សិង , សិង្ហ , សិង្ហល , ម្សិលម្ង៉ៃ , ម្សិលម្ង៉ៃមួយនាយ​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

សិង​
(​សឹង​)
​កិរិយាសព្ទ​
( សំ​. ឝី ឬ ឝី​ង​; បា​. សិ ឬ សី ) ដេក ។ ខ្មែរ​ប្រើ​ចំពោះតែ​ជា​សមណសព្ទ​
​លោក​សិង (​បព្វជិត​ដេក​) ។​

​សិង្ហ​
(​សឹង​)
​នាមសព្ទ​
( សំ​. សឹ​ហ​; បា​. សីហ ) សីហៈ ឬ​តោ ( បារ​. លី​យ៉ុង Lion ) ។ អ្នកខ្លះ​យល់ថា សិង្ហ​ដោយ​ខ្លួន តោ ដោយ​ខ្លួន​, ចួនកាល​ហៅ​រួម​ថា សិង្ហតោ យល់ថា សិង្ហ និង តោ​; តាម​សេចក្ដី​ពិត សិង្ហ ឬ សីហៈ ប្រែ​ថា តោ មិនមែន​ទីទៃ​ពីគ្នា​ទេ​, ប៉ុន្តែ​ជាង​រាល់​ប្រទេស​ច្រើន​ធ្វើ​រូប​ក្លាយ​ផ្សេងៗ​ពីគ្នា ក៏​នាំ​ឲ្យ​មាន​អ្នក​យល់ថា សិង្ហ ឬ សីហៈ ទីទៃ​ពី តោ ( ម​. ព​. សីហៈ ឬ សីហ៍ ផង ) ។​

​សិង្ហល​
(​សិងហល់​)
​នាមសព្ទ​
(​សំ​. សឹ​ហល​; បា​.​សីហល ឬ សីហឡ ) លង្កា​; ជាតិ​មនុស្ស​អ្នក​នៅក្នុង​កោះ​លង្កា​
​កោះ​សិង្ហល​; ជាតិ​សិង្ហល​, អ្នក​សិង្ហល (​ម​. ព​. លង្កា ផង​) ។​បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. សិង​-​ហៈ​ល៉ៈ​, ដូចជា សិង្ហលទ្វីប កោះ​សិង្ហល (​កោះ​លង្កា​) សព្វថ្ងៃនេះ​ហៅ ឝ្រី​លង្កា (​ស្រីលង្កា​) ។ សិង្ហលភាសា ភាសា​អ្នក​សិង្ហល (​សម្ដី​អ្នក​លង្កាទ្វីប​) ។​

​ម្សិលម្ង៉ៃ​
​និបាតសព្ទ​
​ពាក្យ​និបាត​ប្រាប់​វេលា​ក្នុង​ថ្ងៃមួយ​មុន​ថ្ងៃ​ម្សិល ( ម្សិល​មួយថ្ងៃ គឺ​ថ្ងៃទី​៣ មុន​ថ្ងៃនេះ )
​ពី​ម្សិលម្ង៉ៃ ខ្ញុំ​មិនបាន​ទៅធ្វើ​ការ​ទេ ។​

ម្សិលម្ង៉ៃមួយនាយ​
​និបាតសព្ទ​
​ពាក្យ​និបាត​ប្រាប់​វេលា​ក្នុង​ថ្ងៃមួយ​មុន​ថ្ងៃ​ម្សិលម្ង៉ៃ ( ថ្ងៃទី ៤ មុន​ថ្ងៃនេះ )
​គាត់​ចាប់ឈឺ​ពី​ម្សិលម្ង៉ៃមួយនាយ ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular