នុងដំណាក់កាល រីករាលដាល នៃជំងឺកូវីដ-១៩ ជាដើម ស្របតាមទិសស្លោក “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។ គណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១៤ ត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងការតាមដាន ប្រជាពលរដ្ឋ ដែលខ្វះខាត ទីទ័លក្រ លោកតា លោកយាយ ចាស់ជរាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ /ជំងឺអេដស៍ ជនរងគ្រោះ និងជនងាយរងគ្រោះផ្សេងៗ ដោយមិនត្រូវទុកនរណា ឬប្រជាពលរដ្ឋណាមួយ ឱ្យអត់បាយស្លាប់ឡើយ៕/V